អន្តរជាតិ
មី​យ៉ាន់​ម៉ា រៀបចំ​ការបោះឆ្នោត​នៅ​ខែវិច្ឆិកា ខណៈ​បក្ស​របស់​លោកស្រី ស៊ូ​ជី រំពឹង​បន្ត​ឈ្នះឆ្នោត​
02, Jul 2020 , 10:04 am        
រូបភាព
ពលរដ្ឋមីយ៉ាន់ម៉ាទម្លាក់សន្លឹកឆ្នោតក្នុងការបោះឆ្នោតកន្លងមក។ រូបភាព AFP
ពលរដ្ឋមីយ៉ាន់ម៉ាទម្លាក់សន្លឹកឆ្នោតក្នុងការបោះឆ្នោតកន្លងមក។ រូបភាព AFP
​មី​យ៉ាន់​ម៉ា នឹង​រៀបចំ​ការបោះឆ្នោត​ទូទៅ​នៅ​ខែវិច្ឆិកា​ខាងមុខ ស្រប​ពេលដែល​ស្ថានភាព​ជំងឺ COVID-19 ក្នុងប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ ត្រូវ​មើលឃើញថា ស្ថិតក្រោម​ការគ្រប់គ្រង​។ បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី រំពឹង​ឈ្នះឆ្នោត​ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​។ ប៉ុន្តែ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា ដែល​បំបាក់មុខ​លោកស្រី ស៊ូ​ជី លើ​ឆាក​អន្តរជាតិ ទំនង​ធ្វើ​ឲ្យ​ការគាំទ្រ​អាច​ធ្លាក់ចុះ​ធៀប​ការបោះឆ្នោត​ឆ្នាំ​២០១៥ ។​

 
​គណៈកម្មការ​រៀបការ​បោះឆ្នោត​សហភាព​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១ ខែកក្កដា បានកំណត់​កាលបរិច្ឆេទ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា​ខាងមុខ​។ ការបោះឆ្នោត​នេះ ក៏​កំណត់​មេដឹកនាំ​ប្រទេស​ថ្មី​ផងដែរ​។ 
 
​ក្នុងការ​បោះឆ្នោត​លើក​នេះ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​មី​យ៉ាន់​ម៉ា​ប្រកាសថា កៅអី​សមាជិកសភា​ជាន់ខ្ពស់​ចំនួន​១៦៨ នឹងត្រូវ​ដាក់​ឲ្យ​ប្រជែង ខណៈ​កៅអី​សម្រាប់​ប្រជែង​នៅ​សភា​ជាន់​ទាប​មាន​ចំនួន​៣៣០ ។ បើ​បូក​ទាំង​កៅអី​សភា​នៅ​នៅតាម​រដ្ឋ និង​តំបន់​នានា កៅអី​សរុប​ដែល​ដាក់​ឲ្យ​ប្រជែង​មាន​ចំនួន​១១៧១ ។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​មី​យ៉ាន់​ម៉ា Myanmar Times ។​
 
​ការបោះឆ្នោត​នេះ ត្រូវបាន​មើលឃើញថា ជាការ​ធ្វើតេស្ត​ការដឹកនាំ​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​។ ប្រជាប្រិយភាព​លោកស្រី ស៊ូ​ជី ដែល​ត្រូវបាន​ចាត់ទុកជា​ពន្លឺ​ក្ដីសង្ឃឹម​របស់​ពលរដ្ឋ​មី​យ៉ាន់​ម៉ា នៅតែមាន​កម្រិត​ខ្ពស់​ដដែល បើទោះជា​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ​ង​ការរិះគន់​ខ្លាំង​លើ​សំណុំរឿង​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ដែល​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​យោធា​ក្ដី​។​
 
​លោកស្រី ស៊ូ​ជី បាន​ចេញមុខ​ដោយផ្ទាល់​ការពារ​មុខមាត់​របស់​មី​យ៉ាន់​ម៉ា​នៅឯ​តុលាការអន្តរជាតិ​ឡាអេ ក្រោយ​រង​បណ្ដឹង​របស់​ប្រទេស​អាហ្វ្រិក​ហ្កំ​ប៊ី​ដែល​តំណាង​ឲ្យ​ប្រទេស​មូស្លីម​ពាក់ព័ន្ធ​អំពើ​អមនុស្សធម៌​នៅ​រដ្ឋ Rakhine ។ កាលនោះ ប្រជាជន​មី​យ៉ាន​ម៉ា​ភាគច្រើន បាន​គាំទ្រ​រដ្ឋាភិបាល​ក្នុងការ​តទល់​នឹង​ក្ដីក្ដាំ​នេះ​។ 
 
​គណបក្សកាន់អំណាច រំពឹង​រក្សា​សំឡេង​ភាគច្រើន​ក្នុង​សភា​ទាំងពីរ​ដដែល ប៉ុន្តែ​គេ​ក៏​មើលឃើញថា សំឡេង​ភាគច្រើន​នេះ អាច​ធ្លាក់ចុះ​ផងដែរ​ដោយសារ​បញ្ហា​សេដ្ឋកិច្ច និង​ទំនាក់​ទំនងជា​មួយក្រុម​ភាគតិច​ក្នុងប្រទេស​។ គូប្រជែង​សំខាន់​របស់ NLD គឺ​បក្ស​សហភាព​រួបរួម និង​អភិវឌ្ឍ​ដែល​គាំទ្រ​ដោយ​យោធា​។ ការថយចុះ​កៅអី នឹងធ្វើ​ឲ្យ​ការកែ​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​ដែល​តាក់តែង​ដោយ​យោធា កាន់តែ​ពិបាក​ថែមទៀត ខណៈ​រដ្ឋធម្មនុញ្ញ​នេះ​ផ្ដល់​ឲ្យ​យោធា​នូវ​កៅអី​សភា​២៥​ភាគរយ​ដោយ​ស្វ័យប្រវត្តិ​ទៅហើយ​៕  
 
 

Tag:
 មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី
© រក្សាសិទ្ធិដោយ thmeythmey.com