ជាតិ
ស្ថាប័នហិរញ្ញវត្ថុ មិនអាច​លុប​គោលការណ៍​យក​ប្លង់ដី​បញ្ចាំ​ពី​ពលរដ្ឋ​ទេ
02, Jul 2020 , 3:28 pm        
រូបភាព
កម្មកររោងចក្រកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះ
កម្មកររោងចក្រកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះ
​ភ្នំពេញ​៖ ស្ថាប័នហិរញ្ញវត្ថុ អាចជួយ​សម្រាល​ការលំបាក​របស់​ពលរ​ដ្ឋ ក្នុង​ការសង​ត្រឡប់មកវិញ ប៉ុន្តែ​មិនអាច​លុប​គោលការណ៍​យក​ទ្រព្យ​បញ្ចាំ​ប្លង់ដី​ពី​ពលរដ្ឋ​បានទេ​។ ស្ថាប័នហិរញ្ញវត្ថុ ឆ្លើយតប​បែបនេះ ទៅកាន់​អង្គការ​សង្គម​ស៊ីវិល និង​សហជីព ដែល​ចេញ​របាយការណ៍​រួមមួយ ស្តីពី​កម្មករ​និង​បំណុល​ថា «​ធ្វើការ​រហូតដល់​ជំពាក់​បំណុល​វ័ណ្ឌក​» ដែល​ស្នើឱ្យ​ស្ថាប័នហិរញ្ញវត្ថុ ឈប់​យក​ទ្រព្យ​បញ្ចាំ​ជា​ប្លងដី​។​



​សម្ព័ន្ធ​សហជីព​កម្ពុជា​, មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា​សង់​ត្រា​ល់ និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការងារ​សិទ្ធិមនុស្ស លីកាដូ កាលពី​ថ្ងៃទី​៣០​មិថុនា បានចេញ​របាយការណ៍​មួយ​ពី​កម្មករ​និង​បំណុល​ថា «​ធ្វើការ​រហូតដល់​ជំពាក់​បំណុល​វ័ណ្ឌក​» ដោយ​ស្នើ​ឱ្យមាន​កម្មវិធី​សម្រាក​បន្ទុក​បំណុល​ឱ្យបាន​ឆាប់​ពី​ស្ថាប័នហិរញ្ញវត្ថុ​។​
 
​សង្គម​ស៊ីវិល​ទាំង​៣​ស្ថាប័ន ក៏បាន​ស្នើឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់ បញ្ឈប់​ការយក​បណ្ណ​កាន់កាប់​ដីធ្លី ជា​ទ្រព្យ​បញ្ចាំ​ទៀតផង​។ «​សូម​ស្នើ​ឲ្យ​គ្រឹ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ កែប្រែ​គោលការណ៍​ផ្ទៃក្នុង ដោយ​ប​ញ្ឃ​ប់យក​បណ្ណ​កាន់កាប់​ដីធ្លី​ធ្វើជា​ទ្រព្យ​សម្រាប់​កម្ចី​ឥណទាន​ខ្នាតតូច និង​ផ្អាក​ការបង់​សងបំណុល​ឥណទាន​ខ្នាតតូច​និង​ការប្រាក់​ក្នុង​រយៈពេល​យ៉ាងតិច​៣​ខែ និង​លើសពីនេះ ដល់​អ្នក​ខ្ចីប្រាក់​ទាំងអស់​ដែល​រង​ផលប៉ះពាល់​សេដ្ឋកិច្ច​ដោយសារ​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩»​។ នេះ​បើតាម​របាយការណ៍​រួម​នេះ​។​
 
​សមាគម​ហិរញ្ញវត្ថុ បដិសេធ​នឹង​សំណើ​របស់​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​នេះ​។ លោក កាំ​ង តុង​ងី ប្រធាន​ផ្នែក​ទំនាក់ទំនង​និង​ជា​អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ បាន​អះអាងថា ការ​ស្នើឱ្យ​កែប្រែ​គោលការណ៍​ផ្ទៃក្នុង ដោយ​បញ្ឈប់​ការយក​ប្លង់ដី​ធ្វើ​ទ្រព្យ​ធានា គឺ​មិនអាច​ទៅរួច​ឡើយ ព្រោះ​វា​ជាគោលការណ៍​ស្ថា​ប័​ហិរញ្ញវត្ថុ​ជាតិ និង​អន្តរជាតិ​។ «​កន្លងមក​មាន​ឥណទាន​ប្រភេទ​ខ្លះ​មិន​តម្រូវ​ឲ្យ​មាន​ដាក់​ប្លង់ដី​ឡើយ ដូចជា​ឥណទាន​ជា​ក្រុម​។ ប៉ុន្តែ​ឥណទាន​ខ្លះ​តម្រូវ​ឲ្យ​មាន តាម​លក្ខខណ្ឌ​របស់​ស្ថាប័នហិរញ្ញវត្ថុ​កំណត់​និង​ប្រភេទ​ឥណទាន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក កាំ​ង តុង​ងី​។ 
 
​ងាក​មក​ការស្នើ​ឲ្យ​ផ្អាក​ការសង​កម្ចី​និង​ការប្រាក់​វិញ លោក តុង​ងី បាន​បញ្ជាក់ថា ស្ថាប័នហិរញ្ញវត្ថុ​បាន​អន្តរាគមន៍​ដោះស្រាយ​ជូន​ពលរដ្ឋ​ហើយ ប៉ុន្តែ​មិនមែន​អ្នក​ខ្ចី​ទាំងអស់ សុទ្ធតែ​ទទួលបាន​ការពន្យារពេល​សង​ការប្រាក់ និង​ប្រាក់​ដើម​នោះទេ​។ លោក តុង​ងី សង្កត់ធ្ងន់ថា ៖«​បើ​ពន្យារពេល​សង​គ្រប់គ្នា គឺ​ខុស​លក្ខខណ្ឌ​ដែល​តម្រូវឱ្យ​អ្នក​ជាប់​កម្ចី​ទាំងអស់​ដាក់ពាក្យ​ស្នើសុំ ហើយ​អ្នក​ទាំងនោះ​ទៀតសោត ត្រូវតែ​ជា​អ្នក​ជួប​បញ្ហា​សេដ្ឋកិច្ច​ឬ​បាត់​ប្រភព​ចំណូល ទើប​ខាង​ស្ថាប័នហិរញ្ញវត្ថុ​អនុគ្រោះ​លើ​ការបង់​ការប្រាក់​និង​ដើម​»​។ 
 
​របាយការណ៍​រួម​របស់​សង្គម​ស៊ីវិល និង​សហជីព ស្តីពី​«​ធ្វើការ​រហូតដល់​ជំពាក់​បំណុល​វ័ណ្ឌក​» នេះ បាន​ស្ទង់​មតិ​កម្មករ​រោងចក្រ​ដែល​ព្យួរការងារ​ប្រមាណ​១៥០​នាក់ ក្នុងនោះ​មាន​៤​នាក់​ប៉ុណ្ណោះ ដែល​គ្មាន​ជាប់បំណុល​។ របាយការណ៍​បាន​បញ្ជាក់ថា បញ្ហា​បំណុល​ទាំងនេះ បាន​បង្ខំ​ឱ្យ​កម្ម​ករលក់​ទ្រព្យសម្បត្តិ​និង​ខ្ចី​គេ​បន្ថែម ដើម្បី​សងបំណុល​ដល់​ស្ថាប័នហិរញ្ញវត្ថុ​។ របាយការណ៍​ដដែល បាន​បញ្ជាក់ថា កម្មករ​រាប់ម៉ឺន​នាក់​នឹង​ប្រឈម​ការលំបាក​កាន់តែខ្លាំង ក្នុង​ជីវភាព​រស់នៅ​និង​ការសង់​ប្រាក់​ត្រឡប់​ទៅ​ស្ថាប័នហិរញ្ញវត្ថុ​វិញ ខណៈ​មាន​រោងចក្រ​ព្យួរការងារ​ជា​បន្តបន្ទាប់​។​
 
​អ្នកស្រី យ៉ាង សុ​ភ័​ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា បាន​បញ្ជាក់ថា កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ ខិតខំ​ធ្វើ​ការងារ​យ៉ាង​ខ្លាំង ដើម្បី​មានលទ្ធភាព​ផ្គត់ផ្គង់​អាហារ​បរិភោគ​ដល់​ក្រុមគ្រួសារ​របស់​ពួកគាត់​។ អ្នកស្រី យ៉ាង សុ​ភ័​ណ្ឌ បន្ថែមថា ៖«​ពេលនេះ ពួកគាត់​ស្ទើរតែ​មិនអាច​មានលទ្ធភាព​ចិញ្ចឹម​ខ្លួនឯង ។ ប្រសិនបើ​គ្មាន​កម្មវិធី​សម្រាល​បន្ទុក​បំណុល ឬ​កិច្ច​គាំពារ​ផ្នែក​សង្គម​ទេ ខ្ញុំ​ព្រួយបារម្ភ​ថា បញ្ហា​ទាំងនេះ នឹង​នាំឱ្យ​ពួកគាត់​ជួប​ការលំបាក​កាន់តែខ្លាំង​ឡើងៗ​» ។​
 
​ជុំវិញ​របាយការណ៍​នេះ លោក អ៊ី​ន ចាន់នី ប្រធាន​សមាគម​ធនាគារឯកជន​កម្ពុជា​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​១​កក្កដា​ថា លោក​សុំ​មិន​បកស្រាយ​តប​របាយការណ៍​ដែល​ចេញ​ដោយ​សង្គម​ស៊ីវិល​នេះ ព្រោះ​ការស្ទង់មតិ​ធ្វើឡើង គឺ​មិនមាន​ភាពច្បាស់លាស់​។ 
 
​រីឯ​លោក កាំ​ង តុង​ងី បាន​បញ្ជាក់ថា របាយការណ៍​នេះ មិនអាច​យក​ជា​ផ្លូវការ​បាន​នោះទេ ដោយសារ​ការស្ទង់មតិ​ធ្វើឡើង​ផ្តោតលើ​តែ​កម្មករ​រោងចក្រ​បិទទ្វារ​និង​ព្យួរការងារ ហើយ​ភាគី​សហជីព​ជា​អ្នកធ្វើ​ទៀត​។ ដូច្នេះ​មិនអាច​យកមកប្រើ​ប្រាស់ ឬ​ទុកចិត្តបាន ដោយ​គ្មាន​ការផ្ទៀងផ្ទាត់​នោះទេ​។ 
 
«​យើង​ទទួលស្គាល់ថា កូ​វីដ​-១៩ ប្ក​ង​ផលប៉ះពាល់​ច្រើន​ដល់​ពលរដ្ឋ​កម្ពុជា​យើង ប៉ុន្តែ​យើង​មិនមែន​ឈរ​ឱបដៃ​មើល​ទេ យើង​កំពុងតែ​ជួយ​អតិថិជន​របស់​យើង​ហើយ តាមរយៈ​ការរៀបចំ​ឥណទាន​ឡើងវិញ និង​តាម​វិធី​ផ្សេង​ដែល​យើងអាច​ធ្វើបាន អ៊ីចឹង​នៅពេលដែល​គាត់​(​សង្គម​ស៊ីវិល​)​លើ​ពី​ហេតុផល​សិក្សា​ផ្សេង​អី​មក គឺ​រំខាន​ដល់​ការ​របស់​យើង​» ។​នេះ​បើតាម​ប្រធាន​ផ្នែក​ទំនាក់ទំនង​និង​ជា​អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ ។​
 
​ចាប់ពី​វិបត្តិ​កូ​វីដ​-១៩​កើតមាន ដល់​ចុងខែ​មិថុនា អ្នក​ជាប់​កម្ចី​នៅ​មីក្រូហិរញ្ញវត្ថុ​ជិត​២៣​ម៉ឺន​នាក់ បានស្នើ​រៀបចំ​ឥណទាន​ឡើងវិញ​។ ក្នុងនោះ​មាន​ប្រមាណ​២២​ម៉ឺន​នាក់ ទទួលបាន​ការរៀបចំ​ឥណទាន​ឡើងវិញ  ភាគច្រើន​ទទួលបាន​ការពន្យារពេល​បង់​ការប្រាក់ និង​បង់​ទាំង​ការប្រាក់​និង​ដើម​។ ចំណែក​អ្នក​ជាប់បំណុល​ធនាគារ​ប្រមាណ​១០​ម៉ឺន​នាក់​ក៏បាន​រៀបចំ​ឥណទាន​ឡើង​ដែរ​។ អតិថិជន​ដែល​ទទួលបាន​ការរៀប​ចំ​ឥណទាន​ឡើងវិញ ភាគច្រើន​ជា​អ្នកធ្វើ​ផ្នែក​ទេសចរណ៍ រោងចក្រ សំណង់ និង​សេវា​ដឹកជញ្ជូន​។ នេះ​បើតាម​សមាគម​ធនាគារ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​។ 
 
​សូមបញ្ជាក់ថា ការរៀបចំ​ឥណទាន​រៀបចំ​ឡើងវិញ​នេះ ធនាគារជាតិ បានកំណត់​លក្ខខណ្ឌ​មួយចំនួន ដើម្បី​សម្រាល​បន្ទុក​ពលរដ្ឋ ដែល​ប្រឈមមុខ​នឹង​បញ្ហា​ជំងឺ​COVID-19​។ លក្ខខណ្ឌ​អនុគ្រោះ​ទាំងនោះ​រួមមាន​១៖ ការកាត់បន្ថយ​ចំនួន​ប្រាក់​ដើម​ឥណទាន ឬ​ចំនួន​ដែល​ត្រូវ​សង​នៅ​ឥណប្រតិទាន​,២៖ ការកាត់បន្ថយ​អត្រា​ការប្រាក់​ទាប​ជាង​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ដើម​, ៣៖ ការពន្យារពេល​ទូទាត់​សង​ប្រាក់​ដើម ឬ​ការប្រាក់ ឬ​ការធ្វើ​មូលធន​កម្ម​ការប្រាក់​,៤៖ ការពន្យារ​ឥណទាន​ប្រតិ​ទាន​,៥៖ ការបន្ថែម និង​/​ឬ ការផ្លាស់ប្តូរ​អ្នក​រួម​ខ្ចី និង​/​ឬ អ្នកធានា ប្រសិនបើ​មាន​, ៦៖ ការផ្លាស់ប្តូរ​ពី​ឥណទាន​មានការ​ទូត​ទាត់​សង​តាម​ការបង់​រំលស់ ទៅជា​ការទូទាត់​តែ​ការប្រាក់ ហើយ​ទូទាត់​សង​ប្រាក់​ដើម​ទាំងអស់​នៅ​ឥណប្រតិទាន​, ៧៖ ការលើកលែង ឬ​បន្ថយ​ទ្រព្យ​ធានា ,៨៖ ការបន្ថយ​លក្ខខណ្ឌ​កិច្ចសន្យា ឬ​/​និង​ចុងក្រោយ​ការផ្តល់​រយៈពេល​អនុគ្រោះ​ដោយ​គ្មាន​ការទូទាត់​សង ដែល​អាចមាន​រយៈពេល​រហូតដល់​៦​ខែ គិត​ចាប់​ពីថ្ងៃ​ប្រសិទ្ធភាព​នៃ​កិច្ចសន្យា​ថ្មី​។​
 
​ត្រឹម​ចុងឆ្នាំ​២០១៩​នេះ នៅ​កម្ពុ​ជាមាន​អ្នក​ខ្ចី​កម្ចី​ឥណទាន​ខ្នាតតូច​ជាង​២.៦​លាន​នាក់ ហើយ​ក្នុងនោះ​បើ​គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ​១០​ពាន់​លាន​ដុល្លារ ។ នេះ​បើតាម​របាយការណ៍​រួម ដែល​ចេញ​ដោយ​អង្គការ​លីកាដូ​៕
 
 
 

Tag:
 កម្មករ​
  សហជីព​
  បំណុល​
  លីកាដូ​
  សង់​ត្រា​ល់​
© រក្សាសិទ្ធិដោយ thmeythmey.com