សង្គមអន្តរជាតិ​
អន្តរជាតិ
ច្បាប់​សន្តិសុខ​ហុងកុង​៖ សេចក្តីព្រាងច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​ចិន ធ្លាក់​ដល់ដៃ​លោក ត្រាំ
03, Jul 2020 , 9:29 pm        
រូបភាព
ស្ត្រីពីរនាក់ ដើរកាត់បដាច្បាប់សន្តិសុខជាតិហុងកុង។ រូបភាព៖ AP
ស្ត្រីពីរនាក់ ដើរកាត់បដាច្បាប់សន្តិសុខជាតិហុងកុង។ រូបភាព៖ AP
សេចក្តីព្រាងច្បាប់​ដែល​បើកផ្លូវ​ដល់​ការដាក់ទណ្ឌកម្ម​មន្ត្រី​ចិន និង​ស្ថាប័នហិរញ្ញវត្ថុ​មួយចំនួន ត្រូវបាន​សភា​ទាំងពីរ​ថ្នាក់​របស់​អាមេរិក​អនុម័ត​រួចហើយ នៅ​ថ្ងៃទី​២ ខែកក្កដា​។ នីតិវិធី​បន្ទាប់ សេចក្ដីព្រាងច្បាប់​នេះ​នឹង​ធ្លាក់​ទៅលើ​តុ​របស់​ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ ។ ប្រសិនបើ​ច្បាប់​នេះ​ចូល​ជា​ធរមាន អាមេរិក នឹងមាន​អំណាច​ដាក់ទណ្ឌកម្ម​មន្ត្រី​ចិន​ជាច្រើនរូប​ដែល​ចូលរួម​បំផ្លាញ​សិទ្ធិសេរីភាព​ហុងកុង​តាមរយៈ​ច្បាប់​សន្តិសុខ​ជាតិ និង​ស្ថាប័នហិរញ្ញវត្ថុ​ចិន​មួយចំនួន​។ 



 
​សេចក្តីស្នើច្បាប់​ស្វ័យភាព​ហុងកុង )The Hong Kong Autonomy Act) ត្រូវបាន​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​ម្តង​ហើយ​កាលពី​ចុងខែ​មិថុនា​។ ប៉ុន្តែ​រដ្ឋសភា​អាមេរិក បាន​កែប្រែ​ចំណុច​មួយចំនួន មុននឹង​អនុម័ត​។ ការណ៍​នេះ ធ្វើ​ឲ្យ​ព្រឹទ្ធសភា​អាមេរិក ត្រូវអនុម័ត​សេចក្ដីព្រាងច្បាប់​ម្តងទៀត​នៅ​ថ្ងៃទី​២ ខែមិថុនា​។ នីតិវិធី​បន្ទាប់ សេចក្តីស្នើច្បាប់​ស្វ័យភាព​ហុងកុង នឹង​ធ្លាក់​ទៅលើ​តុ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ដើម្បី​ចុះហត្ថលេខា​។ 
 
​ក្នុងដំណាក់កាល​នេះ ប្រធានាធិបតី​មាន​សិទ្ធិ​វេតូ​សំណើ​ច្បាប់​បាន ប៉ុន្តែ​សភា​ក៏មាន​សិទ្ធិ​បដិសេធ​សិទ្ធិ​វេតូ​របស់​ប្រធានាធិបតី​អាមេរិក​បាន​ផងដែរ តាមរយៈ​សម្លេងគាំទ្រ​២​ភាគ​៣ នៃ​សភា​ទាំងពីរ​។ ប៉ុន្តែ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មាន​ទំនុកចិត្ត​ថា លោក ត្រាំ នឹង​ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​នេះ​។ 
 
​នៅ​សេចក្តីព្រាងច្បាប់​នេះ ចូល​ជា​ធរមាន អាមេរិក​នឹងមាន​យុត្តាធិការ​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ចិន ប៉ូលិស​ហុងកុង​មួយចំនួន​ដែល​បាន​ចូលរួម​បំផ្លាញ​សិទ្ធិសេរីភាព​របស់​ប្រជាជន​ហុងកុង តាមរយៈ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​។ សេចក្តីព្រាងច្បាប់​នេះ​ផងដែរ ក៏មាន​សិទ្ធិ​ដាក់ទណ្ឌកម្ម​លើ​ស្ថាប័នហិរញ្ញវត្ថុ​ចិន និង​ហុងកុង​ផងដែរ ប្រសិនបើ​អាមេរិក​រកឃើញថា ស្ថាប័ន​ទាំងនោះ មាន​ពាក់ព័ន្ធ​ជាមួយនឹង​អ្នកចូលរួម​បំផ្លាញ​សិទ្ធិសេរីភាព​នៅក្នុង​ទីក្រុង​ហុងកុង​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP កិច្ចការ​ស្វែងរក​មន្ត្រី​ចិន ដែល​ចូលរួម​បំផ្លាញ​សិទ្ធិសេរីភាព​ហុងកុង តាមរយៈ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង និង​ស្ថាប័នហិរញ្ញវត្ថុ​ទាំងនោះ គឺ​ធ្លាក់​ទៅលើ​ក្រសួងការបរទេស និង​ក្រសួង​រតនាគារជាតិ​អាមេរិក​។ 
 
​កន្លងមក រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បានប្រកាស​រឹតត្បិត​ទិដ្ឋាការ​លើ​សមាជិក​បក្សកុម្មុយនិស្ត​ចិន​ម្តង​ហើយ​។ ចំណែក​ប្រធានរដ្ឋសភា​អាមេរិក លោកស្រី​Nancy Pelosi ក៏បាន​ទទូច​ឲ្យ​ប្រធានាធិបតី​ចាត់វិធានការ​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ចិន​ផងដែរ​។ ចំណែក​ចិន​វិញ ក៏​ធ្លាប់​ព្រមាន​ចាត់វិធានការ​តប​ទៅ​អាមេរិក​វិញ​ដែរ ប្រសិនបើ​សេចក្តីស្នើច្បាប់​ស្វយ័តភាព​ហុងកុង​ចូល​ជា​ធរមាន​។ ចិន​នៅតែ​ចាត់ទុក​ទង្វើ​អាមេរិក​ជាការ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​។ 
 
​សូមបញ្ជាក់ថា ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ដែល​បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១ ខែកក្កដា ចំ​ខួប​លើក​ទី​២៣ ដែល​អង់គ្លេស​ប្រគល់​ទឹកដី​ហុងកុង​ត្រលប់មក​ចិន​វិញ បាន​បង្ក​ឲ្យ​មាន​បញ្ហា​ចម្រូងចម្រាស​យ៉ាងខ្លាំង​។ នៅក្នុង​ថ្ងៃ​ចូល​ជាធរ​មាននៃ​ច្បាប់​ថ្មី​នេះ មនុស្ស​យ៉ាងហោចណាស់ ១០​នាក់ ត្រូវ​ចោទ​ពីបទ​បំពាន​ច្បាប់​សន្តិសុខ​ជាតិ​។ ចំណែក​អង់គ្លេស​បាន​ចោទ​ចិន​ថា បាន​បំពាន​សេចក្តីប្រកាស​រួម​រវាង​អង់គ្លេស និង​ចិន ក្នុង​ឆ្នាំ ១៩៨៤៕ 

Tag:
 អាមេរិក​
  ចិន​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com