អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់ ទទួលបាន​កម្ចី​ចំនួន ១៥០​លាន​ដុល្លារ​អាមេរិក ពី​ធនាគារ ខេ​ប៊ី គូក​មីន ​ដើម្បី​ពង្រឹង​មូលធន​កម្ម សន្ទនីយ​ភាព និង​ពង្រីក​ការផ្តល់​ឥណទាន​
02, Jul 2020 , 3:06 pm        
រូបភាព
​រាជធានី​ភ្នំពេញ​៖ ទោះបី​ជាមាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិយាកាស​អាជីវកម្ម ដែល​បណ្តាលមកពី​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្តី ក៏​ប្រា​សាក់ ដែលជា​ស្ថាប័នហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា បាន​បោះជំហាន​បន្ថែមទៀត ដើម្បី​ធានាបាន​នូវ​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់ខ្លួន ដោយ​ទទួលបាន​ដោយ​ជោគជ័យ​ក្នុងការ​ទទួលបាន​អនុ​បំណុល​ក្នុង​ទឹកប្រាក់ ៥០ លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល ៧ ឆ្នាំ និង​កិច្ចសន្យា​ផ្តល់ទុន​ក្នុង​ទឹកប្រាក់ ១០០ លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល 3 ឆ្នាំ ពី​ធនាគារ ខេ​ប៊ី គូក​មីន ដែលជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង និង​ជា​ម្ចាស់​ភាគ​ទុ​និក​ថ្មី​របស់​ប្រា​សាក់​ចាប់តាំងពី​ខែមេសា ឆ្នាំ ២០២០ ។​
 
​លោក Chang-Su Choi នាយក​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន​ធុរកិច្ច​សាកល នៃ​ធនាគារ ខេ​ប៊ី គូក​មីន បាន​មានប្រសាសន៍ថា «​ធនាគារ ខេ​ប៊ី គូក​មីន ពិតជា​រីករាយ​ផ្តល់​ឥណទាន​នេះ​ដល់​ប្រា​សាក់ ដើម្បីឱ្យ​ប្រា​សាក់​អាច​ផ្ដល់​ឥណទាន​នេះ​បន្ត​ជូន​ដល់​សហគ្រាស​ធុន​តូច​បំផុត តូច និង​មធ្យម នៅក្នុង​ប្រទេស​កម្ពុជា​។ សកម្មភាព​នេះ​នឹងចូលរួម​ចំណែក​ស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច ព្រមទាំង​បង្កើត​ឱកាស​ការងារ ក្នុងស្ថានភាព​ប្រឈម​ដែល​មិន​ធ្លាប់​ជួបប្រទះ​ពីមុន​មកនេះ​»​។​
 
​លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​បញ្ជាក់ថា «​ការផ្ដល់​ហិរញ្ញប្បទាន​នេះ នឹង​ជួយ​ឱ្យ​ប្រា​សាក់​ពង្រឹង​មូលធន​កម្ម​ឱ្យ​កាន់តែ​រឹងមាំ និង​បង្កើន​សន្ទនីយ​ភាព​ដើម្បី​បំពេញបាន​តាម​តម្រូវការ​អាជីវកម្មរ​បស់​ប្រា​សាក់ ក៏ដូចជា​ផ្តល់​លទ្ធភាព​ច្រើន​បន្ថែមទៀត​ដល់​ប្រា​សាក់​លើ​ការពង្រីក​ការផ្តល់​កម្ចី​ដល់​អាជីវកម្ម​ធុន​តូច​បំផុត តូច និង​មធ្យម ដែល​ភាគច្រើន​មាន​ម្ចាស់​ជា​ស្ត្រី ដើម្បី​រក្សា​និរន្តរភាព​ប្រតិបត្តិការ​អាជីវកម្ម និង​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​របស់​ពួកគាត់​»​។​
 
​លោក​បាន​បន្តទៀតថា «​ទោះបី​ស្ថិតក្នុង​ពេលវេលា​នៃ​ភាពមិនច្បាស់លាស់​នេះ​ក៏ដោយ ប្រា​សាក់ នៅតែ​អាច​ទទួលបាន​ការជឿជាក់​ពី​ធនាគារ ខេ​ប៊ី គូក​មីន តាមរយៈ​ការផ្តល់​ឥណទាន​នេះ​។ នេះ​គឺជា​ការបង្ហាញ​ពី​ទំនុកចិត្ត​ដ៏​រឹងមាំ​មិន​រង្គោះរង្គើ​មកលើ​ប្រា​សាក់ និង​មកលើ​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​របស់​ប្រទេស​កម្ពុជា ព្រមទាំង​ទស្សនវិស័យ​វែងឆ្ងាយ​នៃ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​របស់​កម្ពុជា​»​។​
 
​សូមបញ្ជាក់ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ម​.​ក មាន​អាជ្ញាប័ណ្ណ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន ពី​ធនាគារជាតិ​នៃ​កម្ពុជា​។ ក្នុង​ខែមិថុនា ឆ្នាំ ២០២០ ប្រា​សាក់ នៅតែ​បន្ត​ក្នុងការ​នាំមុខ​ទីផ្សារ បើ​គិតពី ទ្រព្យសកម្ម ឥណទាន​ដុល ប្រាក់​បញ្ញើ​របស់​អតិថិជន និង​ប្រាក់ចំណេញ​សុទ្ធ​។ តាមរយៈ​ការពង្រីក​សាខា​រហូតដល់ ១៨១ សាខា និង​ម៉ាស៊ីន​អេ​ធី​អឹម ចំនួន ១៣៨ គ្រឿង គ្របដណ្តប់​ទូទាំងប្រទេស ប្រា​សាក់ ផ្តល់នូវ​ផលិតផល​និង​សេវា​ហិរញ្ញវត្ថុ​ច្រើន​សម្បូរបែប​ដល់​សហគម​ន៍ និង​សហគ្រាស​ខ្នាតតូច​បំផុត​នៅ​ជនបទ​។ គិត​មកដល់​ចុងខែ​មិថុនា ឆ្នាំ ២០២០ លទ្ធផល​ដ៏​ល្អប្រសើរ​របស់​ប្រា​សាក់ ត្រូវបាន​បង្ហាញ​តាមរយៈ​កំណើន​ឥណទាន​ដុល​កើន​ឡើងដល់ ២,៦៥៩ លាន​ដុល្លារ​អាមេរិក និង​សមតុល្យ​ប្រាក់​បញ្ញើ​ពី​អតិថិជន​ចំនួន ១,៩២៨ លាន​ដុល្លារ​អាមេរិក​។ ទ្រព្យសកម្ម​សរុប​រប​ស់​ប្រា​សាក់ បាន​កើនឡើង​ច្រើនជាង ៣,៣៩០ លាន​ដុល្លារ​អាមេរិក​។​


 
​ចំណែក ធនាគារ ខេ​ប៊ី គូក​មីន (KB Kookmin Bank) គឺជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែលមាន​ចំនួន​សាខា​ច្រើនជាងគេ​បំផុត​នៅក្នុង​វិស័យ​ធនាគារ និង​មាន​អតិថិជន​ជាង ៣០ លាន​នាក់ ដែល​សមមូល​នឹង​ជាង​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​កូរ៉េ​ទូទាំងប្រទេស​។ ធនាគារ ខេ​ប៊ី គូក​មីន ក៏​ឈរ​ជា​ធនាគារ​នាំមុខគេ​លើ​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត រួមមាន Liiv និង KB Star Banking ដោយមាន​អតិថិជន​ច្រើនជាង 15 លាន​នាក់​។ ធនាគារ ខេ​ប៊ី គូក​មីន បាន​ដើរតួនាទី​សំខាន់​ក្នុងការ​រួមបញ្ចូល​គ្នា​ក្នុងចំណោម​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងអស់​នៅក្នុង KB Financial Group ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com