កីឡាអន្តរជាតិ
អន្តរជាតិ
ឥណ្ឌា អ៊ីរ៉ង់ កាតា អា​រ៉ា​ប៊ី​សា​អូឌីត និង​អ៊ូ​ស​បេ​គី​ស្ថាន​ដេញថ្លៃ​រៀបចំ AFC Asian Cup ឆ្នាំ​២០២៧
03, Jul 2020 , 8:59 am        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) នៅ​ថ្ងៃទី​១ ខែកក្កដា បញ្ជាក់ថា​មាន​ប្រទេស​ចំនួន ៥ ក្នុងចំណោម​សមាជិក​សហព័ន្ធ​ក្នុង​តំបន់ បាន​ចូលរួម​ដេញថ្លៃ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ​២០២៧​។​


​បើតាម​ការចុះផ្សាយ​លើ​វេ​ប​សាយ​ផ្លូវកា AFC សហព័ន្ធ​កីឡាបាល់ទាត់​ជា​សមាជិក​ទាំង ៥ ដែល​បង្ហាញ​ពី​ចេតនា​ចូលរួម​ដេញថ្លៃ​រៀបចំ​ការប្រកួត​កីឡាបាល់ទាត់​កម្រិត​កំពូល​ប្រចាំ​តំបន់​អាស៊ី​មាន សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌា (IFF) សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីរ៉ង់ (FFI) សហព័ន្ធ​កីឡាបាល់ទាត់​កាតា (QFA) សហព័ន្ធ​កីឡាបាល់ទាត់​អារ៉ាប់​ប៊ី​សា​អូឌីត (SAF) និង​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ូ​ស​បេ​គី​ស្ថាន (UFA)​។​
 
​បច្ចុប្បន្ន AFC ចាប់​ផ្តើ​ធ្វើការ​ជាមួយ​សហព័ន្ធ​ទាំង​៥​នេះ លើ​ការប្រគល់​ឯកសារ​ជុំវិញ​ការដេញថ្លៃ​ស្របតាម​ដំណើរការ​ដេញថ្លៃ ហើយនឹង​ប្រកាសថា​ប្រទេស​ណា​នឹង​ក្លាយជា​ម្ចាស់ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍ AFC Asian Cup លើក​ទី​១៩ នៅក្នុង​ឆ្នាំ ២០២១​។​
 
​ក្រោយ​ប្រកាស​ពី​ចំនួន​សមាជិក​ដេញថ្លៃ លោក Shaikh Salman bin Ebrahim Al Khalifa ប្រធាន AFC បាន​ថ្លែងអំណរគុណ​ដល់​សហព័ន្ធ​សមាជិក​ទាំង ៥ ដែល​បានបង្ហាញ​ការគាំទ្រ និង​បាន​សរសើរ​មហិច្ឆតារ​បស់​ពួកគេ​ដែលជា​សក្ខីភាព​ដ៏​អស្ចារ្យ​ចំពោះ​ការរីកចម្រើន​មិន​ធ្លាប់មាន​នៃ​ព្រឹត្តិការណ៍ AFC Asian Cup​។​
 
​លោក Shaikh Salman បន្ថែមថា​៖ «​ព្រឹត្តិការណ៍ AFC Asian Cup ជា​ដំណាក់កាល​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​អាស៊ី និង​ការ​បំបែក​ឯតទគ្គ​កម្ម​ធំ​បំផុត​មិន​ធ្លាប់​មាននៅ​អារ៉ាប់​រួម​កាលពី​ឆ្នាំ ២០១៩ ដែល​បាន​បង្កើត​មូលដ្ឋានគ្រឹះ​សម្រាប់​កីឡាបាល់ទាត់​អាស៊ី​ដើម្បី​ពង្រឹង​កេរ្តិ៍តំណែល​នេះ​»​។ 
 
​ចំណោម​សមាជិក​ទាំង ៥ ដែល​បង្ហាញ​ការចាប់អារម្មណ៍​នោះ មាន​ប្រទេស​ពីរ​ធ្លាប់​បានរៀបចំ​ព្រឹត្តិការណ៍​នេះ​ចំនួន​២​លើក​រួចមកហើយ​ចាប់តាំងពី​បង្កើតពាន​នេះ​ឡើង​ក្នុង​ឆ្នាំ ១៩៥៦​។ ម្ចាស់​ការពារ​ជើងឯក​ឆ្នាំ​២០១៩ កាតា​បានរៀបចំ​នៅ​ឆ្នាំ ១៩៨៨ និង ២០១១ ស្របពេល​អ៊ីរ៉ង់​ជា​ប្រទេស​តែមួយ​នៅ​អាស៊ី​ដែល​ឈ្នះ​ជើងឯក​ចំនួន​២​លើក​នៅពេល​ពួកគេ​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ ១៩៦៨ និង ១៩៧៦​។​
 
​ដោយឡែក​ម្ចាស់​ជើងឯក​៣​ជំនាន់​អា​រ៉ា​ប៊ី​សា​អូឌីត និង​ឥណ្ឌា សុទ្ធសឹងតែ​កំពុង​ប្រជែង​គ្នា​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ AFC Asian Cup លើកដំបូង​សម្រាប់​ឆ្នាំ​២០២៧​។ ចិន​ដែល​ទទួលបាន​សិទ្ធិ​រៀបចំ​នៅ​ឆ្នាំ​២០២៣ ធ្លាប់​ដឹកនាំ​ម្តង​រួចមកហើយ​នៅ​ឆ្នាំ​២០០៤​។ សម្រាប់​ជប៉ុន​ដែល​ជោគជ័យ​ជាងគេ​ដោយ​លើក​ពាន​កំពូល​អាស៊ី​នេះ​ដល់​ទៅ​៤​ជំនាន់ ធ្លាប់ធ្វើ​ម្ចាស់ផ្ទះ​១​លើក​ក្នុង​ឆ្នាំ​១៩៩២៕
 
 

Tag:
 AFC Asian Cup
  AFC
© រក្សាសិទ្ធិដោយ thmeythmey.com