ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តំបន់​អន្លង់វែង​បង្គ​ប់​ទាំង​រឿងរ៉ាវ​ប្រវត្តិសាស្ដ្រ​ខ្មែរក្រហម និង​មាន​សក្កា​នុព​ល​ខ្ពស់​ផ្នែក​ទេសចរណ៍​
04, Jul 2020 , 9:59 am        
រូបភាព
​អន្លង់វែង​-​ឧ​ត្ត​រ​មានជ័យ​៖ តំបន់​អន្លង់វែង ត្រូវបាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ដ្រ​ថា​ជា​តំបន់​កាន់កាប់​ចុងក្រោយ​នៃ​របប​ខ្មែរក្រហម​។ វត្តមាន​នៃ​កងទ័ព​ខ្មែរក្រហម​បាន​សាបសូន្យ បន្ទាប់ពី​មាន​សមាហរណកម្ម​ចូលរួម​ជាមួយ​រដ្ឋាភិបាល​នៅ​ឆ្នាំ​១៩៩៨​។ តំបន់​នេះ បាន​បង្គ​ប់​នូវ​រឿងរ៉ាវ​ប្រវត្តិសាស្ដ្រ​ជាច្រើន ទាំង​រឿងរ៉ាវ​ទាក់ទង​នឹង​ខ្មែរក្រហម របៀប​ដឹកនាំ រឿង​នយោបាយ និង​សេដ្ឋកិច្ច​។ ក្រៅពីនេះ អន្លង់វែង​ដែលមាន​ព្រំដែន​ជាប់​ប្រទេស​ថៃ មាន​សក្កា​នុព​ល​ទេសចរណ៍​ខ្ពស់ ដែល​ទេសចរ​ជាតិ​-​អន្ដរជាតិ គួរ​សិក្សា​ស្វែងយល់​។​


​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ដូចតទៅ​




 
​ក្រោយ​របប​ខ្មែរក្រហម​បាន​រលាយបាត់​នៅ​ឆ្នាំ​១៩៧៩ ក្រុម​មេដឹកនាំ​ខ្មែរក្រហម បាន​ប្រមូលផ្តុំ​ចលនា​តស៊ូ​តាម​ព្រំដែន​ថៃ ដើម្បី​តស៊ូ​នឹង​ទាហាន​រដ្ឋាភិបាល​។ តំបន់​អន្លង់វែង នៃ​ខេត្តឧត្ដរមានជ័យ ជា​ភូមិសាស្ដ្រ​ដ៏​សំខាន់​ជាងគេ​នៃ​ការ​តាំងទី​ចុងក្រោយ​នៃ​ទាហាន​ខ្មែរក្រហម គឺ​ចាប់ពី​ឆ្នាំ​១៩៧៩ រហូតដល់​១៩៩៨​។ តា​ម៉ុក ជា​មេដឹកនាំ​ដែលមាន​ឈ្មោះ​ល្បីល្បាញ​ក្នុង​តំបន់​នេះ និង​ត្រូវបាន​ប្រជាជន​គោរព​ស្រឡាញ់​ជាខ្លាំង​។​
 
​ប្រវត្តិសាស្ដ្រ​ជាច្រើន​ទាក់ទង​នឹង​របប​ខ្មែរក្រហម បាន​បង្គ​ប់​នូវលើ​ទឹកដី​អន្លង់វែង ដែល​អ្នកជំនាន់ក្រោយ​ត្រូវ​ស្វែងយល់​។ បច្ចុប្បន្ន តំបន់​នេះ​ក្លាយជា​គោលដៅ​ទេសចរណ៍​មួយ​ដ៏​រស់​រវើក ទាំង​ការសិក្សា​ស្រាវជ្រាវ និង​ការកម្សាន្ត​ជាដើម​។ ទីតាំង​សំខាន់ៗ​ចំនួន​១៤ ត្រូវបាន​រៀបចំ​ជា​សារមន្ទីរ និង​ជា​កន្លែង​ដែល​កើត​ព្រឹត្តិការណ៍​ធំៗ ដូចជា​សារមន្ទីរ​ផ្ទះ​តា​ម៉ុក ផ្នូរ​ប៉ុល ពត ផ្ទះ​កណ្ដាល​របស់​តា​ម៉ុក​លើ​ភ្នំ​ដងរែក និង​កន្លែង​កាត់ទោស​ប៉ុល ពត ជាដើម​។​ល​។​


 
​ក្រោយ​តំបន់​នេះ​ចូលរួម​សមាហរណកម្ម​ឆ្នាំ​១៩៩៨ រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គណៈកម្មការ​អន្ដរក្រសួង​ដើម្បី​រៀបចំ​តំបន់​នេះ​ឡើងវិញ​។ ក្នុងនោះ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ត្រូវ​បានស្នើ​ឱ្យជួយ​ការងារ​ចងក្រង​ឯកសារ និង​ការងារ​មួយចំនួន​ដើម្បី​ផ្សះផ្សារ​សង្គម​នៅ​តំបន់​អន្លង់វែង​។ 
 
​បណ្ឌិត លី សុខ​ឃាង ប្រធាន​មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​ស្ថាប័ន​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៤ បានឱ្យដឹងថា គោលបំណង​របស់​រដ្ឋា​ភិ​បាល​ដើម្បី​រៀបចំ​តំបន់​អន្លង់វែង​ជា​តំបន់​ទេសចរណ៍​បែប​ប្រវត្តិសាស្ដ្រ ហើយ​វត្ត​មាននៃ​គណៈកម្មការ​អន្ដរក្រសួង​បំណង​ដើម្បី​អភិវឌ្ឍន៍ និង​អភិរក្ស​តំបន់​នេះ​។ លោក​បន្តថា ក្រុមការងារ​រៀបចំ​នៃ​អន្លង់វែង​ត្រូវបាន​រៀបចំ​ជា​បន្តបន្ទាប់ ហើយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ទទួលបន្ទុក​កិច្ចការ​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​។ លោក​បន្ថែមថា​៖« យើង​បាន​បង្កើតជា​សៀវភៅ​ប្រវត្តិសាស្ដ្រ​សហគមន៍​អន្លង់វែង តំបន់​តស៊ូ​ចុងក្រោយ​នៃ​ចលនា​ខ្មែរក្រហម មួយទៀត​យើង​បាន​ធ្វើជា​សៀវភៅ​មគ្គុទ្ទេសក៍​ទេសចរណ៍ ពង្រឹង​ចំណេះដឹង និង​ធ្វើ​បដិសណ្ឋារកិច្ច​ទៅដល់​យុវជន និង​អ្នក​ដែល​ចាប់អារម្មណ៍​ចង់​ក្លាយជា​មគ្គុទ្ទេសក៍​ទេសចរណ៍​នៅទីនេះ​»​។​


 
​ដោយសារ​ជា​តំបន់​កាន់កាប់​ចុងក្រោយ ដូច្នេះ​អន្លង់វែង​បាន​ផ្សារភ្ជាប់​ទៅនឹង​ពិភពលោក ព្រោះ​ជា​កន្លែង​ចុងបញ្ចប់​របស់​ក្រុម​មេដឹកនាំ​ខ្មែរក្រហម​។ ប្រវត្តិសាស្ដ្រ ធម្មជាតិ អ្នក​រស់រានមានជីវិត ព្រមទាំង​វិសាលភាព​នៃ​ការអភិវឌ្ឍន៍ និង​អភិរក្ស មាន​ទំហំធំធេង និង​ជា​តំបន់​ដែលមាន​សក្កា​នុព​ល​ខ្ពស់​ផ្នែក​វិស័យ​ទេសចរណ៍​។ តំបន់​អន្លង់វែង បានរួម​ចំណែក​ក្នុងការ​ផ្សព្វផ្សាយ​ប្រវត្តិសាស្ដ្រ និង​រួមចំណែក​ការពារ​សន្ដិភាព​ផង​។ បណ្ឌិត លី សុខ​ឃាង ពន្យល់ថា ដ្បិតថា​ចលនា​ខ្មែរក្រហម​បាន​បិទ​បញ្ចប់​ក៏ពិតមែន តែ​គេ​ក៏ត្រូវ​ប្រយ័ត្នប្រយែង​ផងដែរ​។ លោក​បន្ថែមថា​៖« យើង​លើក​ជា​ឧទាហរណ៍ ប្រជាជន​នៅ​អន្លង់វែង​ភាគច្រើន​គោរព​ស្រឡាញ់​តា​ម៉ុក តែ​ស្រុក​ក្បែរ​នោះ​គឺ​ត្រពាំង​ប្រាសាទ ហាក់ដូចជា​មិនសូវ​ចូលចិត្ត​ទេ សូម្បីតែ​ខ្មែរក្រហម​ខ្លួនឯង​គាត់​ក៏មាន​ក្រុម​ផ្សេងៗ​គ្នា​ដែរ ដូច្នេះ​សន្ដិភាព ការ​ចងក្រង​ប្រវត្តិសាស្ដ្រ​ផ្ទាល់មាត់​រវាង​ក្រុម​ផ្សេងៗ​គ្នា ហើយ​មតិយោបល់​ទស្សន​ផ្សេងៗ​នោះ​ហើយ ដែល​អាចធ្វើឱ្យ​យើង​បានដឹង​ស៊ីជម្រៅ​អំពី​ឫសគល់​នៃ​បញ្ហា​ផ្សេងៗ ហើយ​អាច​ទប់ស្កាត់​កុំឱ្យ​កម្ពុជា​ឬ​សហគមន៍​ប្រទេស​ទាំងមូល មាន​បញ្ហា​ទៅ​ថ្ងៃមុខ​ទៀត យើង​ធ្វើ​ដើម្បី​ទ្រទ្រង់​ការពារ​សន្ដិភាព​»​។​
 
​បន្ទាប់ពី​ធ្វើការ​ច្រើន​ឆ្នាំ​មកនេះ បណ្ឌិត លី សុខ​ឃាង មើលឃើញថា បញ្ហា​សង្គម ដូចជា​ការរើសអើង​ពី​សំណាក់​ប្រជាជន​ខាងក្រៅ​មកលើ​អតីត​ទាហាន​ខ្មែរក្រហម ហាក់​មាន​ភាពល្អប្រសើរ​បន្ដិច តែ​យ៉ាងណា​ក្នុងនាម​មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង បណ្ឌិត លី សុខ​ឃាង ប្រាប់ថា​លោក​នឹង​ព្យាយាម​បញ្ជៀប​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ និង​បង្កើត​ផែនការ​បន្ថែម​ដើម្បី​ការផ្សះផ្សារ​សង្គម បន្ទាប់មកទៀត​គឺ​ការគិតគូរ​ពី​ការអភិវឌ្ឍ​សង្គម​។ 


 
​ក្នុងការ​លើកកម្ពស់​ក​ម្រិ​ត​ជីវភាព​ប្រជាជន មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង​សហការ​ជាមួយ​ក្រសួងទេសចរណ៍ និង​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧ​ត្ត​រ​មានជ័យ បង្កើន​ការផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ពី​ប្រវត្តិសាស្ដ្រ​អន្លង់វែង តាមរយៈ​ដំណើរ​កម្សាន្ត​របស់​ទេស​ចរ​។ បណ្ឌិត លី សុខ​ឃាង យល់ថា ពេលណា​វិស័យ​ទេសចរណ៍​ក្នុងស្រុក​នេះ​រីកចម្រើន នឹង​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ប្រជាជន​បានល្អ​ប្រសើរ ពិសេស​អន្លង់វែង​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត​គឺ​នៅ​ចន្លោះ​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ​។​


 
​ការសិក្សា​ពី​ប្រវត្តិសាស្ដ្រ​ខ្លួនឯង ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​។ បច្ចុប្បន្ន​កូនៗ​អតីត​ទាហាន​ខ្មែរក្រហម ចាប់ពី​អនុវិទ្យាល័យ និង​ថ្នាក់​វិទ្យាល័យ មាន​ចំនួន​៧​ថ្នាក់​នៅ​ស្រុក​អន្លង់វែង ទទួលបាន​ការអប់រំ​ពី​ប្រវត្តិសាស្ដ្រ​ខ្មែរក្រហម ពិសេស​តំបន់​អន្លង់វែង​។ ក្រៅពី​ការសិក្សា​នេះ មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង ក៏បាន​រៀបចំ​វេទិកា និង​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ទៀត ដើម្បី​បញ្ជៀប​ការផ្សព្វផ្សាយ​ប្រវត្តិសាស្ដ្រ​ដូចជា ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង ការប្រគំ​តន្ដ្រី និង​គម្រោង​រៀបចំ​អន្លង់វែង​ជា​តំបន់​ប្រវត្តិសាស្ដ្រ​យោធា និង​គម្រោង​សង់​វិមាន​ឈ្នះ​ឈ្នះ​នៅលើ​ភ្នំ​ដងរែក​។​ល​៕
 

Tag:
 អន្លង់វែង​
  ខ្មែរក្រហម​
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com