កីឡាអន្តរជាតិ
អន្តរជាតិ
Djokovic និងភរិយាលែងមាន COVID-19 ក្រោយព្យាបាល៩ថ្ងៃ
× Novak Djokovic កំពូលកីឡាករវាយកូនបាល់លេខ១ពិភពលោក និងភរិយារបស់គេអ្នកស្រី Jelena នៅថ្ងៃទី២ ខែកក្កដា បានធ្វើតេស្តអវិជ្ជមានជំងឺ COVID-19 វិញហើយ បន្ទាប់ពីឆ្លងអស់រយៈពេល៩ថ្ងៃមក។ Djokovic បានធ្វើតេស្តវិជ្ជមានជំងឺរាតត្បាតនេះ អំឡុងចូលរួមការប្រកួតក្នុងកម្មវិធីរបស់ខ្លួន Adria Tour នៅថ្ងៃទី២៣ ខែមិថុនាមក។
Djokovic រួមទាំងកីឡាករវាយកូនបាល់ដទៃទៀតដូចជា Grigor Dimitrov, Borna Coric និង Viktor Troicki សុទ្ធតែរកឃើញថាឆ្លងជំងឺនេះ បន្ទាប់ពីពួកគេចូលរួមការប្រកួតរួមគ្នាមួយក្នុងកម្មវិធី Adria Tour របស់ Djokovic ដែលធ្វើឡើងសម្រាប់ជំនួបទី១ក្នុងរដ្ឋធានី Belgrade ប្រទេសស៊ែប៊ី។
យ៉ាងណាក៏ដោយ ក្រោយទទួលការពិគ្រោះ និងព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យត្រឹមរយៈពេល៩ថ្ងៃ អ្នកវាយកូនបាល់សញ្ជាតិស៊ែប៊ី វ័យ៣៣ឆ្នាំរូបនេះ រួមទាំងភរិយារបស់ខ្លួន Jelena បានធ្វើតេស្តអវិជ្ជមានជំងឺ COVID-19 នេះវិញហើយ។
Djokovic ម្ចាស់ពានរង្វាន់ Grand Slam ចំនួន១៧សម័យ ជាអ្នកបើកកម្មវិធីព្រឹត្តិការណ៍ Adria Tour ដែលត្រូវបានរៀបចំឡើងនៅឯទីលានវាយកូនបាល់ក្នុងក្រុង Belgrade កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ។ ប៉ុន្តែបន្ទាប់ពីមានការឆ្លង ព្រឹត្តិការណ៍ដែលមានលោក Djordje បងប្រុសរបស់ Djokovic ជាអ្នករៀបចំ ត្រូវបានលុបចោលវិញទាំងអស់តែម្តង។
Djokovic រងការរិះគន់យ៉ាងខ្លាំងក្រោយដឹកនាំរៀបចំការប្រកួតកីឡាវាយកូនបាល់ក្នុងប្រទេសខ្លួននេះ ចំពេលដែលមានការរីករាលដាលនៃជំងឺរាតត្បាតសកលរហូតធ្វើឲ្យគ្រូបង្វឹករបស់ខ្លួនលោក Goran Ivanisevic រួមទាំងកីឡាករ៣រូបទៀតធ្វើតេស្តចេញលទ្ធផលវិជ្ជមាន COVID-19។
ប៉ុន្តែបើតាមគោលការណ៍ប្រទេសស៊ែប៊ីនោះ Djokovic មិនបានល្មើសនឹងច្បាប់ប្រទេសឡើយ ខណៈស្ថានភាពនៅក្នុងប្រទេសស៊ែប៊ីល្អប្រសើរជាងប្រទេសនៅអឺរ៉ុបដទៃទៀត។ ប្រទេសនេះបានអនុញ្ញាតឲ្យប្រជាពលរដ្ឋគ្រប់គ្នាធ្វើអ្វីគ្រប់យ៉ាង ដូចជាការបើកមជ្ឈមណ្ឌល ផ្សារទំនើប និងភោជនីយដ្ឋានជាដើម៕
Tag:
Novak Djokovic
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com