កីឡាជាតិ
ជាតិ
ពានសម្តេច ហ៊ុន សែន៖ កីឡាករ ទេព សើហ្វីអ៊ី សម្រេចបាន Hat-Trick ជួយឲ្យកែបឈ្នះកំពង់ឆ្នាំង
× ក្រុមមកពីខេត្តសៀមរាប, ព្រៃវែង, ត្បូងឃ្មុំ និងកែប សុទ្ធតែទទួលបានជ័យជម្នះក្នុងការប្រកួតជើងទី១នៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តវគ្គ៨ក្រុមចុងក្រោយ(១/៤)។ ពួកគេត្រូវការត្រឹមស្មើប៉ុណ្ណោះក្នុងជើងទី២ ដើម្បីធានាកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ(១/២)។ កីឡាករ ទេព សើហ្វីអ៊ី របស់ខេត្តកែបសម្រេចបាន៣គ្រាប់(Hat-Trick)នៅជើងទី១នេះ។
ក្រុមបាល់ទាត់ខេត្តសៀមរាប, ព្រៃវែង, ត្បូងឃ្មុំ និងកែបមានក្តីសង្ឃឺមខ្ពស់ក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានសម្តេច ហ៊ុន សែន ថ្នាក់ខេត្ត។ ក្តីសង្ឃឹមនេះ កើតឡើងក្រោយក្រុមទាំង៤សុទ្ធតែទទួលបានជ័យជម្នះក្នុងការប្រកួតជើងទី១កាលពីសប្តាហ៍មុន។
នាការប្រកួតបិទទ្វារកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ក្រុមជើងឯករងឆ្នាំចាស់ខេត្តសៀមរាបបានធ្វើឲ្យក្រុមភ្ញៀវខេត្តកណ្តាលខកចិត្តជាមួយជ័យជម្នះ ៣-១។ ចំណែកម្ចាស់ផ្ទះព្រៃវែងបានលត់ខេត្តកោះកុងក្នុងលទ្ធផល ៥-១។ នាការប្រកួតនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការពារតំណែងជើងឯកត្បូងឃ្មុំបានធ្វើឲ្យម្ចាស់ផ្ទះកំពង់ស្ពឺរងការខកចិត្តជាមួយបរាជ័យ ២-០ រីឯម្ចាស់ផ្ទះកែបបានយកឈ្នះកំពង់ឆ្នាំងយ៉ាងប្រផិតប្រផើយក្នុងលទ្ធផល ៤-៣។
អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងជ័យជម្នះរបស់កែប មានការរួមចំណែកយ៉ាងធំពីកីឡាករ ទេព សើហ្វីអ៊ី រហូតដល់៣គ្រាប់។ គ្រាប់បាល់នេះជួយរូបគេក្លាយជាកីឡាករដំបូងគេ ដែលសម្រេចបាន Hat-Trick ក្នុងការប្រកួតជើងទី១នេះ។ ការប្រកួតទាំង៤គូខាងលើធ្វើឡើងដោយបិទទ្វារពុំអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាផ្ទាល់នោះទេ។ ការអនុវត្តបែបនេះ គឺដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
តាមរយៈជ័យជម្នះនេះធ្វើឲ្យក្រុមសៀមរាប, ព្រៃវែង, ត្បូងឃ្មុំ និងកែបមានខ្ពស់លើគូប្រកួតនៅជើងទី២ ដ្បិតពួកគេត្រូវការត្រឹមស្មើប៉ុណ្ណោះ ដើម្បីធានាកៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត។ ការប្រកួតជើងទី២នឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ និងទី៨ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ៕
Tag:
បាល់ទាត់
Hun Sen Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com