សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន​និង​ឥណ្ឌា ដកទ័ព​មួយចំនួនធំ​ចេញពី​តំបន់​ព្រំដែន​ជម្លោះ​
02, Jul 2020 , 11:59 pm        
រូបភាព
​ចិន និង​ឥណ្ឌា​បាន​យល់ព្រម ដក​កងទ័ព​រៀងៗ​ខ្លួន​ចេញពី​តំបន់​ព្រំដែន​ជម្លោះ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​។ ការព្រមព្រៀង​ដក​កងទ័ព​នេះ ធ្វើឡើង​បន្ទាប់ពី​ទីក្រុង​ញូវដែលី និង​ទីក្រុង​ប៉េកាំង​មាន​ជំនួប​ចរចា​មួយ​ជាមួយគ្នា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​រដ្ឋ​ចិន People’s Daily នៅ​ថ្ងៃទី​២ ខែកក្កដា​។


​ស្ថានការណ៍​នៅតាម​តំបន់​ព្រំដែន​រវាង​ចិន​-​ឥណ្ឌា ហាក់ដូចជា​ក្តៅ​ដោយសារ​ភាគី​ជម្លោះ​ទាំងពីរ​បន្ថែម​ទ័ព និង​មាន​សមយុទ្ធ​នៅក្បែរ​តំបន់​ព្រំដែន​ជម្លោះ​។ បើទោះបី​ជាមាន​បញ្ហា​ចម្រូងចម្រាស​ដាក់គ្នា​ក៏ពិតមែន ប៉ុន្តែ​យក្ស​នុយក្លេអ៊ែរ​ទាំងពីរ បាន​បញ្ជូន​អ្នកចរចា​រៀងៗ​ជា​បន្តបន្ទាប់ ដើម្បី​ជួប​តទល់​គ្នា បន្ធូរបន្ថយ​ភាព​តានតឹង ដែល​កើតមាន​តាំងពី​ថ្ងៃទី​១៥ ខែមិថុនា​កន្លងមក​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន People’s Daily ទីក្រុង​ប៉េកាំង និង​ទីក្រុង​ញូវដែលី បាន​យល់ព្រម​ចាត់វិធានការ​មួយចំនួន ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ដាក់គ្នា​នៅតាម​តំបន់​ព្រំដែន​ជម្លោះ​។ កងទ័ព​ជាច្រើន នៃ​ភាគី​ទាំងសងខាង នឹង​ដក​ចេញពី​តំបន់​ជម្លោះ​។ តាម​ការចុះផ្សាយ​នេះ​ដដែល កងទ័ព​នៅតាម​កងពល​ផ្សេងៗ​គ្នា នឹង​ដក​ចេញពី​តំបន់​ព្រំដែន​ជម្លោះ​មួយចំនួន​។ ការប្រឈមមុខ​ដាក់គ្នា​រវាង​កងទ័ព​ចិន និង​ឥណ្ឌា គឺមាន​នៅតាម​ទីតាំង​ជាច្រើន​តាម​បណ្តោយ​ព្រំដែន​ចិន និង​ឥណ្ឌា​។ 
 
​ការកាត់បន្ថយ​កម្លាំង​ទ័ព​នេះ ធ្វើឡើង​បន្ទាប់ពី​ជំនួប​រវាង​មេបញ្ជាការ​ចិន និង​ឥណ្ឌា នៅ​ភូមិ Chushul តំបន់ Ladakh ប្រទេស​ឥណ្ឌា នា​ថ្ងៃទី​៣០ ខែមិថុនា​។ ក្នុងជំនួប​ចរចា​នេះ ក្រសួងការបរទេស​ចិន បាន​អះអាងថា គឺជា​ដំណើរការ​វិជ្ជមាន​មួយ ក្នុងការ​កាត់បន្ថយ​ភាព​តានតឹង និង​មាន​ទំនាក់ទំនង​ជាមួយគ្នា​កាន់តែ​ជិតស្និទ្ធ​។ 
 
​ចិន និង​ឥណ្ឌា គឺមាន​ព្រំដែន​ជាមួយគ្នា​រហូតដល់​ប្រមាណ ៣៤០០​គីឡូម៉ែត្រ​ឯណោះ ប៉ុន្តែ​ភាគី​ទាំងពីរ​មិនទាន់មាន​ព្រំដែន​ផ្លូវការ​ជាមួយគ្នា​នៅឡើយ​ទេ ពោល​គឺមាន​ត្រឹមតែ​ខ្សែបន្ទាត់​ព្រំដែន​គ្រប់គ្រង​ជាក់ស្តែង (LAC) ប៉ុណ្ណោះ​។ 
 
​សូមបញ្ជាក់ ការប៉ះទង្គិច​គ្នា​នៅ​ថ្ងៃទី​១៥ ខែមិថុនា បាន​បណ្តាល​ឲ្យ​កងទ័ព​ឥណ្ឌា​ចំនួន ២០​នាក់​បាត់​បង់ជីវិត និង​របួស​ជាច្រើន​នាក់ ខណៈ​ចិន មាន​ស្លាប់​នឹង​របួស​ដូចគ្នា ប៉ុន្តែ​មិន​បញ្ចេញ​របាយការណ៍​។ ការប៉ះទង្គិច​នេះ បាន​បង្ក​ឲ្យ​ប្រជាជន​ឥណ្ឌា​ជាច្រើន​នាក់ តវ៉ា និង​មិន​ប្រើប្រាស់​ផលិតផល​ចិន ហើយ​ឈានទៅដល់​រដ្ឋាភិបាល​ឥណ្ឌា​បិទ​កម្មវិធី​ចិន លើ​ទូរ​សព្ទ​ជាច្រើន​ថែមទៀត ដោយសារ​បញ្ហា​សន្តិសុខ​ជាតិ​៕ 

Tag:
 ចិន​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com