ភ្នំពេញ៖ វិទ្យាស្ថានវិទ្យាសាស្ត្រ និងសន្តិសុខអន្តរជាតិ ដែលមានមូលដ្ឋាននៅអាមេរិក បានរកឃើញថា កម្ពុជាបានអនុវត្តផ្ទុយពីសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ (UN) ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង។ តែរដ្ឋាភិបាលកម្ពុជា ច្រានចោលរបាយការណ៍នេះ។
របាយការណ៍អង្គការអាមេរិកមួយនេះ បានបញ្ជាក់ថា កម្ពុជា និងប្រទេសចំនួន៦១ទៀត បានផ្ដល់ឱកាសឱ្យពាណិជ្ជករ ឬអ្នកជំនួញកូរ៉េខាងជើងរកស៊ី ដើម្បីប្រមូលប្រាក់ទៅស្រុករបស់ពួកគេ។ របាយការណ៍នេះ បានបញ្ជាក់ថា កម្ពុជាបានអនុញ្ញាតឱ្យជនជាតិកូរ៉េខាងជើងបើកភោជនីយដ្ឋាន និងក្រុមហ៊ុន ដែលអាចចរាចរណ៍ប្រាក់ទៅវិញទៅមកបាន។
ក្រៅពីកម្ពុជា ក៏មានប្រទេសក្នុងតំបន់អាស៊ាន៦ទៀត ដែលបានអនុញ្ញាតឱ្យកូរ៉េខាងជើងរកស៊ីក្នុងប្រទេសពួកគេដែរ ក្នុងនោះរួមមាន ថៃ វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌូណេស៊ី និងសិង្ហបុរី ។របាយការណ៍ស៊ើបអង្កេតរយៈពេលមួយឆ្នាំ គឺចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២០។
រដ្ឋាភិបាលកម្ពុជា ច្រានចោលរបាយការណ៍នេះ។អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក កុយ គួង បានបញ្ជាក់ថា កម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមសេចក្តីសម្រេចរបស់អង្គរបស់អង្គការសហប្រជាជាតិ (UN) ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង។ បើតាមលោក កុយ គួង កម្ពុជាបានបង្ក្រាប និងបិទទីតាំងរកស៊ីរបស់ជនជាតិកូរ៉េងខាងជើងជាបន្តបន្ទាប់មក។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ឥឡូវឱ្យគេ(អង្គការអាមេរិក)ស្រាវជ្រាវរកមើល ថា មានក្រុមហ៊ុនកូរ៉េខាងជើងនៅខ្មែរទៀតអត់ ព្រោះយើងបានអនុវត្តរាល់សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិយូរហើយ។ ហើយគេចង់ដឹងថា កូរ៉េខាងជើងនៅមានរកស៊ីនៅកម្ពុជា ជួយឱ្យគេចង្អុលមកមើលថា នៅមានកន្លែងណាទៀត»។
កាលពីថ្ងៃទី២០ មករា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា បានផ្ញើជូនទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ជុំវិញការបិទក្រុមហ៊ុន និងភោជនីយដ្ឋានកូរ៉េខាងជើង ដែលរកស៊ីនៅកម្ពុជា។របាយការណ៍កម្ពុជា ដែលផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយត្រូវបានផ្សព្វផ្សាយនៅលើវេបសាយគណៈកម្មាធិការទណ្ឌកម្មនោះ បានបញ្ជាក់ថា កម្ពុជា បានសម្រេចបិទក្រុមហ៊ុនចំនួន១២ ភោជនីយដ្ឋាន៨ រួមទាំងសារមន្ទីរ 3D ឬ សារមន្ទីរសព្វទស្សន៍អង្គរ «Angkor Grand Panorama» ដំបូងបង្អស់នៅកម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសកូរ៉េខាងជើង នៅក្នុងខេត្តសៀមរាបផងដែរ។ ដោយឡែកបុគ្គលិក និងកម្មករកូរ៉េខាងជើង១១៥នាក់ ក៏ត្រូវបានកម្ពុជាបញ្ជូនចេញទៀតផង។
ក្រុមហ៊ុន ដែលបានបិទទ្វារនោះរួមមាន៖ Pyongyang Unhasu Co., Ltd., Sunrise Horizon Co., Ltd., U.J. Import Export Co., Ltd., The Brands Classic Co., Ltd., Mansudae New Tech Corporation Ltd., Jupic (Cambodia) Trading Co., Ltd., Haegeum River Soft Drink Shop, Sach Ang Sing Pyong, Ho Seryong Pyong Yang Arirang, Pyong Yang Traditional Noodle and Pyong Yang Restaurant។
ចំណែកភោជនីយដ្ឋានកូរ៉េខាងជើង៨ដែលបានបិទទ្វារនោះរួមមាន៖ Pyongyang Arirang Restaurant , Moranbong Restaurants , Pyongyang Unhasu Restaurant , Pyongyang (Koryo) Restaurant , Pyongyang Traditional Restaurant , Sach Ang Sing Pyong , Pyongyang Traditional Noodle និងFriendship/Pyongyang Restaurant។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញដំណោះស្រាយនៃការដាក់ទណ្ឌកម្មស្តីពីប្រទេសកូរ៉េខាងជើង តាំងពីឆ្នាំ ២០០៦ ដោយស្នើឱ្យមានការអនុវត្តតាមសំណើរក្នុងរបាយការណ៍នេះ។ ក្រោយមកក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ក៏បានអនុម័តទៅលើដំណោះស្រាយមួយ (UNSCR) ដោយតម្រូវឱ្យសមាជិកប្រទេសទាំងអស់បញ្ឈប់រាល់សកម្មភាពរបស់ក្រុមហ៊ុនកូរ៉េខាងជើង កាលពីឆ្នាំ២០១៦។ ចំណាត់ការរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ គឺជាការដាក់សម្ពាធនិងទណ្ឌកម្មផ្នែកហិរញ្ញរបស់ទីក្រុងព្យុងយ៉ាង ដែលបានពឹងផ្អែកផ្លូវដង្ហើមលើកម្មាភិបាលកម្មកររបស់ខ្លួនធ្វើការនៅបរទេស សម្រាប់លំហូររូបិយប័ណ្ណបរទេស។
រដ្ឋាភិបាលកម្ពុជា បានអនុលោមតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិនេះ។ រដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមបង្កើតក្រុមការងារពិសេសរបស់អន្តរក្រសួង សម្រាប់ការត្រួតពិនិត្យឯកសារទាំងអស់និងការស៊ើបអង្កេតលើក្រុមហ៊ុន និងអាជីវកម្មរបស់កូរ៉េខាងជើង ដើម្បីអនុលោមតាមការដាក់ទណ្ឌកម្ម នៅថ្ងៃទី ១ ខែមីនាឆ្នាំ ២០១៨ ។ នេះបើតាមរបាយការណ៍រដ្ឋាភិបាលកម្ពុជា៕