អន្តរជាតិ
លោក ច​ន​សុន ថា ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង គឺជា​ការបំពាន​សន្ធិសញ្ញា​អង់គ្លេស​-​ចិន​ឆ្នាំ​១៩៨៤
03, Jul 2020 , 8:29 am        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន។ រូបភាព៖ Reuters
នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន។ រូបភាព៖ Reuters
​ការអនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ពី​សំណាក់​ទីក្រុង​ប៉េកាំង គឺជា​ការបំពាន​យ៉ាងច្បាស់ និង​ធ្ងន់ធ្ងរ​ទៅលើ​សេចក្តីប្រកាស​រួមគ្នា​រវាង​អង់គ្លេស​-​ចិន ឆ្នាំ​១៩៨៤​។ លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន បានលើកឡើង​បែបនេះ នៅ​ថ្ងៃទី​១ ខែកក្កដា ដោយ​បន្ថែមថា អង់គ្លេស​នៅតែ​រក្សា​ការសន្យា​របស់ខ្លួន ក្នុង​ការផ្តល់​លិខិតឆ្លងដែន​ឲ្យ​ប្រជាជន​ហុងកុង​មាន​សិទ្ធិមក​តាំង​លំនៅ​ក្នុងប្រទេស​នៅ​តំបន់​អឺរ៉ុប​មួយ​នេះ​។​

 
​ច្បាប់​សន្តិសុខ​ជាតិ បាន​បង្ក​ឲ្យ​មាន​បញ្ហា​ចម្រូងចម្រាស់​យ៉ាងខ្លាំង ទាំង​នៅ​ហុងកុង និង​បរទេស​។ ប្រជាជន​ហុងកុង​ជាច្រើន​ពាន់​នាក់ បាន​ចេញមក​បាតុកម្ម និង​ប្រារព្ធ​ខួប​ទី​២៣ ដែល​អង់គ្លេស​ប្រគល់​ទឹកដី​ហុងកុង ត្រលប់​មកវិញ​។ មនុស្ស​ប្រមាណ ៣៧០​នាក់ ត្រូវ​ប៉ូលិស​ចាប់ខ្លួន ហើយ​ក្នុងចំណោម​នោះ មាន​មនុស្ស ១០​នាក់ ត្រូវគេ​ចោទ​ពីបទ​បំពាន​ច្បាប់​សន្តិសុខ​ជាតិ​។ ចំណែក​នៅ​បរទេស​វិញ អឺរ៉ុប អាមេរិក បាន​រិះគន់​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នេះ​ថា គឺ​បំផ្លាញ​សិទ្ធិសេរីភាព និង​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​»​។ 
 
​ចំណែក​អង់គ្លេស ដែលជា​អតីត​ម្ចាស់​អាណានិគម​ហុងកុង ក៏បាន​ចេញមុខ​មក​រិះ​គន់​ដែរ ជុំវិញ​បញ្ហា​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នេះ​។ ថ្លែង​នៅក្នុង​សភា​អង់គ្លេស លោកនាយក​រដ្ឋមន្ត្រី​អង់់គ្លេស លោក បូរី​ស ច​ន​សុន បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ការអនុម័ត និង​ដាក់​ឲ្យ​អនុវត្ត​នូវ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង គឺជា​បំពាន​យ៉ាងច្បាស់ និង​ធ្ងន់ធ្ងរ​ទៅលើ​សេចក្តីប្រកាស​រួម​ចិន និង​អង់គ្លេស ឆ្នាំ​១៩៨៤»​។ 
 
​សេចក្តីប្រកាស​រួម​រវាង​ចិន និង​អង់គ្លេស​ឆ្នាំ ១៩៨៤ គឺជា​សន្ធិសញ្ញា​មួយ ដែល​បើកផ្លូវ​ឲ្យ​អង់គ្លេស​ប្រគល់​ទឹកដី​ហុងកុង​មក​ឲ្យ​ចិន​វិញ​នៅក្នុង​ឆ្នាំ​១៩៩៧​។ ក្នុង​សន្ធិសញ្ញា ចំណុច​មួយ​បាន​ចែងថា ក្នុង​រយៈពេល​៥០ បន្ទាប់ពី​អង់គ្លេស​ប្រគល់​ហុងកុង​ឲ្យ​មក​ចិន គោលនយោបាយ​មូលដ្ឋាន​របស់​ចិន ដែល​ទាក់ទិន​នឹង​ហុងកុង នឹងមិន​ត្រូវ​មានការ​ផ្លាស់ប្តូរ​អ្វី​ឡើយ ក្នុងនោះ​ក៏​រួមបញ្ចូល​ទាំង​ស្វ័យភាព​កម្រិត​ខ្ពស់​របស់​ហុងកុង​ផងដែរ​។ ចំណុច​នេះ មានចែង​នៅក្នុង​ច្បាប់​មូលដ្ឋាន​របស់​ហុងកុង​។ 
 
​សេចក្តីប្រកាស​រួម​ចិន​-​អង់គ្លេស​ឆ្នាំ ១៩៨៤​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ នាយករដ្ឋមន្ត្រី​ចិន Zhao Ziyang និង​សម​ភាគី​អង់គ្លេស លោកស្រី Margaret Thatcher​។ កិច្ចចរចា​លើ​សេចក្តីប្រកាស​រួម​នេះ ត្រូវ​ចំណាយពេល​ចរចា​រហូតដល់ ២​ឆ្នាំ​ឯណោះ ពោលគឺ​ចាប់តាំងពី​នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី Margaret Thatcher ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​ចិន​នៅក្នុង​ឆ្នាំ ១៩៨២៕ 
 
​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ពី​ការផ្តល់​លិខិតឆ្លងដែន​សម្រាប់​ជនជាតិ​ចក្រភព​អង់គ្លេស​នៅ​បរទេស​(British National Overseas) ផងដែរ​។ លិខិតឆ្លងដែន​នេះ គឺ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ហុងកុង តាំង​លំនៅ​អង់គ្លេស និង​អាច​ទទួល​សិទ្ធិ​ជា​ពលរដ្ឋ​អង់គ្លេស​។ បើតាម​ការបញ្ជា​ក់រប​ស់​នាយករដ្ឋមន្ត្រី មនុស្ស​ប្រមាណ ៣​លាន​នាក់ អាច​ទទួល​សិទ្ធិ​កាន់​លិខិតឆ្លងដែន​នេះ ខណៈ​មនុស្ស​ប្រមាណ ៣៤​ម៉ឺន​នាក់ មាន​លិខិតឆ្លងដែន​នេះ​រួចហើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ជាការ​ឆ្លើយតប​ទៅនឹង​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ទទូច​ឲ្យ​ប្រទេស​ដទៃ ឈប់​យក​បញ្ហា​ហុងកុង មក​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។ ទន្ទឹមនេះ អ្នកនាំពាក្យ​ក្រសួងការបរទេស ក៏បាន​អះអាងថា ចិន​នៅតែ​បន្ត​អនុវត្ត​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» យ៉ាងរឹងមាំ ហើយ​ចិន ជំទាស់​ជាដាច់ខាត រាល់​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​។​
 
 

Tag:
 អង់គ្លេស​
  ចិន​
  ហុងកុង​
© រក្សាសិទ្ធិដោយ thmeythmey.com