អន្តរជាតិ
បាតុករហុងកុងប្រមាណ១០នាក់ ត្រូវចោទប្រកាន់ពីបទបំពានច្បាប់សន្តិសុខជាតិថ្មី បាតុករហុងកុង ត្រូវប៉ូលិសហុងកុងចាប់ខ្លួន។ រូបភាព៖ AP
× ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ គឺជាថ្ងៃខួបលើកទី២៣ ដែលអង់គ្លេសប្រគល់ហុងកុងមកឲ្យចិន ហើយវាក៏ជាថ្ងៃច្បាប់សន្តិសុខជាតិហុងកុងចូលជាធរមានដែរ។ ប្រជាជនហុងកុងជាច្រើនពាន់នាក់ បានចេញមកបាតុកម្មជុំវិញច្បាប់សន្តិសុខជាតិហុងកុងនេះ និងប្រារព្ធខួបលើកទី២៣ផង។ មនុស្សប្រមាណជា ៣៧០នាក់ត្រូវប៉ូលិសចាប់ខ្លួន ខណៈមនុស្សយ៉ាងហោចណាស់ ១០នាក់ត្រូវជាប់ចោទពីបទល្មើសក្រោមច្បាប់សន្តិសុខជាតិថ្មី។
នៅក្នុងថ្ងៃខួបលើកទី២៣ ដែលអង់គ្លេសប្រគល់ហុងកុងមកឲ្យចិន ប៉ូលិសហុងកុង បានហាមឃាត់ការជួបប្រជុំទាំងឡាយនៅក្នុងទីក្រុង ដោយផ្អែកទៅលើហេតុផលទប់ស្កាត់ និងបង្ការជំងឺរាតត្បាត ដែលបង្កដោយ COVID-19។ ប៉ុន្តែហេតុផលនេះ គ្រាន់តែជាហេតុផលមួយផ្សេងរបស់អាជ្ញាធរ ដើម្បីការពារមិនឲ្យមានការជួបប្រជុំ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងច្បាប់សន្តិសុខជាតិតែប៉ុណ្ណោះ។
បាតុកម្មនៅទីក្រុងហុងកុងក្នុងថ្ងៃនេះ បាតុករជាច្រើនបានកាន់ទង់ជាតិហុងកុង ទង់បំបែកទឹកដីហុងកុង ឯបាតុករបិទផ្លូវខ្លះនៅក្នុងទីក្រុងជាដើម។ បាតុករយ៉ាងតិច៣៧០នាក់ ត្រូវចាប់ខ្លួន ហើយក្នុងចំណោមនោះ មានមនុស្សយ៉ាងហោចណាស់ ១០នាក់ ត្រូវចោទពីបទបំពាននឹងច្បាប់សន្តិសុខជាតិ ដែលទើបតែចូលជាធរមានក្តៅៗនៅក្នុងទីក្រុង។ ចំណែកប៉ូលិសហុងកុងចំនួន ៧នាក់ក៏រងរបួស ដោយសារក្រុមបាតុករដែរ។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post។
បាតុករហុងកុងស្រី ២នាក់ និងប្រុស ១នាក់ ត្រូវប៉ូលិសចាប់ខ្លួន។ រូបភាព៖ AP
ច្បាប់សន្តិសុខជាតិហុងកុង គឺជាច្បាប់ការពារសិទ្ធិមនុស្ស ការពារគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» និងរក្សាស្ថិរភាពរបស់ហុងកុង។ រាប់ចាប់ពីមន្ត្រីជាន់ខ្ពស់ចិន រហូតដល់មន្ត្រីជាន់ខ្ពស់ហុងកុង បានលើកឡើងបែបនេះ ដើម្បីការពារច្បាប់សន្តិសុខជាតិ ដែលត្រូវបានប្រទេសជាច្រើនរិះគន់ថា រឹតបន្តឹងសិទ្ធិសេរីភាពហុងកុង។ ជាក់ស្តែង លោកZhang Xiaoming នាយករងនៃការិយាល័យកិច្ចការទីក្រុងម៉ាកាវ និងហុងកុងរបស់រដ្ឋាភិបាលចិន បានលើកឡើងនៅក្នុងសន្និសិទកាសែតនាថ្ងៃទី១ ខែកក្កដា ច្បាប់សន្តិសុខជាតិហុងកុង គឺជាបញ្ហាក្នុងស្រុករបស់ចិនសុទ្ធសាធ ហើយបរទេសគ្មានសិទ្ធិជ្រៀតជ្រែកឡើយ។
ចំណែកលោកស្រី ការី ឡាំ ប្រធានប្រតិបត្តិក្រុងហុងកុង បានអះអាងថា ច្បាប់សន្តិសុខជាតិហុងកុង គឺជាច្បាប់ស្តារស្ថិរភាពហុងកុងឡើងវិញ ហើយច្បាប់នេះទៀតសោត ផ្តោតតែទៅលើមនុស្សតែមួយក្រុមតូចប៉ុណ្ណោះ។
ប្រទេសមួយចំនួន ដូចជាអាមេរិកជាដើម យល់ថាច្បាប់ថ្មីនេះ គឺជាការបំផ្លាញសិទ្ធិសេរីភាពរបស់ប្រជាជន។ ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានទទូចឲ្យប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ចាត់វិធានការបន្ថែមលើទៅចិន តាមរយៈច្បាប់២០១៩ ដែលត្រូវបានអនុម័ត ដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីចិន។ បើតាមលោកស្រី Pelosi រដ្ឋាភិបាលអាមេរិក ត្រូវពិចារណាពីជម្រើសទាំងអស់ ដែលអាមេរិកមាន ដូចជាការរឹតត្បិតទិដ្ឋាការ ឬទណ្ឌកម្មសេដ្ឋកិច្ចជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com