ជាតិ
សង្គមជាតិ
អ្នកខ្លះ ប្រដូចរូបភាពប៉ូលិសខ្មែរសង្កត់កជនល្មើសគ្រឿងញៀន ទៅនឹងរូបភាពប៉ូលិសអាមេរិកសង្កត់កបុរសស្បែកខ្មៅ
02, Jul 2020 , 12:00 pm        
រូបភាព
ទិដ្ឋភាពប៉ូលិសខ្មែរ សង្កត់ករជនសង្ស័យគ្រឿងញៀន (ខាងឆ្វេងដៃ) និងទិដ្ឋភាពប៉ូលិសអាមេរិក សង្កត់ក George Floyd ជាបុរសស្បែកខ្មៅ
ទិដ្ឋភាពប៉ូលិសខ្មែរ សង្កត់ករជនសង្ស័យគ្រឿងញៀន (ខាងឆ្វេងដៃ) និងទិដ្ឋភាពប៉ូលិសអាមេរិក សង្កត់ក George Floyd ជាបុរសស្បែកខ្មៅ
ពីរ-បីថ្ងៃនេះ មានការចែករំលែកតៗគ្នា នូវរូបភាពនគរបាល ចាប់បុរសឈ្មោះ វ៉េ ឡុងរាជ ជាមួយម៉ូតូម៉ាក Suzuki Smash-V ពណ៌ខ្មៅ នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយសង្ស័យថា រូបគេ ទទួលយកគ្រឿងញៀន ពីជនសង្ស័យម្នាក់ទៀត តែជនសង្ស័យម្នាក់នោះ បានរត់គេចខ្លួនរួចពីនគរបាល។



រូបភាពនោះ បង្ហាញពីនគរបាល សង្កត់កបុរសឈ្មោះ វ៉េ ឡុងរាជ ដោយជង្គង់ខាងស្តាំ ឯជង្គង់ខាងឆ្វេង សង្កត់នៅត្រង់ចង្កេះបុរសនោះ ខណៈដងខ្លួន ស្ថិតក្នុងស្ថានភាពផ្អៀង ហើយក្បាលផ្ទប់ទៅនឹងដី។ ទិដ្ឋភាពនេះ ធ្វើឲ្យគេ នឹកឃើញដល់ទិដ្ឋភាពនៅអាមេរិក ដែលនគរបាល បានសង្កត់កបុរសអាមេរិកស្បែកខ្មៅឈ្មោះ George Floyd ដើមកំណើតអាហ្រ្វិក ដោយជង្គង់ខាងឆ្វេង រហូតដល់ស្លាប់ ដោយសារដកដង្កើមមិនរួច កាលពីពីរ-បីខែកន្លងទៅ។

រូបភាពទាំងពីរ ដែលកើតឡើងនៅកម្ពុជានិងនៅអាមេរិក គឺស្រដៀងគ្នា។ អ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជា បានយករូបភាពទាំងពីរនេះ បង្ហោះជាមួយគ្នា ដើម្បីប្រៀបធៀប។ អ្នកខ្លះ បានសរសេរសារបង្ហាញពីការមិនពេញចិត្ត ចំពោះទង្វើរបស់នគរបាល ដែលសង្កត់កជនសង្ស័យគ្រឿងញៀននោះ។

យ៉ាងណា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺថា អំឡុងពេលប្រតិបត្តិការឃាត់ខ្លួន សមត្ថកិច្ច ពិនិត្យឃើញបុរសជាជនសង្ស័យនោះ ស្ថិតក្នុងស្ថានភាពញៀនគ្រឿងញៀនខ្លាំង និងស្រវឹងស្រាជោគជាំ ហើយមានចេតនាប្រើដំបងប្រព្រឹត្តអំពើហិង្សាលើសមត្ថកិច្ច ទើបបានជាសមត្ថកិច្ច ឈានដល់ការប្រើសិទ្ធិការពារខ្លួន ដោយចាប់ជនសង្ស័យ វាយខ្នោះ រួមទាំងដកហូតវត្ថុតាង រួចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងនីតិវិធីច្បាប់។

ប៉ុន្តែ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទទួលស្គាល់ថា សកម្មភាពប្រតិបត្តិការរបស់សមត្ថកិច្ច ពិតជាបានប្រើប្រាស់សិទ្ធិហួសព្រំដែន និងប្រាសចាកពីវិជ្ជាជីវៈ។ តាមរយៈសេចក្តីបំភ្លឺ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់សាធារណជនដូច្នេះថា៖«យើងខ្ញុំ ចាត់ទុកកិច្ចការនេះជាបទពិសោធន៍ ហើយនឹងអប់រំណែនាំ និងពិនិត្យដាក់វិន័យតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ»។

ដ្បិតទិដ្ឋភាពទាំងពីរនេះ មើលទៅស្រដៀងគ្នាក្តី តែនៅអាមេរិក ប្រជាជន រិះគន់រដ្ឋាភិបាលនិងតវ៉ាខ្លាំងក្លាជាង ដោយសារតែ Floyd ត្រូវនគរបាលសង្កត់ករហូតដល់ស្លាប់ ឯនៅកម្ពុជា បុរសជាជនសង្ស័យក្នុងបទល្មើសគ្រឿងញៀននោះ មិនបានបាត់ជីវិតឡើយ៕

Tag:
 គ្រឿងញៀន
  ហិង្សា
© រក្សាសិទ្ធិដោយ thmeythmey.com