ជាតិ
ពលរដ្ឋ​ក្រីក្រ​ជាង​៤២​ម៉ឺន​គ្រួសារ​ហើយ ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល
02, Jul 2020 , 11:29 pm        
រូបភាព
ក្រុមការងាររបស់ក្រសួងសង្គមកិច្ច ចុះចែកអំណោយដល់គ្រួសារក្រីក្រ (រូបតំណាង, រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងសង្គមកិច្ច)
ក្រុមការងាររបស់ក្រសួងសង្គមកិច្ច ចុះចែកអំណោយដល់គ្រួសារក្រីក្រ (រូបតំណាង, រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងសង្គមកិច្ច)
​ភ្នំពេញ​៖ លោក វង សូត រដ្ឋ​ម​ន្រី្ត​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ផ្តល់ព័ត៌មាន​ថា គិត​ចាប់ពី​ថ្ងៃទី​២៥ មិថុនា ដល់​រសៀល​ថ្ងៃទី​២ កក្កដា ឆ្នាំ​២០២០ ពលរដ្ឋ​ក្រីក្រ​ដែលមាន​បណ្ណសម​ធម៌​ជាង​៤២​ម៉ឺន​គ្រួសារ បាន​បើកប្រាក់​ឧបត្ថម្ភ​ជាង​៧៤​ពាន់​លាន​រៀល (​ជាង​១៨​លាន​ដុល្លារ​) ពី​រដ្ឋាភិបាល​។


​ក្នុង​សន្និសីទ​ព័ត៌មាន​ស្ដីពី​ភាពមិនប្រក្រតី​និង​ការតវ៉ា​ជុំវិញ​ការ​អនុ​វត្ថ​កម្មវិធី​ឧបត្ថម្ភ​ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅ​ទីស្តីការក្រសួង​សង្គមកិច្ច នា​រសៀល​ថ្ងៃនេះ លោក វង សូត អះអាងថា ចំនួន​អ្នកបើក​សាច់ប្រាក់​ប្រមាណ​៤២​ម៉ឺន​គ្រួសារ​នេះ គឺ​ស្មើនឹង​៨០​ភាគរយ​នៃ​គ្រួសារ​ក្រីក្រ ដែល​ក្រសួងផែនការ​ចុះ​ស្រង់​ទិន្ន័យ​ជុំ​ទី​១ មាន​ប្រមាណ​៥៦​ម៉ឺន​គ្រួសារ​។ ជាមួយគ្នានេះដែរ រដ្ឋ​ម​ន្រី្ត​ក្រសួង​សង្គមកិច្ច បាន​បញ្ជាក់ថា យ៉ាងយូរ​នៅ​សប្ដាហ៍​ក្រោយ ពលរដ្ឋ​ដែល​បណ្ណ​សមធម៌​ជុំ​ទី​១ នឹង​បើកប្រាក់​បាន​គ្រប់គ្នា​។ 
 
​អ្នកនាំពាក្យ​ក្រសួងផែនការ លោក ស្រី ដា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ជុំវិញ​ភាពមិនប្រក្រតី​លើ​បណ្ណ​សមធម៌​នេះ មាន​ប្រមាណ​១៥០០​ករណី ដែល​ក្រសួងផែនការ​បាន​ជួយ​ដោះស្រាយ​ពលរដ្ឋ​នៅ​អំឡុងពេល​ចុះ​បំពេញ​កិច្ចការ​។ លោក បន្តថា ភាពមិនប្រក្រតី​ដែល​ក្រុមការងារ​របស់​ក្រសួង​ផែន​បាន​រកឃើញ គឺ​ភាគច្រើន​បាត់​បណ្ណ​សមធម៌​។ លោក បន្ថែមថា បច្ចុប្បន្ន​ក្រសួងផែនការ​បានបញ្ចប់​ការ​ស្រង់​ទិន្ន័យ​ជុំ​ទី​២​ហើយ ប៉ុន្តែ​ពលរដ្ឋ​ក្រីក្រ​នៅតែ​ធ្វើ​បណ្ណ​សមធម៌​បន្តបាន​ដដែល តាមរយៈ​ការស្នើសុំ​ទៅ​ឃុំ​-​សង្កាត់​។ 
 
​កាលពី​ថ្ងៃទី​២៤ ខែមិថុនា រដ្ឋាភិបាល បានប្រកាស​ជា​ផ្លូវការ នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ភាពក្រីក្រ​និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​-១៩​។ នៅក្នុង​ពិធី​ដដែល​នេះ ប្រមុខ​រដ្ឋាភិបាល បាន​ប្រាប់​ឲ្យ​អាជ្ញាធរខេត្ត និង​ក្រសួងផែនការ តាមដាន​ស្ថានភាព​ជីវភាព​របស់​ប្រជាជន​ឲ្យ​ដិតដល់ ដើម្បី​ធ្វើ​របាយការណ៍​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រាប់​រៀបចំ​ផ្ដល់​ថវិកា​ឲ្យ​បាន​គ្រប់​ចំនួន​៕
 

Tag:
 ជនក្រីក្រ​
  បណ្ណ​សមធម៌
© រក្សាសិទ្ធិដោយ thmeythmey.com