) ដែលចុះផ្សាយនៅថ្ងៃទី១ ខែកក្កដា។ ថៃដែលជាប្រទេសរកចំណូលច្រើនពីទេសចរណ៍ក៏ខាតបង់ធំដែរ។
របាយការណ៍ចំណងជើងថា «COVID-19 និងវិស័យទេសចរណ៍» ដែលចុះផ្សាយដោយសន្និសីទអង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍនិងពាណិជ្ជកម្ម (UNTCAD) គឺផ្អែកលើសេណារីយ៉ូចំនួន៣ សម្រាប់ឧស្សាហកម្មទាក់ទងរយៈពេលបិទប្រទេសនេះ រួមមាន បញ្ជាបិទប្រទេសបន្តដាក់៤ខែ ៨ខែ និង១២ខែ។
ក្នុងសេណារីយ៉ូទាំងនេះ ប្រាក់ចំណូលផ្នែកទេសចរណ៍សកលលោក នឹងធ្លាក់ចុះ ១,១៧ ទ្រីលានដុល្លារ ២,២២ទ្រីលានដុល្លារ និង៣,៣ទ្រីលានដុល្លារ ឬចន្លោះពី១-៥ ទៅ៤,២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក។
យ៉ាងណាមិញ របាយការណ៍នេះ ពុំបានសង្កត់ធ្ងន់ថាសេណារីយ៉ូមួយណាដែលទំនងនឹងកើតឡើងបំផុតឡើយ តែមន្ត្រីនៃ UNTCAD បញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា សេណារីយ៉ូទី២ ដែលបទបញ្ជាបិទប្រទេសដាក់បន្ត៨ខែទៀត ហើយចំណូលប្រឈមធ្លាក់២,២២ទ្រីលានដុល្លារ អាចក្លាយជាពិតជាងគេបំផុត។
«វិស័យទេសចរណ៍អន្តរជាតិ ត្រូវបានផ្អាកស្ទើរតែទាំងស្រុក ហើយទេសចរណ៍ក្នុងស្រុកត្រូវកាត់បន្ថយដោសារបញ្ជាបិទប្រទេសដែលដាក់ក្នុងប្រទេសជាច្រើន»។ របាយការណ៍ UN សរសេរបែបនេះ ហើយចុះផ្សាយលើវេបសាយផ្លូវការរបស់ខ្លួន។ របាយការណ៍ដដែលសរសេរបន្តថា៖«ទោះជាប្រទេសទិសដៅទេសចរណ៍ខ្លះ បានផ្ដើមបើកចំហព្រំដែនយឺតៗ ប្រទេសជាច្រើន នៅតែព្រួយបារម្ភចំពោះការធ្វើដំណើរអន្តរជាតិ ឬមិនអាចរ៉ាប់រងវា ដោយសារវិបត្តិសេដ្ឋកិច្ច»។
ថៃ និងបារាំង ប្រឈមខាតបង់យ៉ាងហោច ៤៧ពាន់លានដុល្លាររៀងៗខ្លួនក្នុងវិស័យទេសចរណ៍។ នេះបើតាមរបាយការណ៍នេះ ហើយសហរដ្ឋអាមេរិក បាត់បង់ច្រើនជាងគេបង្អស់ទាំងក្នុងបីសេណារីយ៉ូខាងលើ ដោយបាត់បង់ ១៨៧ពាន់លានដុល្លារក្នុងសេណារីយ៉ូទី១ (៤ខែ) ហើយចិនឈរបន្ទាប់ដោយខាតបង់ ១០៥ពាន់លានដុល្លារ។ សហរដ្ឋអាមេរិក ក្នុងសេណារីយ៉ូចុងក្រោយ ប្រឈមខាតបង់ ៥៣៨ពាន់លានដុល្លារ ឬ៣ភាគរយនៃ GDP របស់ខ្លួន។
សូមបញ្ជាក់ថា របាយការណ៍របស់សន្និសីទអង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍនិងពាណិជ្ជកម្ម (UNTCAD) សម្រាប់ឆ្នាំ២០២០នេះ គ្របដណ្ដប់ប្រទេសនិងតំបន់៦៥ ហើយស្នើឲ្យបណ្ដារដ្ឋាភិបាលនៃប្រទេសទាំងនេះពង្រឹងកិច្ចគាំពារសង្គមសម្រាប់ពលករដែលប៉ះពាល់ក្នុងប្រជាជនរងគ្រោះខ្លាំង ដោយ COVID-19 ។
ការប៉ាន់ស្មានរបស់របាយការណ៍ថ្មីនេះ មានភាពប្រហាក់ប្រហែលនឹងរបាយការណ៍ UN លើកមុនដែលបង្កើតឡើងដោយអង្គការទេសចរណ៍ពិភពលោក (World Tourism Organization) កាលពីខែឧសភា ដែលរកឃើញថា តួលេខទេសចរណ៍អាចធ្លាក់ចន្លោះពី៦០-៨០ភាគរយ៕