ជាតិ
សង្គមជាតិ
សង្គមអន្តរជាតិ​
កម្ពុជា អះអាងថា​អនុវត្តតាម​UN តែ​អង្គការ​អាមេរិក រកឃើញ​កម្ពុជា​ប្រព្រឹត្ត​ផ្ទុយ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​
02, Jul 2020 , 4:48 pm        
រូបភាព
​ភ្នំពេញ​៖ វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​សន្តិសុខ​អន្តរជាតិ ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក បាន​រកឃើញថា  កម្ពុជា​បាន​អនុវត្ត​ផ្ទុយ​ពី​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ (UN) ក្នុងការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កូរ៉េខាងជើង​។ តែ​រដ្ឋាភិបាល​កម្ពុជា ច្រានចោល​របាយការណ៍​នេះ​។​


​របាយការណ៍​អង្គការ​អាមេរិក​មួយ​នេះ បាន​បញ្ជាក់ថា កម្ពុជា និង​ប្រទេស​ចំនួន​៦១​ទៀត បានផ្ដល់​ឱកាស​ឱ្យ​ពាណិជ្ជករ ឬ​អ្នកជំនួញ​កូរ៉េខាងជើង​រកស៊ី ដើម្បី​ប្រមូលប្រាក់​ទៅ​ស្រុក​របស់​ពួកគេ​។ របាយការណ៍​នេះ បានបញ្ជាក់ថា កម្ពុជាបានអនុញ្ញាត​ឱ្យ​ជនជាតិ​កូរ៉េ​ខាងជើង​បើក​ភោជនីយដ្ឋាន និង​ក្រុមហ៊ុន ដែល​អាច​ចរាចរណ៍​ប្រាក់​ទៅវិញទៅមក​បាន​។ 
 
​ក្រៅពី​កម្ពុជា ក៏មាន​ប្រទេស​ក្នុង​តំបន់​អាស៊ាន៦​ទៀត ដែលបាន​អនុញ្ញាតឱ្យ​កូរ៉េខាងជើង​រកស៊ី​ក្នុង​ប្រទេស​ពួកគេ​ដែរ ក្នុងនោះ​រួមមាន ថៃ វៀតណាម មី​យ៉ាន់​ម៉ា ហ្វីលីពីន ឥណ្ឌូណេស៊ី និង​សិង្ហ​បុរី ។​របាយការណ៍​ស៊ើបអង្កេត​រយៈពេល​មួយឆ្នាំ គឺ​ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៩ ដល់​ខែកុម្ភៈ ឆ្នាំ​២០២០​។​
 
​រដ្ឋាភិបាល​កម្ពុជា ច្រានចោល​របាយការណ៍​នេះ​។​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក កុយ គួ​ង បាន​បញ្ជាក់ថា កម្ពុជា​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន តាម​សេចក្តីសម្រេច​របស់​អង្គ​របស់​អង្គការសហប្រជាជាតិ (UN) ក្នុងការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កូរ៉េខាងជើង​។ បើតាម​លោក កុយ គួ​ង កម្ពុជា​បាន​បង្ក្រាប និង​បិទ​ទីតាំង​រកស៊ី​របស់​ជន​ជាតិ​កូរ៉េ​ង​ខាងជើង​ជា​បន្ត​បន្ទាប់មក​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ឥឡូវ​ឱ្យគេ​(​អង្គការ​អាមេរិក​)​ស្រាវជ្រាវ​រកមើល ថា មាន​ក្រុមហ៊ុន​កូរ៉េខាងជើង​នៅ​ខ្មែរ​ទៀត​អត់ ព្រោះ​យើង​បាន​អនុវត្ត​រាល់​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​យូរហើយ​។ ហើយ​គេ​ចង់ដឹងថា កូរ៉េខាងជើង​នៅមាន​រកស៊ី​នៅ​កម្ពុជា ជួយ​ឱ្យគេ​ចង្អុល​មក​មើលថា នៅមាន​កន្លែង​ណា​ទៀត​»​។​
 
​កាលពី​ថ្ងៃទី​២០ មករា ឆ្នាំ​២០២០ រដ្ឋាភិបាល​កម្ពុជា បាន​ផ្ញើ​ជូនទៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) ជុំវិញ​ការបិទ​ក្រុមហ៊ុន និង​ភោជនីយដ្ឋាន​កូរ៉េខាងជើង ដែល​រកស៊ី​នៅ​កម្ពុជា​។​របាយការណ៍​កម្ពុជា ដែល​ផ្ញើ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​វេ​ប​សាយ​គណៈកម្មាធិការ​ទណ្ឌ​កម្ម​នោះ បាន​បញ្ជាក់ថា កម្ពុជា បានសម្រេច​បិទ​ក្រុមហ៊ុន​ចំនួន​១២ ភោជនីយដ្ឋាន​៨ រួមទាំង​សារមន្ទីរ 3D ឬ សារមន្ទីរ​សព្វទស្សន៍​អង្គរ «Angkor Grand Panorama» ដំបូងបង្អស់​នៅ​កម្ពុជា ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​មកពី​ប្រទេស​កូរ៉េខាងជើង នៅក្នុង​ខេត្តសៀមរាប​ផងដែរ​។ ដោយឡែក​បុគ្គលិក និង​កម្មករ​កូរ៉េខាងជើង​១១៥​នាក់ ក៏​ត្រូវបាន​កម្ពុជា​បញ្ជូន​ចេញ​ទៀតផង​។​
 
​ក្រុមហ៊ុន ដែល​បាន​បិទទ្វារ​នោះ​រួមមាន​៖ Pyongyang Unhasu Co., Ltd., Sunrise Horizon Co., Ltd., U.J. Import Export Co., Ltd., The Brands Classic Co., Ltd., Mansudae New Tech Corporation Ltd., Jupic (Cambodia) Trading Co., Ltd., Haegeum River Soft Drink Shop, Sach Ang Sing Pyong, Ho Seryong Pyong Yang Arirang, Pyong Yang Traditional Noodle and Pyong Yang Restaurant​។​
 
​ចំណែក​ភោជនីយដ្ឋាន​កូរ៉េខាងជើង​៨​ដែល​បាន​បិទទ្វារ​នោះ​រួមមាន​៖ Pyongyang Arirang Restaurant , Moranbong Restaurants , Pyongyang Unhasu Restaurant , Pyongyang (Koryo) Restaurant , Pyongyang Traditional Restaurant , Sach Ang Sing Pyong , Pyongyang Traditional Noodle  និង​Friendship/Pyongyang Restaurant​។​
 
​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានចេញ​ដំណោះស្រាយ​នៃ​ការដាក់ទណ្ឌកម្ម​ស្តីពី​ប្រទេស​កូរ៉េខាងជើង តាំងពី​ឆ្នាំ ២០០៦ ដោយ​ស្នើឱ្យ​មានការ​អនុវត្តតាម​សំណើរ​ក្នុង​របាយការណ៍​នេះ​។ ក្រោយមក​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ ក៏បាន​អនុម័ត​ទៅលើ​ដំណោះស្រាយ​មួយ (UNSCR) ដោយ​តម្រូវឱ្យ​សមាជិក​ប្រទេស​ទាំងអស់​បញ្ឈប់​រាល់​ស​កម្ម​ភាព​របស់​ក្រុមហ៊ុន​កូរ៉េខាងជើង កាលពី​ឆ្នាំ​២០១៦​។ ចំណាត់ការ​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ គឺជា​ការដាក់​សម្ពាធ​និង​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញ​របស់​ទីក្រុង​ព្យុងយ៉ាង ដែល​បាន​ពឹងផ្អែក​ផ្លូវដង្ហើម​លើ​កម្មាភិបាល​កម្ម​កររ​បស់​ខ្លួន​ធ្វើការ​នៅ​បរទេស សម្រាប់​លំហូរ​រូបិយប័ណ្ណ​បរទេស​។​
 
 
​រដ្ឋាភិបាល​កម្ពុជា បាន​អនុលោម​តាម​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​នេះ​។ រដ្ឋាភិបាល​កម្ពុជា បានចាប់ផ្ដើម​បង្កើត​ក្រុមការងារ​ពិសេស​របស់​អន្តរក្រសួង សម្រាប់​ការត្រួតពិនិត្យ​ឯកសារ​ទាំងអស់​និង​ការស៊ើបអង្កេត​លើ​ក្រុមហ៊ុន និង​អាជីវកម្ម​របស់​កូរ៉េខាងជើង ដើម្បី​អនុលោម​តាម​ការដាក់ទណ្ឌកម្ម នៅ​ថ្ងៃទី ១ ខែមីនា​ឆ្នាំ ២០១៨ ។ នេះ​បើតាម​របាយការណ៍​រដ្ឋា​ភិ​បាល​កម្ពុជា​៕
 
 
 

Tag:
 UN
  កូរ៉េខាងជើង​
  ទណ្ឌកម្មសេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com