COVID-19
ជាតិ
សង្គមជាតិ
ពលរដ្ឋក្រីក្រ ត្រូវបើកប្រាក់ឧបត្ថម្ភ ឲ្យបានមុនថ្ងៃ២៤ បើពុំដូច្នេះទេ នឹងខាតប្រាក់ឧបត្ថម្ភមួយខែ
03, Jul 2020 , 1:16 pm        
រូបភាព
លោក វង សូត រដ្ឋមន្រី្តក្រសួងសង្គមកិច្ច (អង្គុយកណ្ដាល) នៅកម្មវិធីសន្និសីទសារព័ត៌មានថ្ងៃទី២ កក្កដា ២០២០
លោក វង សូត រដ្ឋមន្រី្តក្រសួងសង្គមកិច្ច (អង្គុយកណ្ដាល) នៅកម្មវិធីសន្និសីទសារព័ត៌មានថ្ងៃទី២ កក្កដា ២០២០
ភ្នំពេញ៖ លោក វង សូត រដ្ឋមន្រី្តក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា អំពាវនាវដល់ពលរដ្ឋដែលមានបណ្ណសមធម៌ ហើយមិនទាន់បើកប្រាក់ ឲ្យរួសរាន់ទៅបើកសាច់ប្រាក់ឧបត្ថម្ភប្រចាំខែមិថុនា ឲ្យបានមុនថ្ងៃ២៤ខែកក្កដានេះ។ លោក អះអាងថា ករណីពលរដ្ឋមិនបានបើកឲ្យបានមុខថ្ងៃទី២៤ ខែកក្កដា គឺលែងទទួលបានប្រាក់ខែឧបត្ថម្ភសម្រាប់ខែមិថុនាហើយ។



ការអំពាវនាវរបស់រដ្ឋមន្រី្តរបស់លោករដ្ឋមន្រ្តី ធ្វើឡើងនៅក្នុងសន្និសីទព័ត៌មានស្ដីពីភាពមិនប្រក្រតីនិងការតវ៉ាជុំវិញការអនុវត្ថកម្មវិធីឧបត្ថម្ភប្រាក់ជូនពលរដ្ឋក្រីក្រនិងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ នៅទីស្តីការក្រសួងសង្គមកិច្ចថ្ងៃទី២ ខែកក្កដា។ លោក បញ្ជាក់បន្ថែមថា រៀងរាល់ខែ ពលរដ្ឋក្រីក្រអាចបើកប្រាក់ឧបត្ថម្ភប្រចាំខែ បាននៅថ្ងៃទី២៥។

លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ការបើកប្រាក់ឧបត្ថម្ភប្រចាំខែ គឺបើកបាននៅក្នុងថ្ងៃ២៥ មានន័យថា គិតត្រឹមថ្ងៃទី២៥ខែចាស់ ដល់ថ្ងៃ២៤ខែថ្មី។ លោក បន្ថែមថា អ្នកមានបណ្ណសមធម៌អាចទៅបើកប្រាក់ថ្ងៃណាក៏បាន ប៉ុន្តែបើដល់ថ្ងៃ២៥ខែថ្មី គឺមិនអាចបើប្រាក់ឧបត្ថម្ភខែចាស់បានទៀតឡើយ គឺបើកបានតែប្រាក់ឧបត្ថម្ភក្នុងខែថ្មីប៉ុណ្ណោះ។

លោក ថ្លែងដូច្នេះថា៖«ប្រាក់ឧបត្ថម្ភនេះ ដូចប្រាក់ខែអ៊ីចឹងគឺបើកប្រចាំខែ។ ការកំណត់បែប គឺយើងមិនចង់ឲ្យពលរដ្ឋធ្វើតាមចិត្តនោះទេ រយៈពេលទុកឲ្យ១ខែហើយ។ បើមិនបានបើកទេ ដល់ថ្ងៃ២៥អាចបើកប្រាក់ខែប្រចាំខែថ្មីបានបន្តទៀតបាន ប៉ុន្តែយើងមិនកំណត់ឬអនុញ្ញាតបូកទឹកប្រាក់ខែចាស់ដែលមិនបានឲ្យចូលនោះទេ»។

ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដានេះ ពលរដ្ឋក្រីក្រជាង៤២ម៉ឺនគ្រួសារ ដែលមានបណ្ណសមធម៌ បានបើកប្រាក់ឧបត្ថម្ភជាង៧៤ពាន់លានរៀល (ជាង១៨លានដុល្លារ) ពីរដ្ឋាភិបាល។ ចំនួន៤២ម៉ឺនគ្រួសារនេះ គឺស្មើនឹង៨០ភាគរយនៃគ្រួសារក្រីក្រដែលក្រសួងផែនការចុះស្រង់ទិន្ន័យជុំទី១ មានប្រមាណ៥៦ម៉ឺនគ្រួសារ៕

អត្ថបទទាក់ទង
 

Tag:
 បណ្ណសមធម៌
  ប្រាក់ឧបត្ថម្ភ
  ពលរដ្ឋក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com