COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
អាមេរិក​៖ កីឡាករ​៤​នាក់​ទៀត​ឆ្លង COVID-19 ចាប់តាំងពី​បើក​ប្រកួត​លី​គ MLS វិញ​
03, Jul 2020 , 9:29 am        
រូបភាព
​កីឡាករ ៤ នាក់​ទៀត​នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​អាមេរិក (MLS) ធ្វើតេស្ត​ចេញ​លទ្ធផល​វិជ្ជមាន COVID-19 បន្ទាប់ពី​បាន​ទៅដល់​រដ្ឋ Florida មុន​ការចាប់ផ្តើម​ប្រកួត​លី​គ​សប្តាហ៍​នេះ ក្រោយ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅរក​ការប្រកួត​ឡើងវិញ​។ ស្ថាប័ន MLS ប្រកាស​ដូច្នេះ​នៅ​ថ្ងៃទី​១ ខែកក្កដា​។​


​នេះ​មានន័យថា មកទល់ពេលនេះ​មាន​កីឡាករ​បាល់ទាត់​ប្រកប​អាជីព​នៅ MLS ចំនួន​៦​នាក់​ហើយ​ដែល​បាន​ឆ្លង​ជំងឺ​រាតត្បាត​សកល​។ ដោយសារ​មានការ​ឆ្លង​ជា​បន្តបន្ទាប់ ក្រុម​នៅ MLS ទាំង ២៦ ត្រូវបាន​កំណត់​ឲ្យ​មានការ​ប្រកួត​ដោយ​គ្មាន​អ្នកទស្សនា​នៅ​កីឡដ្ឋាន Walt Disney World​។​
 
​យ៉ាងណាក៏ដោយ​មកទល់​ពេលនេះ មិនមាន​ក្រុម ឬ​កីឡាករ​ណាមួយ​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះទេ​។ ប៉ុន្តែ MLS អះអាងថា​ក្នុង​រយៈពេល ២ ថ្ងៃ​កន្លងមកនេះ​មាន​កីឡាករ គ្រូបង្វឹក អាជ្ញាកណ្តាល និង​បុគ្គលិក​ក្លិប​សរុប​ចំនួន ៣៩២ នាក់​ត្រូវ​បានទទួល​ការធ្វើ​តេស្ត​ក្នុង​រយៈពេល ២ ថ្ងៃ​កន្លងមក ហើយ​រកឃើញ​អ្នក​ឆ្លង​ចំនួន​៤​ករណីនេះ​។ 
 
MLS បានប្រកាស​កាលពី​ថ្ងៃ​ពីថ្ងៃ​ទី​២៩ ខែមិថុនា​ថា កីឡាករ​ពីរ​នាក់​បាន​ធ្វើតេស្ត​វិជ្ជមាន ចំណោម​អ្នកធ្វើ​តេស្ត​ចំនួន ៣២៩ នាក់​មុន​ការធ្វើ​តេស្ត​នៅ​ទីក្រុង Orlando​។ សព្វថ្ងៃ​កីឡាករ​ទាំង​៦ ត្រូវដាក់​ឲ្យ​នៅ​ដាច់ដោយឡែក និង​ទទួល​ការតាមដាន និង​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុមគ្រូពេទ្យ​។​
 
​សម្រាប់​ដំណើរការ​ប្រកួត​ក្នុង​លី​គ MLS ឡើងវិញ គ្រូបង្វឹក អាជ្ញាកណ្តាល បុគ្គលិក រួមទាំង​កីឡាករ​ទាំងអស់​តម្រូវ​ឲ្យ​ធ្វើតេស្ត​ជាប្រចាំ​ក្នុង​១​សប្តាហ៍​ពីរដង​។​
 
​គិត​ត្រឹម​ថ្ងៃទី​២ ខែកក្កដា​នេះ អាមេរិក​នៅតែមាន​ចំនួន​ករណី​ឆ្លង និង​ស្លាប់​ដោយសារ COVID-19 ច្រើនជាងគេ​លើ​លោក ដោយ​ក្នុងនោះ​ឆ្លង​ជាង ២៧៨០០០០​ករណី ស្លាប់​ជាង ១៣០៧០០​នាក់ និង​សះស្បើយ​ជាង ១១៦៤៧០០​នាក់​៕

Tag:
 MLS
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com