អន្តរជាតិ
ប្រជាជន​រុស្ស៊ី បើកផ្លូវ​ឲ្យ​លោក ពូ​ទីន កាន់អំណាច​ដល់​ឆ្នាំ​២០៣៦
02, Jul 2020 , 9:59 pm        
រូបភាព
លោក វ៉្លាឌីមៀ ពូទីន ពេលទៅបោះឆ្នោតក្នុងប្រជាមតិលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ រូបភាពពីវេបសាយប្រធានាធិបតីរុស្ស៊ី
លោក វ៉្លាឌីមៀ ពូទីន ពេលទៅបោះឆ្នោតក្នុងប្រជាមតិលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ រូបភាពពីវេបសាយប្រធានាធិបតីរុស្ស៊ី
ដោយ:
​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ប្រជាមតិ​ក្នុងការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ​រុស្ស៊ី បាន​បង្ហាញថា ប្រជាពលរដ្ឋ​រុស្ស៊ី​ជិត​៧៨​ភាគរយ គាំទ្រ​វិសោធនកម្ម​រដ្ឋធម្មនុញ​។ ការកែប្រែ​រដ្ឋធម្មនុញ​លើក​នេះ បើកផ្លូវ​ឲ្យ​លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន កាន់អំណាច​បាន​២​អាណត្តិ​បន្ថែមទៀត ពោលគឺ​រហូតដល់​ឆ្នាំ​២០៣៦​។​

 
​ក្រោម​រដ្ឋធម្មនុញ្ញ​រុស្ស៊ី អាណត្តិ​ប្រធានាធិបតី មាន​រយៈពេល​៦​ឆ្នាំ​ ​និង​មិនអាច​កាន់តំណែង​លើសពី​ពីរ​អាណត្តិ​ជាប់​គ្នា​ឡើយ ប៉ុន្តែ​អាច​កាន់តំណែង​នេះ​ច្រើនដង​។ ការកែប្រែ​រដ្ឋធម្មនុញ្ញ​ពេលនេះ នឹង​បើកផ្លូវ​ឲ្យ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ចូលរួម​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២៤ ដែលជា​អាណត្តិ​ចុងក្រោយ​របស់លោក​។ នេះ​ក៏​ព្រោះតែ​រដ្ឋធម្មនុញ្ញ​ថ្មី នឹងមិន​រាប់បញ្ចូល​អាណត្តិ​ប្រធានាធិបតី​កន្លងមក​របស់លោក ពូ​ទីន ឡើយ​។ ប៉ុន្តែ​ចូលរួម​ការបោះឆ្នោត​ឬ​អត់ លោក ពូ​ទីន មិនទាន់​សម្រេចចិត្ត​ឡើយ​។ 
 
​ក្រោយ​ការរាប់​សន្លឹកឆ្នោត​ទាំងអស់​មក គណៈកម្មការ​បោះឆ្នោត​រុស្ស៊ី​បានប្រកាសថា ប្រជាពលរដ្ឋ​ចំនួន​៧៧,៩២​ភាគរយ​គាំទ្រ​វិសោធនកម្ម​រដ្ឋធម្មនុញ​។ ប្រជាមតិ​នេះ​មានការ​ចូលរួម​ពី​ពលរដ្ឋ​ចំនួន​៦៥​ភាគរយ ក្នុងចំណោម​ពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​។ នេះ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ វត្តមាន​អ្នកបោះឆ្នោត​លើស​៥០​ភាគរយ ជា​ចំនួន​ទាប​បំផុត​ដើម្បី​ឲ្យ​លទ្ធផល​បានការ​។ 
 
​ការពិតទៅ វិសោធន​កម្មនេះ ពុំមែន​ពាក់ព័ន្ធ​តែ​នឹង​រឿង​អាណត្តិ​ប្រធានាធិបតី​ឡើយ​។ ក្នុងចំណោម​ចំណុច​ជាច្រើន​ដែល​ត្រូវបាន​ដាក់ចូល​ក្នុង​វិសោធនកម្ម​នោះ គេ​ក៏​ឃើញ​មានការ​កំណត់​អាពាហ៍ពិពាហ៍​គឺ​ធ្វើ​រវាង​មនុស្ស​ប្រុស​និង​ស្រី ដែល​ចំណុច​នេះ​ស្មើនឹង​ការហាមឃាត់​ការរៀប​ការ​អ្នក​ស្រលាញ​ភេទ​ដូចគ្នា ការកំណត់​ប្រាក់​ឈ្នួល​អប្បរ​មា​ដែល​ខ្ពស់ជាង​បន្ទាត់​នៃ​ភាពក្រីក្រ និង​ការបង្កើន​ប្រាក់​សម្រាប់​អ្នក​ចូល​និវត្ត​ជាដើម​។​
 
​លោកស្រី Ella Pamfilova ប្រធាន​គណកម្មកា​របោះ​ឆ្នោត​រុស្ស៊ី បាន​អះអាងថា ការបោះឆ្នោត​មាន​តម្លាភាព ហើយ​មន្ត្រី​បោះឆ្នោត​បានធ្វើ​គ្រប់យ៉ាង​ដើម្បី​ធានា​ត្រឹមត្រូវ​នៃ​បោះឆ្នោត​ប្រជាមតិ​នេះ​។ យ៉ាងណាក្តី លោក​Alexi Navalny ដែលជា​មេដឹកនាំ​បក្សប្រឆាំង​បានលើកឡើង​ថា ការបោះឆ្នោត​ប្រជាមតិ​នេះ​មិន​ស្របច្បាប់ និង​រៀបចំឡើង​ដើម្បី​ឲ្យ​លោក ពូ​ទីន ក្លាយជា​ប្រធានាធិបតី​មួយជីវិត​។ លោក​ប្រាប់​អ្នកគាំទ្រ​របស់លោក​ថា​៖« យើង នឹងមិន​ទទួលយក​លទ្ធផល​នេះឡើយ​»​។ 
 
​ក្នុង​ទិដ្ឋភាព​ច្បាប់ គេ​ពុំ​ចាំបាច់​ធ្វើ​ប្រជាមតិ​ដើម្បី​អនុម័ត​វិសោធនកម្ម​ឡើយ​។ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​ត្រូវបាន​អនុម័ត​ដោយ​សភាជាតិ និង​តំបន់ ហើយ​ចូល​ជា​ធរមាន​តាំងតែ​ពី​ខែ​មុន​។ ប៉ុន្តែ​ការធ្វើប្រជាមតិ​នេះ ជាការ​ធ្វើតេស្ត​ប្រជាប្រិយភាព​លោក ពូ​ទីន និង​ដើម្បី​ទទួលបាន​ភាពស្របច្បាប់​ពី​ប្រជាជន​ចំពោះ​សេចក្តីសម្រេចចិត្ត​ទាំងឡាយ​របស់លោក ពូ​ទីន ។ នេះ​ជាការ​លើកឡើង​របស់លោក​Greg B. Yudin សង្គម​វិទូ និង​អ្នក​ទ្រឹស្តី​នយោបាយ នៅ​សាលា​វិទ្យាសាស្ត្រ​សង្គម និង​សេដ្ឋកិច្ច​ក្រុង​ម៉ូស្គូ​។​
 
​សូមបញ្ជាក់​ផងដែរ​ថា លោក ពូ​ទីន ឡើង​ដឹកនាំ​រុស្ស៊ី​តាំងតែ​ពី​ឆ្នាំ​១៩៩៨ ដោយពេល​ខ្លះ​ជា​នាយករដ្ឋមន្ត្រី ហើយ​ចុងក្រោយ​ជា​ប្រធានាធិបតី​រហូតមក​។ លោក​ក៏​ត្រូវបាន​ចាត់ទុកជា​ថ្នាក់ដឹកនាំ​ដែល​កាន់តំណែង​យូរ​ជាងគេ​បំផុត តាំងតែ​ជំនាន់​លោក ស្តា​លីន ផងដែរ​៕
 

Tag:
 រុស្ស៊ី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com