សម្រាប់​ប្រជាជន​ក្រីក្រ​វៀតណាម ការទទួលបាន​ជំនួយ​គឺជា​គន្លឹះ​ដើម្បី​ចូលរួម​ក្នុង​សេដ្ឋកិច្ច​ដែល​បើក​ដំណើរការ​ឡើងវិញ​
COVID-19
អន្តរជាតិ
សម្រាប់​ប្រជាជន​ក្រីក្រ​វៀតណាម ការទទួលបាន​ជំនួយ​គឺជា​គន្លឹះ​ដើម្បី​ចូលរួម​ក្នុង​សេដ្ឋកិច្ច​ដែល​បើក​ដំណើរការ​ឡើងវិញ​
03, Jul 2020 , 7:59 pm        
រូបភាព
ស្ត្រី​ម្នាក់ជិះម៉ូតូ​ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ២០២០។
ស្ត្រី​ម្នាក់ជិះម៉ូតូ​ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ២០២០។
ដោយ: VOA
​ប្រទេស​វៀតណាម​ទទួលបាន​ការទទួលស្គាល់​វិជ្ជមាន​ទូទាំង​ពិភពលោក​ចំពោះ​ការទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា​និង​បាន​បើក​ដំណើរការ​សេដ្ឋកិច្ចជាតិ​ឡើងវិញ ប៉ុន្តែ​ដំណឹង​ដ៏​ល្អ​មួយ​នេះ​ជាការ​លួងលោម​ដ៏​តូចតាច​មួយ​សម្រាប់​អ្នកស្រី​Tran Thi Hien ដែល​រកប្រាក់​ចំណូល​តា​មរយៈ​ការ​រើស​សំណល់​ដែក​អេតចាយ​ដើម្បី​លក់​យកប្រាក់​។​

 
​បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​អំពី​ថវិកា​ជំនួយ​ក្នុង​គ្រា​មាន​ជំងឺ​រាតត្បាត អ្នកស្រី​បានដាក់​ពាក្យស្នើសុំ​ពីរដង​ប៉ុន្តែ​អ្នកស្រី​មិនបាន​ឮដំណឹង​អ្វី​នោះទេ ហើយ​អ្នកស្រី​ក៏​មិនទាន់​ទទួលបាន​អ្វី​ពី​រដ្ឋាភិបាល​ដែរ​។​
 
​អ្នកខ្លះ​ថា​មូលហេតុ​ដែលមាន​ការពន្យា​រ​ពេលនោះ​គឺ​ដោយសារ​អ្នកស្រី​ត្រូវដាក់​ពាក្យស្នើសុំ​នៅឯ​ស្រុកកំណើត​របស់​អ្នកស្រី​។ អ្នក​ខ្លះទៀត​សង្ស័យថា​អ្នកស្រី​មិន​ស្ថិតក្នុង​ចន្លោះ​អាយុ​ដែល​អាច​ស្នើសុំ​បាន​។​
 
​អ្នកស្រី Hien អាយុ​៤៣​ឆ្នាំ បាន​និយាយថា​ដំណើរ​ការសុំ​ថវិកា​ជំនួយ​នេះ​គឺមាន​ភាព​«​ស្មុគស្មាញ​ខ្លាំងណាស់​» ហើយ​វា​មិនបាន​បម្រើប្រជាជន​បានល្អ​នោះទេ​។ ប៉ុន្តែ​អ្នកស្រី​នៅតែមាន​ក្តីសង្ឃឹម​។​
 
​អ្នកស្រី​បាន​និយាយថា​៖«​កញ្ចប់​ជំនួយ​របស់​រដ្ឋាភិបាល​គឺ​ពិតជា​ការជួយ​សង្គ្រោះ​មួយ​សម្រាប់​អ្នកធ្វើការ​ឯករាជ្យ​ដូចជា​ខ្ញុំ​»​។​
 
​សូម្បីតែ​ប្រទេស​វៀតណាម ដែល​បាន​រាយការណ៍​ថា​មិនមាន​ករណី​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​និង​មាន​ករណី​ឆ្លង​៣៤៩​ជំងឺ​រាតត្បាត​មួយ​នេះ​នៅតែ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច​នៃ​ប្រទេស​នេះ ហើយ​ការប៉ះពាល់​ខ្លាំង​បំផុត​បាន​ធ្លាក់​ទៅលើ​កម្មករ​ដែលមាន​ប្រាក់ចំណូល​តិចតួច​។ នៅពេលដែល​បុគ្គលិក​ធ្វើការ​នៅ​ការិយាល័យ​អាចធ្វើ​ការ​ពី​ផ្ទះ​ឬ​សុំច្បាប់​សំរាក​នៅផ្ទះ​នៅពេលដែល​ប្រទេស​ផ្អាក​ដំណើរការ ប្រជាជន​ដែល​ស្ថិតក្នុង​វិស័យ​មិន​ផ្លូវការ​ដូចជា​អ្នកស្រី Hien ត្រូវតែ​បង្ហាញមុខ​នៅ​កន្លែងធ្វើការ​ហើយ​ធ្វើ​ការប្រើ​កម្លាំង​បើសិនជា​អ្នកស្រី​ចង់​មាន​ប្រាក់​ទិញ​អាហារ​និង​បង់ថ្លៃ​ផ្ទះ​ជាដើម​។​
 
​អ្នកគាំទ្រ​ថវិកា​ជំនួយ​ក្នុង​គ្រា​មាន​ជំងឺ​រាតត្បាត​ចង់​ទប់ស្កាត់​ការ​កាត់ផ្តាច់​មួយ​រវាង​គោលដៅ​ធំ​នៃ​កញ្ចប់​ជំនួយ​ជាមួយនឹង​ផលប៉ះពាល់​ទៅលើ​ប្រជាជន​ជាពិសេស​អ្នក​ដែល​ត្រូវការ​វា​បំផុត​។​
 
​អង្គការ​នានា​មាន​តាំងពី​អង្គការ Oxfam នៅ​វៀតណាម​និង​អង្គការ​បណ្តាញ​ត្រួសត្រាយ​សម្រាប់​សំឡេង​ជនជាតិភាគតិច បាន​បង្កើន​ការខិតខំ​ប្រឹងប្រែង​ដោយបាន​បង្កើត​នៅ​អ្វីដែល​ពួកគេ​ហៅថា​«​បណ្តាញ​ទូរ​សព្ទ​ទាន់​ហេតុការណ៍​»​។ ពួកគេ​បាន​ចងក្រង​មតិ​រិះគន់​ពី​ប្រជាជន​ដូចជា​អ្នកស្រី Hien ហើយ​ផ្ញើ​វា​ទៅកាន់​ទីភ្នាក់ងារការងា​រ​និង​ប្រចាំខេត្ត​ដើម្បី​ចែកចាយ​ជំនួយ ដូចដែល​បានចែង​នៅក្នុង​បទបញ្ជា​របស់​រដ្ឋ​នៅក្នុង​សេចក្តីសម្រេច Decision 15/2020-TTg​។​
 
​អ្នកស្រី Nguyen Thu Giang​នាយក​ប្រតិបត្តិ​នៃ​អង្គការ​បណ្តាញ​សកម្មភាព​ពលករ​ចំណាកស្រុក ឬ M.net បាន​និយាយថា​អ្នកស្រី​ចង់​ជួយ​ទីភ្នាក់ងារ​នានា​របស់រ​ដ្ឋា​ភិ​បាល​ដើម្បី​ឲ្យ​ពួកគេ​«​អាច​ប្រៀបធៀប ពិនិត្យ និង​ឆ្លើយតប​ភ្លាមៗ ទៅកាន់​មតិ​របស់​ប្រជាពលរដ្ឋ ហើយ​ក្នុងពេល​ជាមួយគ្នា​នោះដែរ ធ្វើការ​សម្រួល​លើ​គោលនយោបាយ​ឬ​វិធីសាស្ត្រ​អនុវត្ត​ដើម្បី​ធានាថា​សេចក្តីសម្រេច 15/2020-TTg ត្រូវបាន​អនុវត្ត​ដោយ​តម្លាភាព​និង​ប្រសិទ្ធភាព​»​។​
 
​កញ្ចប់​ថវិកា​សង្គ្រោះ​នេះ​មាន​ទឹកប្រាក់​ប្រមាណ​២,៧​ពាន់​លាន​ដុល្លារ ទោះបីជា​គណបក្ស​កុម្មុយនីស្ត​ដែល​កំពុងកាន់​អំណាច​បា​ន​ប្រើ​អង្គការ​សាខា​នានា​ឲ្យ​រៀបចំ​អំណោយ​និង​ជន​ស្ម័គ្រចិត្ត​ដែលមាន​ដូចជា​អង្គការ​សហភាព​យុវជន និង​គណបក្ស​រណសិរ្ស​មាតុភូមិ​វៀតណាម​ជាដើម​។ អ្នកនិពន្ធ​នៃ​ការសិក្សា​បែប​វិទ្យាសាស្ត្រ​មួយ​អំពី​ការឆ្លើយតប​របស់​វៀត​ណា​ម​លើ​ជំងឺ​កូ​វីដ​១៩​ប្រកបដោយ​និរន្ត​ភាព​បាន​លើកឡើងថា​នាយករដ្ឋមន្ត្រី​វៀតណាម​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​«​ប្រយុទ្ធប្រឆាំង​»​នឹង​ជំងឺ​នេះ​។​
 
​ការសិក្សា​នោះបាន​លើកឡើងថា​៖«​ដើម្បី​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​នេះ យើង​អាច​មើលឃើញ​រូបភាព​ជាច្រើន​អំពី​ការផ្ទេរ​ប្រាក់​ទៅ​ឲ្យ​គណបក្ស​រណសិរ្ស​មាតុភូមិ​វៀតណាម នៅលើ​បណ្តាញ​សង្គម​របស់​ប្រជាពលរដ្ឋ​វៀតណាម​ដើម្បី​គាំទ្រ​រដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធប្រឆាំង​។ ជាងនេះទៅទៀត សហគ្រាស​ជាច្រើន​មិន​ថា​តូច​ឬ​ធំ​ក៏បាន​ជួយ​ជ្រោមជ្រែង​ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ជាតិ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ ដោយបាន​ផ្តល់នូវ​ផលិតផល​របស់​ពួកគេ​ដូចជា​ម៉ាស់ អង្ករ ឬ​ទឹកដោះគោ​។ ពួកគេ​ក៏បាន​បរិច្ចាគ​បន្ទប់​សណ្ឋាគារ​របស់​ពួកគេ​ដើម្បី​ធ្វើ​ជាទី​ដាក់​ដោយឡែក ឬ​ការបរិច្ចាគ​ដែលមាន​ប្រជាប្រិយភាព​ជាងគេ​នោះ​គឺ​ការបរិច្ចាគ​ជា​ថវិកា​ជាដើម​»​។​
 
​អ្នកតស៊ូ​មតិ​ប្រឆាំងនឹង​ភាពក្រីក្រ​កំពុង​ប្រឹងប្រែង​សុំ​ថវិកា​ជំនួយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន​សម្រាប់​ស​ហគ​មន៍​ប្រជាជន​ងាយ​រងគ្រោះ​។ អង្គការ Oxfam នៅ​វៀតណាម​បាន​និយាយថា ខ្លួន​ផ្តោតលើ​ជន​ដែល​គ្មាន​ការងារ​ធ្វើ​និង​ជនក្រីក្រ ដូចជា​អ្នក​ដែល​ធ្វើការ​ដោយ​គ្មាន​កិច្ចសន្យា​ឬ​ត្រូវបាន​ព្យួរការងារ​ដោយ​គ្មាន​ប្រាក់ខែ​អំឡុងពេល​មាន​ជំងឺ​រាតត្បាត​។ អង្គការ​នោះ​ក៏​ជួយ​ដល់ក​ម្មករ​ចំណាកស្រុក​ដូចជា​អ្នកស្រី Hien ជាដើម ដែល​បាន​ផ្លាស់​មក​រស់នៅ​ទីក្រុង​ហាណូយ​ពី​ខេត្ត​Nam Dinh​ដែល​នៅជាប់​នោះ​។ អ្នករស់នៅ​ជនបទ​ជាច្រើន​បាន​ប្តូរ​មក​រស់នៅ​ទីក្រុង​ដើម្បី​ទទួលបាន​ឱកាស​ការងារ​ល្អប្រសើរ​ប៉ុន្តែ​មិនអាច​ទទួលបាន​សេវាកម្ម​សង្គម​ដោយសារ​ពួកគេ​មិនបាន​ចុះឈ្មោះ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​។​
 
​អង្គការ Oxfam នៅ​វៀតណាម​បាន​និយាយថា ខ្លួន​បានរៀបចំ​បណ្តាញ​ទូរ​សព្ទ​ទាន់​ហេតុការណ៍​មួយ​សម្រាប់​មូលនិធិ​សង្គ្រោះ​ដូច្នេះ​ទើប​«​មិនមាន​អ្នកណា​ត្រូវបាន​ទុកចោល​»​។​
 
​លោក​Babeth Ngoc Han Lefur នាយក​អង្គការ Oxfam នៅ​វៀតណាម​បាន​និយាយថា​៖«​គំនិត​ផ្តួចផ្តើម​នេះ​នឹង​បង្កើត​ឱកាស​សម្រាប់​ប្រជាជន​អាច​ផ្តល់​ជាម​តិ​រិះគន់​ប្រកបដោយ​ភាពងាយស្រួល​និង​ភាពជឿជាក់ ដែល​រដ្ឋាភិបាល​មូលដ្ឋាន​នឹងមាន​ព័ត៌មាន​ពិតប្រាកដ​ទាន់ពេលវេលា និង​មាន​គុណភាព​ដើម្បី​ផ្តល់​សេវាកម្ម​ឲ្យ​បាន​ប្រសើរ​ជាង​មុន​»៕

© រក្សាសិទ្ធិដោយ thmeythmey.com