នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ ព្រម​ឲ្យ​រដ្ឋមន្ត្រី​សុខាភិបាល​ចុះចេញ​តំណែង​តាម​សន្យា​
សង្គមអន្តរជាតិ​
អន្តរជាតិ
នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ ព្រម​ឲ្យ​រដ្ឋមន្ត្រី​សុខាភិបាល​ចុះចេញ​តំណែង​តាម​សន្យា​
02, Jul 2020 , 2:37 pm        
រូបភាព
រដ្ឋមន្ត្រីសុខាភិបាលនូវែលសេឡង់ (ឆ្វេង) និងនាយករដ្ឋមន្ត្រី (AFP)
រដ្ឋមន្ត្រីសុខាភិបាលនូវែលសេឡង់ (ឆ្វេង) និងនាយករដ្ឋមន្ត្រី (AFP)
​រដ្ឋមន្ត្រី​សុខាភិបាល​នូ​វែ​ល​សេ​ឡង់ David Clark បាន​លាលែង​តំណែង​នៅ​ថ្ងៃទី​២ ខែកក្កដា ក្រោយ​ប្រព្រឹត្ត​កំហុស​ក្នុង​ចំណាត់ការ​ឆ្លើយតប​រប​ស់​រដ្ឋាភិបាល​ប្រឆាំង​ជំងឺ COVID-19 និង​បាន​បំពាន​បញ្ជា​បិទ​ប្រទេស​។ នាយករដ្ឋមន្ត្រី​ព្រម​ទទួល​ការសុំ​ចុះ​ចេញពី​តំណែង ក្រោយ​បដិសេធ​កាលពី​២​ខែ​មុន​ដើម្បី​ទុក​ឲ្យ​ស្ថានការណ៍​COVID-19​ធូរស្រាល​សិន​។

 
​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​សភា លោក Clark និយាយថា ការបន្ត​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​សុខាភិបាល គឺជា​ការរំខាន​ដល់​វិធានការ​ឆ្លើយតប​ជារួម​របស់​រដ្ឋាភិបាល​ប្រឆាំង COVID-19 ។ កាសែត New Zealand Herald បាន​ស្រង់​សម្តី​លោក​រដ្ឋមន្ត្រី​ដូច្នេះ​ថា​៖«​ខ្ញុំ​ព្រម​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការសម្រេចចិត្ត​ដែល​បានធ្វើ អំឡុង​អាណត្តិ​ជា​រដ្ឋមន្ត្រី​សុខាភិបាល​»​។ លោក​បន្តថា នាយករដ្ឋមន្ត្រី អ្នកស្រី Jacinda Ardern បាន​ព្រម​ទទួល​ការលាលែង​តំណែង​លោក​។ 
 
«​លោក David Clark បានសម្រេច​ចុងក្រោយ​ថា វត្តមាន​លោក​ក្នុងតួនាទី​ជា​រដ្ឋមន្ត្រី​សុខាភិបាល កំពុង​បង្កើត​ការបង្អាក់​ដល់​វិធានការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ប្រឆាំង COVID-19 និង​កំណែទម្រង់​សុខាភិបាល​ធំ​ទូលាយ​ទៀត​»​។ អ្នកស្រី Arden បញ្ជាក់​បែបនេះ ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​កាសែត New Zealand Herald ។​
 
​នូ​វែ​ល​សេ​ឡង់ បានសម្រេច​ដកហូត​ប​ញ្ជា​បិទ​ប្រទេស​ទាំងអស់​កាលពី​ថ្ងៃទី​៨ ខែមិថុនា ក្រោយ​អ្នកជំងឺ​ម្នាក់​ចុងក្រោយ​របស់ខ្លួន​បានជា​សះស្បើយ​ហើយ​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។ ក៏ប៉ុន្តែ​២៤​ថ្ងៃ​គ្មាន​រាយការណ៍​ករណី​ឆ្លង COVID-19 ថ្មី ត្រូវបាន​បញ្ចប់​កាលពី​ថ្ងៃទី​១៦ ខែមិថុនា នៅពេល​ស្ត្រី​២​នាក់​ដែល​ទើប​មកពី​ចក្រភព​អង់គ្លេស ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​លឿន​ដោយ​គ្មាន​ការធ្វើ​តេស្ត​រក COVID-19 ហើយ​ក្រោយមក​ពួកគេ​ត្រូវ​រកឃើញថា មាន​ផ្ទុក​វីរុស​។ 
 
​ទាក់ទិន​បញ្ហា​នេះ អ្នកស្រី​នាយករដ្ឋមន្ត្រី Ardern លើកឡើងថា មនុស្ស​ឆ្លង​ជំងឺ COVID-19 ពុំគួរ​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​ឡើយ​។ អ្នកស្រី​សង្កត់ធ្ងន់ថា​៖«​នេះ គឺ​តំណាង​ឲ្យ​ភាពបរាជ័យ​ដែល​ពុំ​អាច​ទទួលបាន​ឡើយនៃ​ប្រព័ន្ធ​សុខាភិបាល​យើង​។ យើង​តម្រូវ​ឲ្យ​ធ្វើតេស្ត​យ៉ាងតិច​២​ដង​មុន​ឲ្យ​ពួកគេ​ចេញពី​មណ្ឌល​នោះ​»​។​
 
 
​គួរ​រំឭក​ផងដែរ​ថា លោក Clark ត្រូវ​ទម្លាក់​ឋានន្តរសក្តិ​លោក​ក្នុង​គណៈរដ្ឋមន្ត្រី និង​ដកហូត​លោក​ចេញពី​តួនាទី​មួយទៀត កាលពី​ខែមេសា ក្រោយ​បានធ្វើ​ដំណើរ​ចម្ងាយ​២០​គីឡូម៉ែត្រ​ជាមួយ​គ្រួសារ​លោក​ទៅ​កម្សាន្ត​នៅ​ឆ្នេរសមុទ្រ​ក្នុង​សប្តាហ៍​ទី​១ នៃ​ការអនុវត្ត​បញ្ជា​បិទ​ប្រទេស​។ 
 
​កាលនោះ នាយករដ្ឋមន្ត្រី​នូ​វែ​លេស​ឡង់ ពុំទាន់​សម្រេច​ដកហូត​លោក​ចេញ​តួនាទី​ឡើយ ដោយ​អះអាងថា នៅពេល​ស្ថានការណ៍ COVID-19 វិល​មក​សភាព​ធម្មតា​ឡើងវិញ អ្នកស្រី​នឹង​ដកហូត​តំណែង​លោក​រដ្ឋមន្ត្រី Clark  ចោល​។ 
 
​អ្នកស្រី Ardern កាលពី​ខែមេសា និយាយ​ដូច្នេះ​ថា​៖«​អ្វីដែល​គាត់​បាន​ប្រព្រឹត្ត​គឺជា​រឿង​ខុសឆ្គង ហើយ​វា​គ្មាន​ការលើកលែង​នោះឡើយ​។ ក៏ប៉ុន្តែ ស្ថានភាព​បច្ចុប្បន្ន អាទិភាព​ចម្បង​ខ្ញុំ​គឺ​រួម​ដៃ​ប្រយុទ្ធប្រឆាំង COVID-19​។ ម្ល៉ោះហើយ យើង​ពុំ​អាច​ទ្រាំទ្រ​ការបង្អាក់​យ៉ាង​ធំធេង​មួយ​ក្នុង​វិស័យ​សុខាភិបាល ឬ​ក្នុងការ​ឆ្លើយតប​យើង​ឡើយ​។ សម្រាប់​ហេតុផល​តែមួយគត់​នេះ លោក​វេជ្ជបណ្ឌិត Clark នឹង​បន្ត​កាន់​តួនាទី​លោក​ដដែល​»៕
 
 

Tag:
 នូ​វែ​ល​សេ​ឡង់​
  David Clark
© រក្សាសិទ្ធិដោយ thmeythmey.com