COVID-19
អន្តរជាតិ
ករណី​ឆ្លង COVID-19 នៅ​អាមេរិក ហក់​ឡើង​ខ្លាំង​ដោយមាន​អ្នក​ឆ្លង​ជាង​៥​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​
03, Jul 2020 , 2:29 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​អាមេរិក នៅ​ថ្ងៃទី​២ ខែមិថុនា បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ចំនួន ៥៧២៣៦​ករណី និង​អ្នកស្លាប់ ៦៨៧​ករណី​។ អាមេរិក មាន​ករណី​ឆ្លង​លើស ៥​ម៉ឺន​ករណី ក្នុង​រយៈពេល ២​ថ្ងៃ​ជាប់ៗ​គ្នា​។


​អាមេរិក នៅតែ​ជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ​លើ​ពិភពលោក ដោយសារ COVID-19 ខណៈ​ប្រទេស​មួយចំនួន​ដូចជា នៅ​បណ្តា​ប្រទេស​អឺរ៉ុប និង​ចិន មាន​ស្ថានភាព​ឆ្លង​ធ្លាក់ចុះ​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋ​ចំនួន​៣៧ របស់​អាមេរិក បាន​រាយការណ៍​ថា មានការ​កើនឡើង​ករ​ណី​ឆ្លង​ថ្មី​។ 
 
​គ្រាន់តែ​រដ្ឋ Florida មួយ​នៅ​ថ្ងៃទី​២ ខែមិថុនា មាន​ករណី​ឆ្លង​រហូតដល់ ១​ម៉ឺន​ករណី​ឯណោះ ខណៈ​រដ្ឋ California មាន​ករណី​ឆ្លង​ជាង ៩​ពាន់​ករណី ហើយ​រដ្ឋ Texas មាន​ករណី​ឆ្លង​ជាង ៧​ពាន់​ករណី​។ ដោយឡែក​រដ្ឋ​ញូវយ៉ក ដែល​ធ្លាប់តែ​រងគ្រោះ​ដោយសារ​COVID-19 ខ្លាំងជាងគេ គឺមាន​ករណី​ឆ្លង​ត្រឹមតែ​ជាង ១​ពាន់​ករណី​ប៉ុណ្ណោះ​។ 
 
​តួលេខ​សរុប COVID-19 របស់​អាមេរិក មាន​ចំនួន ២,៨​លាន​ករណី ខណៈ​អ្នក​ស្លាប់មាន​ចំនួន​ជាង ១៣​ម៉ឺន​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន​ប្រមាណ ១,១​លាន​នាក់​។ 
 
​ក្នុងពេល​ថ្មីៗ​នេះ លោក  Anthony Fauci នាយក​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺ​រមាស់ និង​ឆ្លង​អាមេរិក បាន​ព្រមាន​ថា អាមេរិក អាច​នឹងមាន​ករណី​ឆ្លង COVID-19 រហូតដល់ ១០​ម៉ឺន​ករណី​ក្នុង​មួយថ្ងៃ ប្រសិនបើ​មិនមាន​វិធានការ​ការពារ​ត្រឹមត្រូវ​។ ក្នុងន័យនេះ លោក Fauci ទទូច​ឲ្យ​រដ្ឋាភិបាល​អាមេរិក ផលិត​ម៉ាស់ និង​សម្ភារ​ការពារ COVID-19 បន្ថែម​។ ជាមួយគ្នានេះ នាយក​វិទ្យាស្ថាន​រូបនេះ រិះគន់​លើ​ជនជាតិ​អាមេរិក​មួយចំនួន ដែល​មិនបាន​ពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព និង​មាន​វិធាន​ការពារ​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ​។ 
 
​សូមបញ្ជាក់ថា សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​៣០ ខែមិថុនា បាន​យល់ព្រម​បើក​ព្រំដែន​ឡើងវិញ​ជាមួយ​ប្រទេស​ចំនួន​១៥ តែ​គ្មាន​សហរដ្ឋអាមេរិក ដោយសារ​ហេតុផល​ថា ស្ថានភាព​COVID-19 នៅ​អាមេរិក កំពុងតែ​ធ្ងន់ធ្ងរ​នៅឡើយ​៕

Tag:
 អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com