ជាតិ
ក្រសួងយុត្តិធម៌ រំពឹងថា សំណុំរឿង​ដែល​កកស្ទះ​តាម​តុលាការ នឹងត្រូវ​ដោះស្រាយ​អស់ នៅ​ដំណាច់ឆ្នាំ​២០២០
03, Jul 2020 , 8:29 pm        
រូបភាព
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងតាមតុលាការ (រូបពីក្រសួងយុត្តិធម៌)
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងតាមតុលាការ (រូបពីក្រសួងយុត្តិធម៌)
​ដោយមាន​ការចូលរួម​យ៉ាងសកម្ម​ពី​ចៅក្រម ព្រះរាជ​ធា​ជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និង ស្ថាប័ន​ពាក់ព័ន្ធ​នានា គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​តាម​សាលាដំបូង​រាជធានី​-​ខេត្ត របស់​ក្រសួងយុត្តិធម៌ បង្ហាញ​ក្តី​រំ​ពឹ​ក​ទុក​ថា សាលាដំបូង​រាជធានី​-​ខេត្ត​នៅ​ទូទាំងប្រទេស នឹង​ខិតខំ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង «​ឲ្យ​ចប់សព្វគ្រប់​» នៅត្រឹម​ដំណាច់ឆ្នាំ​២០២០​នេះ​។


​គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​តាម​សាលាដំបូង​រាជធានី​-​ខេត្ត បង្ហាញ​ក្តី​រំពឹង​នេះ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​វឌ្ឍនភាព​នៃ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត ដែល​ចេញ​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២០​។ 
​គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​តាម​សាលាដំបូង​រាជធានី​-​ខេត្ត អះអាង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា រយៈពេល​៤២​ថ្ងៃ​កន្លងមក គឺ​ចាប់តាំងពី​គណៈកម្មការ​នេះ ត្រូវបាន​បង្កើតឡើង សំណុំរឿង​ព្រហ្មទណ្ឌ​ជាង​៣,៤​ពាន់​ហើយ ស្មើនឹង​ប្រមាណ​២៧​ភាគរយ​នៃ​សំណុំរឿង​ទាំងអស់ ដែល​កកស្ទះ​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត ត្រូវបាន​ដោះស្រាយ​។ 
 
​គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​តាម​សាលាដំបូង​រាជធានី​-​ខេត្ត កោតសរសើរ​គ្រប់ភាគី​ពាក់ព័ន្ធ​ខាងលើ ដែល​បាន​ចូលរួម​ជំរុញ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​វិស័យ​យុត្តិធម៌​ផងដែរ​។ ជាមួយគ្នានេះ គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​តាម​សាលាដំបូង​រាជធានី​-​ខេត្ត សង្ឃឹមថា គ្រប់ភាគី​ពាក់ព័ន្ធ នឹង​បន្ត​ចូលរួម​កាន់តែ​សកម្ម​ថែមទៀត​។ 
 
​ក្រោយ​បាន​ឡើងជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ បានដាក់​ផែនការ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅតាម​តុលាការ ជាការ​ងារ​ដែល​ត្រូវធ្វើ​មុនគេ​។ ដើម្បី​ឲ្យ​ការដោះស្រាយ​បញ្ហា​នេះ​បាន​ជោគជ័យ លោក បាន​បង្កើត​ក្រុមការងារ​ថ្មី​មួយ គឺ​គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​តាម​សាលាដំបូង​រាជធានី​-​ខេត្ត នេះឯង ដោយ​លោក ធ្វើជា​ប្រធាន​ខ្លួនឯង​តែម្តង​។​
 
​នៅ​ថ្ងៃ​២៦ ខែមិថុនា ឆ្នាំ​២០២០ លោក ចេញ​សេចក្តីសម្រេច​បង្កើត​ក្រុមការងារ​មួយទៀត ហៅថា ក្រុមការងារ​បច្ចេកទេស រៀបចំ​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​។ ភារកិច្ច​សំខាន់​នៃ​ក្រុម​ការ​បច្ចេកទេស​នេះ គឺ​ជួយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ជូន​ប្រជាពលរដ្ឋ​។ 
 
​លោក​រដ្ឋមន្ត្រី បានតែងតាំង​លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រ​យួ​ង​យុត្តិធម៌ ជា​ប្រធាន​ក្រុម​ការ​បច្ចេកទេស​នេះ អមដោយ​អនុប្រធាន​២​រូប អនុប្រធាន​អចិន្ត្រៃយ៍​១​រូប ទីប្រឹក្សា​១​រូប និង សមាជិក​១០​រូប​។​
 
​កន្លងមក ក្រសួងយុត្តិធម៌ លើក​មូលហេតុ​ចម្បង​មួយ​ថា ការកកស្ទះ​សំណុំរឿង​នៅតាម​តុលាការ គឺ​ដោយសារតែ ខ្វះ​បន្ទប់​បើកសវនាការ ម្ល៉ោះហើយ​ទើបបានជា ក្រសួងយុត្តិធម៌ បង្ហាញ​ការប្រឹងប្រែង​ក្នុង​ការកសាង​បន្ទប់​សវនាការ​បន្ថែម ដើម្បី​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​។ 
 
​លើសពីនេះ ក្រសួងយុត្តិធម៌ ធ្លាប់​អះអាងថា មានបំណង​អនុវត្ត​តុលាការ​ចល័ត (Mobile Court) ដើម្បី​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​។ តុលាការ​ចល័ត មានចែង​ក្នុង​ច្បាប់​កម្ពុជា តែ មិនដែល​បាន​យកមក​អនុត្ត​នោះទេ​។ តុលាការ​ចល័ត គឺ​សំដៅលើ​ការផ្ទេរ​ចៅក្រម​និង​សំណុំរឿង ពី​តុលាការ​មួយ ទៅ​តុលាការ​មួយ​ផ្សេងទៀត ហើយក៏​អាច​ផ្លាស់ប្តូរ​សាល​សវនាការ​ដែរ​។​
 
​មិនមែន​តែ​នៅតាម​តុលាការ​ទេ ដែល​កកស្ទះ​សំណុំរឿង នៅតាម​ពន្ធនាគារ ក៏​កកស្ទះ​និង​មាន​ភាព​ចង្អៀត​ណែន​ដែរ ដោយសារតែ អ្នក​ជាប់ឃុំ ចេះតែ​កើនឡើង​។ រដ្ឋាភិបាល អះអាងថា បាន​ប្រឹងប្រែង​កសាង​ពន្ធនាគារ​បន្ថែម ដើម្បី​ដោះស្រាយ​ភាព​ចង្អៀត​ណែន​៕ 

Tag:
 វិស័យ​យុត្តិធម៌​
  ការកកស្ទះ​សំណុំរឿង
© រក្សាសិទ្ធិដោយ thmeythmey.com