COVID-19
ជាតិ
​ខ្មែរ​និង​បរទេស​១៩២​នាក់​ពី​១០​ប្រទេស ឡើង​យន្តហោះ​នៅ​ម៉ាឡេស៊ី មក​កម្ពុជា
03, Jul 2020 , 3:13 pm        
រូបភាព
ទិដ្ឋភាពអ្នកដំណើរក្នុងអាកាសយានដ្ឋាននៃទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី (រូបពីស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី)
ទិដ្ឋភាពអ្នកដំណើរក្នុងអាកាសយានដ្ឋាននៃទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី (រូបពីស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី)
​ជើងហោះហើរ​មួយទៀត ចេញពី​ម៉ាឡេស៊ី ជាមួយនឹង​អ្នកដំណើរ​១៩២​នាក់ បាន​មកដល់​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០​។ 

 
​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ម៉ាឡេស៊ី បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា ក្នុងចំណោម​អ្នកដំណើរ​១៩២​នាក់​នោះ មាន​ពលរដ្ឋ​ខ្មែរ​១២២​នាក់ ម៉ាឡេស៊ី​៤៤​នាក់ និង ២៦​នាក់​ទៀត ជា​អ្នកដំណើរ​ពី​ប្រទេស​១០ ដែល​បាន​ទៅ​បន្ត​ជើងហោះហើរ​នៅ​ម៉ាឡេស៊ី មក​កម្ពុជា​។ ស្ថានទូត អះអាងថា ក្នុងចំណោម​២៦​នាក់ ដែល​ទៅ​បន្ត​ជើងហោះហើរ​នៅ​ម៉ាឡេស៊ី ក៏មាន​ពលរដ្ឋ​ខ្មែរ​ដែរ​។ 
 
​វា ជា​ជើងហោះហើរ​លើក​ទី​៣​ហើយ ដែល​ចេញពី​ម៉ាឡេស៊ី មក​កម្ពុជា ក្រោម​ការសម្របសម្រួល​របស់​ស្ថានទូត​កម្ពុជា​និង​អាជ្ញាធរ​ម៉ាឡេស៊ី​។ បើតាម​ស្ថានទូត នៅ​ថ្ងៃទី​៩ ខែកក្កដា នឹងមាន​ជើង​ហើរ​លើក​ទី​៤ ពី​ម៉ាឡេស៊ី មក​កម្ពុជា​។  
 
​ជើងហោះហើរ​លើក​ទី​១ មាន​ជាង​២០០​នាក់ ហើយ ជើងហោះហើរ​លើក​ទី​២ មាន​ជាង​១០០​នាក់​។ ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ​ទាំងនោះ ខ្លះ​ជា​និស្សិត ហើយ​ខ្លះទៀត ជា​ពលករ​។​
 
​ជើងហោះហើរ​លើក​ទី​១ ពេល​ដល់​កម្ពុជា មន្ត្រី​សុខាភិបាល រកឃើញ​បុរស​ខ្មែរ​ម្នា​ក់វ័យ​២១​ឆ្នាំ ផ្ទុកមេរោគ​កូ​វីដ​-១៩ តែ​បានជា​សះស្បើយ​វិញ​ហើយ​។ ជើងហោះហើរ​លើក​ទី​២ មាន​២​នាក់ ដែលមាន​ជំងឺ​កូ​វីដ​-១៩ ដោយ​ម្នា​ក់វ័យ​២៣​ឆ្នាំ​និង​ម្នា​ក់វ័យ​១៥​ឆ្នាំ (​ប្រុស​ទាំង​២)​។ បច្ចុប្បន្ន អ្នក​ទាំង​២ កំពុង​សម្រាក​ព្យាបាល​។ 
 
​មិនមែន​នៅតែ​ម៉ាឡេស៊ី​ទេ រដ្ឋាភិបាល ក៏ដូចជា​ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​ផ្សេងទៀត ក៏​ជួយ​រក​យន្តហោះ ឲ្យ​ពលរដ្ឋ​ខ្មែរ បានធ្វើ​ដំណើរ​មកវិញ​ដែរ​។ ថ្មីៗ​នេះ ពលរដ្ឋ​ខ្មែរ​ជាង​៤០​នាក់ នៅ​ឥណ្ឌូណេស៊ី និង​ពលរដ្ឋ​ខ្មែរ​ប្រមាណ​៦០​នាក់​នៅ​ឥណ្ឌា បានធ្វើ​មាតុភូមិ​និវត្ត​។​
 
​ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ​ជាង​៤០ ដែល​មកពី​ឥណ្ឌូណេស៊ី មាន​៨​នាក់ ត្រូវបាន​រកឃើញថា មាន​ជំងឺ​កូ​វីដ​-១៩ តែ​បានជា​សះស្បើយ​វិញ​២​នាក់​ហើយ​។ ចំណែក​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់ ក្នុងចំណោម​២​នាក់ ដែល​ធ្វើដំណើរ​មកជា​មួយ​ពលរដ្ឋ​ខ្មែរ​ជាង​៤០​នាក់​នោះ ក៏មាន​ជំងឺ​កូ​វីដ​-១៩​ដែរ តែ​បានជា​សះស្បើយ​ដែរ​ហើយ​។  
​ដោយឡែក​ពលរដ្ឋ​ខ្មែរ​ប្រមាណ​៦០​នាក់ ដែល​មកពី​ឥណ្ឌា មិនមាន​ព័ត៌មាន​ថា ឆ្លង​ជំងឺ​កូ​វីដ​-១៩​នោះទេ​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ កម្ពុជា បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ឲ្យ​ជាសះស្បើយ​១៣១​នាក់ ខណៈ​១១​នាក់​ទៀត នៅ​បន្ត​ព្យាបាល​៕ 
 

Tag:
 ជើង​ហោះ​កម្ពុជា​-​ម៉ាឡេស៊ី​
  ពលករ​ខ្មែរ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com