សង្គមអន្តរជាតិ​
អន្តរជាតិ
វៀតណាម​និង​ហ្វីលីពីន ចាត់ទុក​សមយុទ្ធ​យោធា​ចិន​នៅ​ដែនទឹក​មាន​ជម្លោះ ជាការ​បំពាន​ដែន​អធិបតេយ្យ​
03, Jul 2020 , 7:29 pm        
រូបភាព
រូបភាពថតពីលើអាកាស កាលពីថ្ងៃទី២ មករា ឆ្នាំ២០១៧ បង្ហាញ ក្បួនទ័ពជើងទឹកចិន អំឡងសមយុទ្ធយោធាក្នុងសមុទ្រចិនខាងត្បូង (AFP)
រូបភាពថតពីលើអាកាស កាលពីថ្ងៃទី២ មករា ឆ្នាំ២០១៧ បង្ហាញ ក្បួនទ័ពជើងទឹកចិន អំឡងសមយុទ្ធយោធាក្នុងសមុទ្រចិនខាងត្បូង (AFP)
ដោយ:
​វៀតណាម និង​ហ្វីលីពីន នៅ​ថ្ងៃទី​២ ខែមិថុនា បាន​រិះគន់​ការធ្វើ​សមយុទ្ធ​យោធា​របស់​ចិន​ក្នុង​តំបន់​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ព្រមាន​ថា វា​អាច​បង្ក​ភាព​តានតឹង​ក្នុង​តំបន់ និង​ប៉ះពាល់​ដល់​ទំនាក់ទំនង​ប៉េកាំង​ជាមួយ​ប្រទេសជិតខាង​ខ្លួន​។ បន្ថែម​ពី​ប្រទេស​ជម្លោះ​ក្នុង​សំណុំរឿង​ដែនទឹក​នេះ ក្រុង​វ៉ាស៊ីនតោន​ឯណោះ បានបង្ហាញ​ក្តី​ព្រួយបារម្ភ​ជុំវិញ​ទង្វើ​ចិន​នេះ ហើយ​អះអាងថា នឹង​បង្ក​អស្ថិរភាព​កាន់តែខ្លាំង​ក្នុង​តំបន់​។

 
​សមយុទ្ធ​យោធា​ចិន​ដែល​គ្រោង​ធ្វើឡើង​រយៈពេល​៥​ថ្ងៃ បានចាប់ផ្ដើម​នៅ​ថ្ងៃទី​១ ខែកក្កដា នៅក្បែរ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល (Paracel) ដែល​ចិន​និង​វៀតណាម​ទាមទារ​ដូចគ្នា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​សមុទ្រ​ចិន កាលពី​ថ្ងៃទី​២៧ ខែមិថុនា​។ 
 
​មួយថ្ងៃ​ក្រោយ​សមយុទ្ធ​យោធា​នេះ​ចាប់ផ្ដើម ក្រសួងការបរទេស​វៀ​ត​ណា​ម បាន​ហៅ​សមយុទ្ធ​នេះ​ជា​«​ការបំពាន​ដែន​អធិបតេយ្យ​វៀតណាម​ធ្ងន់ធ្ងរ​» ហើយ​អាច​ជះឥទ្ធិពល​អាក្រក់​លើ​ទំនាក់ទំនង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជាមួយ​អាស៊ាន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដោយ​ដកស្រង់​កំណត់​ទូត​វៀតណាម​ផ្ញើ​ទៅ​ភាគី​ចិន​។​
 
​ការទាមទារ​របស់​វៀ​ត​ណា​ម គឺ​ផ្អែកលើ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ (UNCLOS) ។ ទាក់ទិន​បញ្ហា​នេះ ក្រសួងការបរទេស​វៀ​ត​ណា​ម សង្កត់ធ្ងន់ថា រាល់​សកម្មភាព​នានា ក្នុង​តំបន់​សមុទ្រ​វៀតណាម​នេះ ត្រូវតែ​ទទួល​ការអនុញ្ញាត​ពី​ភាគី​វៀតណាម ដូច​មានចែង​ក្នុង​អនុសញ្ញា UN​។ 
 
​ទោះបី​គ្មាន​ទាមទារ​ចំណែក​អ្វី​ក្នុង​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន លោក Delfin Lorenzana បាន​រិះគន់​ចិន​ក្នុង​វេទិកា​សន្តិសុខ​មួយ​ថា ការធ្វើ​សមយុទ្ធ​យោធា​ក្នុង​តំបន់​ជម្លោះ​នេះ គឺ​ហួស​ព្រំ​ដែនទឹក​ខ្លួន ហើយ​នេះ​គឺជា​អំពើ​បង្ករឿង និង​មិនអាច​ទទួលយក​បានឡើយ​។ 
 
​មែនទែនទៅ រដ្ឋាភិបាល​ក្រុង​ហាណូយ និង​ក្រុង​ម៉ានីល គឺជា​ប្រទេស​ទាមទារ​ដែល​ហ៊ាន​រិះគន់​ចិន​ខ្លាំងៗ ដោយ​ពួកគេ​មើលឃើញថា ចិន​បន្ត​ពង្រីក​ដែន​ឥទ្ធិពល​ខ្លាំង​ជ្រុល​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​បំពាន​ព្រំដែន​ដែលមាន​ចែង​ក្នុង​ច្បាប់​សមុទ្រ​អន្តរជាតិ​។ 
 
​ដោយ​ផ្អែកលើ​យុត្តាធិការ​ប្រវត្តិសាស្ត្រ ចិន​ទាមទារ​ជាង​៨០​ភាគរយ​នៃ​សមុទ្រ​នេះ​។  ក្រៅពី​វៀតណាម និង​ហ្វីលីពីន ប្រជាជាតិ​ផ្សេងទៀត​ដែល​ទាមទារ​ចំណែក​ពួកគេ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង គឺមាន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី និង​កោះ​តៃវ៉ាន់​។​
 
​សហរដ្ឋអាមេរិក​ដែល​ពុំមែន​ជា​ប្រទេស​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង បានបង្ហាញ​កង្វល់​ពាក់​ព័ន្ធ​នឹង​សកម្មភាព​យោធា​របស់​ចិន​លើក​នេះដែរ​។ ក្រសួងការពារជាតិ​អាមេរិក បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ដូច្នេះ​ថា​៖«​ការរៀបចំ​សមយុទ្ធ​យោធា​ក្នុង​ដែនដី​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង គឺ​ប៉ះពាល់​ដល់​កិច្ចប្រឹងប្រែង​ក្នុង​គោលដៅ​បន្ធូរបន្ថយ​ភាព​តានតឹង​និង​រក្សា​ស្ថិរភាព​(​តំបន់​)»​។ 
 
​កន្លងទៅ អាមេរិក បាន​ចោទ​ចិន​ថា ធ្វើ​យោ​ធូប​នីយកម្ម​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​ព្យាយាម​សម្ញែង​សាច់ដុំ​ដើម្បី​សម្លុត​ប្រទេសជិតខាង​ខ្លួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ហ៊ាន​ទាញយក​ធនធានធម្មជាតិ​ក្នុង​សមុទ្រ​នេះ​។ 
 
​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​តំបន់​សម្បូរ​ដ៏​ធនធានធម្មជាតិ​និង​ផ្លូវទឹក​ពាណិជ្ជកម្ម​ដ៏​មមាញឹក 
​គឺជា​អាទិភាព​យុទ្ធសាស្ត្រ​គោល​មួយ​សម្រាប់​ចិន​។ តាំងពី​ដើមឆ្នាំ​២០១៥​មក ចិន​បាន​សាងសង់​កោះ សិប្បនិម្មិត​ចំនួន​៧​ក្នុង​ប្រជុំ​កោះ Spratly និង​ធ្វើ​ទំនើបកម្ម​លើ​កងទ័ពជើងទឹក​រប​ស់​យោធា ដែល​ផ្ដោត​សំខាន់​លើ​ការពង្រឹង​វត្តមាន​ខ្លួន​ក្នុង​តំបន់​ជម្លោះ​នេះ​។ 
 
​ក្រៅពី​ចិន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និង​វៀតណាម​ដែល​ទាមទារ​ដែន​អធិបតេយ្យ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ឥណ្ឌូណេស៊ី​ដែល​ពុំមែន​ជា​ប្រទេស​ទាមទារ ក៏មាន​ជម្លោះ​ដាច់ដោយឡែក​ជាមួយ​ប៉េកាំង​ជុំវិញ​ផ្នែក​នៃ​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​របស់ខ្លួន (EEZ) ។ រឿង​ដែល​ប៉ះពាល់​ប្រយោជន៍​រដ្ឋាភិបាល​ហ្សា​ការ​តា​នៅត្រង់ចំណុច​ថា ចិន​ទាមទារ​ទឹកដី​តាម​បន្ទាត់​៩​ឆ្នូត​(Nine-dash line) ដែល​យក​ជា​កម្មសិទ្ធិ​ដែនទឹក​ស្ទើរ​ទាំងស្រុង​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​រាប់ទាំង​ផ្នែក​នៃ EEZ របស់​ឥណ្ឌូណេស៊ី​។  
 
 

Tag:
 វៀតណាម​
  ចិន​
  ហ្វីលីពីន​
  អាមេរិក​
  សមុទ្រ​ចិន​ខាងត្បូង​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com