កីឡាជាតិ
ជាតិ
Eric Pen ម្ចាស់​ខ្សែក្រវាត់ WBA ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ​ប្រដាល់សកល​កម្ពុជា
03, Jul 2020 , 7:59 am        
រូបភាព
ដោយ:
​កីឡាករ​ខ្មែរ​-​អាមេរិក Eric Piroun Pen ត្រូវបាន​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​ជ្រើសរើស​ឲ្យ​ធ្វើជា​កីឡាករ​ជម្រើសជាតិ​ប្រចាំឆ្នាំ​២០២០​។ Eric ដែល​កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​វៀតណាម​បានបង្ហាញ​អារម្មណ៍​រំភើប​សប្បាយរីករាយ​យ៉ាងខ្លាំង ដែល​បាន​ក្លាយជា​ចំណែក​មួយ​ក្នុង​សហព័ន្ធ​កីឡា​បាល់​គុន​ខ្មែរ​។ ជាមួយគ្នានេះ រូបគេ​ប្តេជ្ញា​នឹង​ខិតខំ​ប្រឺ​ង​ប្រែង​ហ្វឹកហាត់ ដើម្បី​ត្រៀម​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​

 
​ម្ចាស់​ខ្សែក្រវាត់ WBA Asia Heavyweight Championship កីឡាករ Eric Pieroun Pen នឹង​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ក្នុងការ​ប្រកួត​អន្តរជាតិ​នានា ចាប់ពី​ខែកក្កដា ឆ្នាំ​២០២០ តទៅ​។ ការ​ក្លាយជា​ចំណែក​មួយ​របស់​កម្ពុជា​នេះ គឺ​បន្ទាប់ពី​កីឡាករ​ខ្មែរ​-​អាមេរិក​រូបនេះ ត្រូវបាន​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​ជ្រើសរើស​ឲ្យ​ធ្វើជា​កីឡាករ​ជម្រើសជាតិ​ប្រចាំឆ្នាំ​២០២០​។ 
 
​ទោះបី​កីឡាករ​មាន​ឪពុកម្តាយ​មាន​ដើមកំណើត​នៅ​ខេត្តកំពត​រូបនេះ មានឈ្មោះ​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ តែ​រូបគេ​មិន​មក​ហ្វឹកហាត់​នៅ​កម្ពុជា​នោះទេ ពោលគឺ​រូបគេ​នឹង​បន្ត​ហ្វឹកហាត់​នៅ​ប្រទេស​វៀតណាម​។ កីឡាករ​រូបនេះ​នឹង​មក​កម្ពុជា​នៅពេល​កម្ពុ​ជាមាន​ការរៀប​ចំការ​ប្រកួត ឬ​ត្រូវការ​រូបគេ​​ដើម្បី​ចេញទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា​។ នេះ​បើតាម​ការសរសេរ​រៀបរាប់​របស់លោក ប៊ុ​យ សោ​ភ័​ណ្ឌ អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​។  
 
​កីឡាករ Eric Pen បានបង្ហាញ​អារម្មណ៍​រំភើប​សប្បាយរីករាយ​យ៉ាង​ក្រៃលែង ដែល​បាន​ក្លាយជា​កីឡាករ​ជម្រើសជាតិ​របស់​កម្ពុជា​។ សម្រាប់ Eric នេះ​ជា​ឱកាស​របស់ខ្លួន ដើម្បី​ផ្សព្វផ្សាយ​ពី​កម្ពុជា ដែលជា​ប្រទេស​កំណើត​របស់​ឪពុកម្តាយ​គេ​ឲ្យ​ពិភពលោក​ស្គាល់​កាន់តែច្បាស់​។ 
 
​តាមរយៈ​វីដេអូ​ឃ្លី​ប​ដែល​សហព័ន្ធ​បានផ្តល់​ឲ្យ​អ្នកសារព័ត៌មាន​កីឡាករ Eric Pen បានបង្ហាញ​អារម្មណ៍​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ពិតជា​មាន​មោទកភាព និង​កិត្តិយស​យ៉ាង​ក្រៃលែង ដែល​បាន​ក្លាយជា​កីឡាករ​ជម្រើសជាតិ​កម្ពុជា​។ ខ្ញុំ​ពិតជា​ចង់បង្ហាញ​ពី​ដើមកំណើត​ខ្ញុំ និង​ឪពុកម្តាយ​របស់ខ្ញុំ ក៏ដូចជា​បង្ហាញ​ដល់​សាធារណៈជន​ពី​កម្ពុជា​»​។ 
 
​ជាមួយ​ការប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​រូបនេះ​រំពឹងថា រូបគេ​នឹងមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ជាមួយគ្នានេះ រូបគេអរគុណ​ដល់​ប្រជាជន​កម្ពុជា​ដែល​បាន​គាំទ្រ​រូបគេ​កន្លងមក​។ 
 
​រូបគេ​បាន​ប្តេជ្ញា​ថា​៖«​ខ្ញុំ​នឹង​បន្ត​ប្រឹងប្រែង​ហ្វឹកហាត់ និង​ចូលរួម​ប្រកួត​បន្ថែមទៀត រហូតដល់​ពេលវេលា​ម​ក​ដល់ ខ្ញុំ​នឹង​អាច​រៀបចំខ្លួន​បានល្អ​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម ហើយ​យើង​នឹង​ឈានទៅ​សម្រេច​គោលដៅ​។ ខ្ញុំ​ចង់​ប្រាប់​ទៅ​អ្នក​ទាំងអស់គ្នា​នៅក្នុង​ប្រទេស​កម្ពុជា​ថា ខ្ញុំ​អរគុណ​យ៉ាង​ក្រៃលែង​សម្រាប់​ការគាំទ្រ​រូបខ្ញុំ ។ ខ្ញុំ​ស្រឡាញ់​អ្នក​ទាំងអស់គ្នា និង​ជួបគ្នា​នាពេល​ឆាប់ៗ​នេះ​»​។​
 
​កីឡាករ​ខ្មែរ​-​អាមេរិក​រូបនេះ បាន​ចូលប្រឡូក​ធ្វើ​កីឡាករ​ប្រដាល់សកល​ស្ម័គ្រចិត្ត​នៅ​ឆ្នាំ​២០១៤ ហើយ​រូបគេ​បាន​វិ​វត្ត​ខ្លួន​ទៅជា​កីឡាករ​អាជីព​នៅ​ឆ្នាំ​២០១៨​។ នៅ​ឆ្នាំ​២០១៩ រូបគេ​ដណ្តើមបាន​ខ្សែក្រវាត់ WBA Asia Heavyweight Championship៕  

Tag:
 ប្រដាល់សកល​
  Eric Piroun Pen
© រក្សាសិទ្ធិដោយ thmeythmey.com