ពីថ្ងៃ​នេះ​ទៅ សៀវភៅ​ស្នាក់នៅ ធ្វើ​ត្រឹម​ប៉ុស្តិ៍នគរបាល ហើយ​សៀវភៅ​គ្រួសារ ធ្វើ​ត្រឹម​អធិការដ្ឋាន​
ជាតិ
សង្គមជាតិ
ពីថ្ងៃ​នេះ​ទៅ សៀវភៅ​ស្នាក់នៅ ធ្វើ​ត្រឹម​ប៉ុស្តិ៍នគរបាល ហើយ​សៀវភៅ​គ្រួសារ ធ្វើ​ត្រឹម​អធិការដ្ឋាន​
02, Jul 2020 , 10:29 pm        
រូបភាព
រូបពីហ្វេសប៊ុក ការិយាល័យច្រកចេញចូលតែមួយស្រុកបវេល
រូបពីហ្វេសប៊ុក ការិយាល័យច្រកចេញចូលតែមួយស្រុកបវេល
​សៀវភៅ​ស្នាក់នៅ ទុតិយតា​សៀវភៅ​ស្នាក់នៅ លិខិតបញ្ជាក់​ទីលំនៅ ការប្រែប្រួល​នៃ​សមាជិកគ្រួសារ ការផ្លាស់ប្តូរ​ទីលំនៅ និង រាល់​ការកែតម្រូវ​ទិន្នន័យ​ក្នុង​បញ្ជី​ស្នាក់នៅ ដែល​ពីមុន អធិការនគរបាល​ក្រុង​-​ស្រុក​-​ខណ្ឌ ជា​អ្នកពិនិត្យ​និង​ផ្តល់ជូន​ពលរដ្ឋ ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​-​សង្កាត់ ជា​អ្នកពិនិត្យ​និង​ផ្តល់ជូន​វិញ​។​


​ចំណែក ការពិនិត្យ​និង​ការផ្តល់​សៀវភៅ​គ្រួសារ ទុតិយតា​សៀវភៅ​គ្រួសារ ការប្រែប្រួល​សមាជិកគ្រួសា​រ និង ការកែតម្រូវ​ទិន្នន័យ​ក្នុង​បញ្ជី​គ្រួសារ ដែលជា​សមត្ថកិច្ច​រប​ស់​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត  ត្រូវបាន​ផ្ទេរ​ទៅ​ឲ្យ​អធិការនគរបាល​ក្រុង​-​ស្រុក​-​ខណ្ឌ​។ 
 
​ការផ្ទេរ​សមត្ថកិច្ច​ក្នុងការ​ផ្តល់​សៀវភៅ​ស្នាក់នៅ​និង​សៀវភៅ​គ្រួសារ​នេះ ធ្វើឡើង​តាមរយៈ​ប្រកាស​របស់​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ចេញ​នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០​។ រដ្ឋមន្ត្រី​មហាផ្ទៃ បញ្ជាក់​ក្នុង​ប្រកាស​នោះ​ថា ការផ្ទេរ​សមត្ថកិច្ច​ចុះទៅ​ក្រោម​មួយ​ថ្នាក់ៗ​បែបនេះ គឺ​ដើម្បី «​បង្កលក្ខណៈ​ងាយស្រួល និង​ឆាប់រហ័ស​លើ​ការចុះបញ្ជី​ស្នាក់នៅ និង បញ្ជី​គ្រួសារ ជូន​ប្រជាជន​»​។ 
 
​សូមបញ្ជាក់ថា ការធ្វើ​អត្ដ​សញ្ញាណ​បណ្ណ សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ និង អាត្រា​នុ​កូ​ល​ដ្ឋា​ន ជាដើម មិន​តម្រូវ​ឲ្យ​បង់​ថវិកា​ឡើយ​៕  

Tag:
 សេវា​រដ្ឋបាល​
  សៀវភៅ​ស្នាក់នៅ
© រក្សាសិទ្ធិដោយ thmeythmey.com