ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន បញ្ជា​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ កាត់​តំបន់​ពលរដ្ឋ​រស់នៅ​ចេញពី​ផែនទី​គម្រប​ព្រៃឈើ​
03, Jul 2020 , 10:03 am        
រូបភាព
​ភ្នំពេញ​៖ ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​៣ កក្កដា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ កាត់​ដី​នៅ​តំបន់​ដែលមាន​ពលរដ្ឋ​រស់នៅ ឱ្យចេញ​ផុតពី​ផែនទី​គម្រប​ព្រៃឈើ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគេ​។​



​បើតាម​សម្ដេច ហ៊ុន សែន ការ​ទុក​ដី​ឱ្យ​ពលរដ្ឋ​រស់នៅ ប្រសើ​ជាង​ការ​កាត់​លក់​ទៅឱ្យ​ក្រុមហ៊ុន​ឯកជន​។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ស្រង់​ប្រសាសន៍​សម្ដេច ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី មក​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖« ត្រូវ​ទុកឱ្យ​ប្រជាជន​រស់នៅ​ផង ... កុំ​តែ​កាត់​ដី​ទៅ​លក់​ឱ្យ​ឯកជន​»​។​

សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យក្រសួងចំនួន៣ កាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលបានមករស់នៅលើទីតាំងដីដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ និងតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារជាដើម។ រដ្ឋមន្រ្តីក្រសួងទាំង៣ ដែលត្រូវទទួលភារកិច្ចនេះ រួមមានលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ជា សុផារ៉ា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
 
«ព្រោះកន្លងមក រដ្ឋមានតែដីក្នុងផែនទីទេ តាមពិតមានប្រជាពលរដ្ឋបានកសាងលំនៅដ្ឋានរស់នៅបង្កើតកូនចៅរាប់សិបឆ្នាំមកហើយនៅលើទីតាំងដីទាំងនោះ។ នេះជាការដោះស្រាយកង្វល់ជូនពលរដ្ឋពិតប្រាកដ។ កុំទុកប្រជាពលរដ្ឋឱ្យភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកគេតទៅទៀត។ ទន្ទឹមនឹងនេះ សូមកុំឱ្យពលរដ្ឋពង្រីកថែមទៀត ព្រោះត្រូវការរក្សាទុកព្រៃសហគមខ្លះនៅជិតៗដើម្បីជាប្រយោជន៍សហគមរស់នៅផងដែរ»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល ដែលបានបន្ថែមថា ក្រសួងទាំង៣ ត្រូវដោះស្រាយឱ្យដាច់ស្រេចក្នុងតែប៉ុន្មានខែខាងមុខ ដើម្បីចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ ដោយឈរលើភាពហ្មត់ចត់និងត្រឹមត្រូវ។
 
 
​គណៈរដ្ឋមន្ត្រី កំពុងតែ​ពិភាក្សា​លើ «​សេចក្តីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង ការប្រើប្រាស់ និង​ការចាត់ចែង​លើ​ទ្រព្យសម្បតិ្ត​រដ្ឋ​» នៅ​ព្រឹក​នេះ​។​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង ការប្រើប្រាស់ និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​នេះ ត្រូវបាន​រៀបចំតាក់តែង​ឡើង ក្នុង​គោលដៅ​ពង្រឹង​ក្របខណ្ឌ​ច្បាប់ រចនាសម្ព័ន្ធ​ស្ថាប័ន និង​លើ​កម្ពស់​សមត្ថភាព​ស្ថាប័ន​ក្នុងការ​គ្រប់គ្រង​ទ្រព្យសម្បតិ្ត​រដ្ឋ​ជាអាទិ៍ ដូចជា​៖ ការកំណត់​អំពី​ប្រភព ប្រភេទ​ទ្រព្យសម្បតិ្ត​រដ្ឋរ​បបគ​តិ​យុត្ត​គ្រប់គ្រង​និង​ចាត់ចែង​ទ្រព្យសម្បតិ្ត​រដ្ឋ​ច្បាប់​ជាក់លាក់​, ការរៀបចំ​បញ្ជី​សារពើ​ភណ្ឌ​សម្បត្តិ​រដ្ឋ​, ការផ្ទេរសិទ្ធិ​កាន់កាប់​, ការអភិវឌ្ឍ​, ការប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ​, ការធ្វើ​អធិការកិច្ច និង​សវនកម្ម និង​ការកំណត់​អំពី​ការលើកទឹកចិត្ត និង​ការដាក់ទណ្ឌកម្ម​ចំពោះ​អំពី​ល្មើសច្បាប់ ជាដើម​។​ល​។ 
 
​មិនតែប៉ុណ្ណោះ​សេចក្តីព្រាងច្បាប់​នេះ ក៏​ពង្រឹង​អភិបាលកិច្ច​ល្អ​ក្នុងការ​គ្រប់គ្រង ការប្រើប្រាស់ និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព និង​ចីរភាព ទន្ទឹមនឹង​ការបង្កើន​ចំណូល​ពី​ទ្រព្យសម្បត្តិ​រដ្ឋ​ឱ្យ​កាន់​តែមាន​ភាពច្បាស់លាស់ សំដៅ​ធានា​ដល់​ការគ្រប់គ្រង​ធនធាន​សាធារណៈ ការបង្កើន​ចំណូល​ជា​ប្រយោជន៍​ដល់​ថវិកាជាតិ និង​កំណើន​សេដ្ឋកិច្ចជាតិ សម្រាប់​គាំទ្រ​ដល់​ការបន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​កម្ពុជា ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ឈានឡើង ប្រកបដោយ​វិបុលភាព និង​ចីរភាព​ក្នុង​បរិការណ៍​ថ្មី សម្រាប់​រយៈពេល​មធ្យម និង​វែង​។​
 
​ក្នុង​កិច្ចប្រជុំ​នេះ សម្ដេច ហ៊ុន សែន ក៏​ប្រកាស​ឱ្យ​អនុវត្ត​វិធានការ​ដោះស្រាយ និង​ទប់ស្កាត់​បញ្ហា​ជម្លោះដីធ្លី កុំ​ឱ្យមាន​កើតឡើង​ទៀត​។ «​រឿង​ដីធ្លី​ត្រូវតែ​ជម្រះ​គ្នា​ម្តង​។ ពេលនេះ ជា​ពេលដែល​ត្រូវធ្វើ​ការវះកាត់​ហើយ​» ។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​លើកយក​បញ្ហាដីធ្លី នៅក្នុង​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង មក​អធិប្បាយ​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នេះ​៕

Tag:
 ហ៊ុន សែន​
  ដីធ្លី​
  ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com