COVID-19
អន្តរជាតិ
ឥណ្ឌូណេស៊ី សម្រេច​ដាក់​ខេត្ត​មួយ​ក្នុង​ភាពអាសន្ន ដោយសារ​ភ្លើង​ឆេះ​ព្រៃ​
02, Jul 2020 , 10:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ឥណ្ឌូណេស៊ី បានសម្រេច​ដាក់​ខេត្ត​ទំហំ​ធំ​ទី​៣​របស់ខ្លួន ចាប់ពី​ថ្ងៃទី​១ ខែកក្កដា ដល់​ចុងខែ​កញ្ញា ក្នុងស្ថានភាព​អាសន្ន​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​ច្រើនជាង ៧០០​កន្លែង​។ ការដាក់​តំបន់​ក្នុង​ភាពអាសន្ន​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ឥណ្ឌូណេស៊ី ត្រៀម​ចូលដល់​រដូវ​ភ្លើង​ឆេះ​ព្រៃ​ផងដែរ​។ 


​ឥណ្ឌូណេស៊ី បានប្រកាស​អាសន្ន​លើ​ខេត្ត Central Kalimantan ដោយ​ចាប់​គិតពី​ថ្ងៃទី​១ ខែកក្កដា ដល់​ថ្ងៃទី​២៨ ខែកញ្ញា​។ កម្រិត​អាសន្ន ដែល​រដ្ឋាភិបាល​ទីក្រុង​ហ្សា​ការ​តា ដាក់​លើ​ខេត្ត Central Kalimantan នៅពេលនេះ គឺ​គ្រាន់តែ​ជា​កម្រិត​ដំបូង​ប៉ុណ្ណោះ ដែល​ទាមទារ​ការត្រួតពិនិត្យ​ជាង​មុន និង​ព​ន្លឿ​ន​ការ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ឲ្យ​កាន់តែ​លឿន​។ 
 
​ការដាក់​ភាពអាសន្ន គឺ​ដើម្បី​កាត់បន្ថយ​ភ្លើង​ឆេះ​ព្រៃ​នៅក្នុង​តំបន់​។ បើតាម​លោក Alpius Patanan មន្ត្រី​ទីភ្នាក់ងារ​កាត់បន្ថយ​គ្រោះមហន្តរាយ​របស់​ខេត្ត Central Kalimantan បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ « កិច្ចខិតខំ ដើម្បី​កាត់បន្ថយ​ភ្លើង​ឆេះ​ព្រៃ កំពុងតែ​ដំណើរការ ដោយសារតែ​តំបន់​ភាគច្រើន​នៅក្នុង​ខេត្ត Central Kalimantan បាន​ចូលដល់​រដូវប្រាំង​ក្នុង​ខែកក្កដា​»​។ 
 
​យ៉ាងណាក៏ដោយ បញ្ហា COVID-19 គឺ​ឧបសគ្គ ដែល​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូណេស៊ី កាន់​តែមាន​លក្ខណៈ​ធ្ងន់ធ្ងរ​។ ក្នុង​រយៈពេល COVID-19 នេះ រដ្ឋាភិបាល​ទីក្រុង​ហ្សា​ការ​តា បាន​កាត់លុយ​មួយផ្នែក ពី​គម្រោង​ហិរញ្ញវត្ថុ​សម្រាប់​ពន្លត់ភ្លើង​ឆេះ​ព្រៃ ដើម្បី​ជួយសង្គ្រោះ​សេដ្ឋកិច្ច​របស់ខ្លួន​។ ទន្ទឹមនេះ លោក​Kiki Taufik នាយក​យុទ្ធនា​ការការពារ​ព្រៃឈើ​របស់​អង្គការ Greenpeace ក៏បាន​ទទួលស្គាល់​ដែរ​ថា ការកាត់ថ​វិកា​សម្រាប់​ពន្លត់ភ្លើង​ឆេះ​ព្រៃ នឹង​បង្ក​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូណេស៊ី​កាត់​តែ​គ្រោះថ្នាក់​ថែមទៀត ហើយ​ទំហំ​ភ្លើង​ឆេះ​ព្រៃ​នឹង​ធំ​ជាង​ឆ្នាំ​២០១៩ ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​ឥណ្ឌូណេស៊ី គឺជា​ប្រទេស​ដាំដូង​ប្រេង និង​នាំចេញ​ដូងប្រេង​ដ៏​ធំ​មួយ​ទៅកាន់​ពិភពលោក​។ ប្រជាជន​ឥណ្ឌូណេស៊ី តែងតែ​កាប់ឆ្កា​ព្រៃ និង​ដុត​ព្រៃ ដើម្បី​យក​ដី​ដាំដូង​ប្រេង​។ ការដុត​ព្រៃដាំ​ដូងប្រេង​នេះ ក៏​ជា​មូលហេតុ​មួយ ដែល​បង្ក​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូណេស៊ី​ដែរ​។  
 
​សូមបញ្ជាក់ថា នៅ​ឆ្នាំ ២០១៩ ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូណេស៊ី គឺមាន​លក្ខណៈ​ធំ​ណាស់ និង​ឆេះ​ជាច្រើន​រយ​កន្លែង​ផ្សេងៗ​គ្នា​។ ចំណែក​ផ្សែង ដែល​កើតចេញពី​ភ្លើង​ឆេះ​ព្រៃ បាន​រីក​ភាយ​ដល់​ប្រទេសមួយ​ចំនួន​ដូចជា សិង្ហ​បុរី និង​ម៉ាឡេស៊ី​ជាដើម​។ បញ្ហា​ផ្សែ​ពុល ដែល​បណ្តាល​ដោយ​ភ្លើង​ឆេះ​ព្រៃ​នេះ បាន​បង្ខំ​ឲ្យ​សាលារៀន​មួយចំនួន​នៅ​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​ត្រូវ​បិទទ្វារ​៕

Tag:
 ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com