ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុ អះអាងថា ខ្លួនបានរកឃើញភាពមិនប្រក្រតីនៅក្នុងរបាយការណ៍អង្គការលីកាដូ ដែលអមដោយវីដេអូខ្លី មានចំណងជើងថា «ការនាំឱ្យមានចំណាកស្រុក៖ បទពិសោធន៍នៃភូមិមួយអំពីបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការចំណាកស្រុកឆ្លងដែន» (https://bit.ly/3iod2Vm) ដែលចេញផ្សាយកាលពីថ្ងៃទី៥ ឧសភាកន្លងមក។
របាយការណ៍អង្គការលីកាដូ បានរកឃើញថា ការជាប់ជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្រើនលើសលុប គឺជាកត្តាចម្បង ដែលនាំឱ្យពលរដ្ឋចំណាកស្រុក។ លីកាដូ ក៏បានបង្ហោះវីដេអូពលរដ្ឋ៤នាក់ ដោយបិទមុខ និងមិនបញ្ចេញអត្តសញ្ញាណ តាមរយៈកិច្ចសម្ភាសខ្លួនផងដែរ។
ក្រោយពិនិត្យមើលវីដេអូនេះ សមាគមមីក្រូហិរញ្ញវត្ថុ ក៏បានកំណត់អត្តសញ្ញាណពលរដ្ឋ២នាក់ ក្នុងចំណោម៤នាក់ នៅក្នុងភូមិគោកស្រុក ឃុំស្រះរាំង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បីផ្ទៀតផ្ទាត់ជាមួយបទសម្ភាសរបស់លីកាដូ។ តាមរយៈការសាកសួរនោះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរកឃើញនូវភាពមិនប្រក្រតីជាច្រើននៃរបាយការណ៍នេះ។
ភាពមិនប្រក្រតី ដែលសមាគមមីក្រូហិរញ្ញវត្ថុ បានរកឃើញនោះ ត្រង់ចំណុចបុរសពោះម៉ាយម្នាក់ ឈ្មោះ ខុន រ៉េត ដែលមានវ័យជាង៦០ឆ្នាំ(នៅក្នុងនាទី ០០:២៤) ហើយបានផ្ដល់កិច្ចសម្ភាសឱ្យលីកាដូនេះ គឺមិនដែលធ្លាប់បានខ្ចីប្រាក់ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយឡើយ ហើយជីវភាពរស់នៅរបស់គាត់ក៏មានភាពប្រសើរឆ្ងាយខុសពីអ្វីដែលបានរកឃើញនៅក្នុងរបាយការណ៍នេះ។ «ដូចនេះការដែលលើកយកបទពិសោធន៍ចំណាកស្រុកកាលពីជាង១០ឆ្នាំមុន មកភ្ជាប់នឹងបំណុលមីក្រូហិរញ្ញវត្ថុ ទាំងដែលគាត់មិនធ្លាប់ទទួលប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយអះអាងថាបំណុលមីក្រូហិរញ្ញវត្ថុជំរុញឱ្យមានការចំណាកស្រុក គឺជារឿងមិនត្រឹមត្រូវ និងមិនអាចទទួលយកបានឡើយ»។ នេះជាការបញ្ជាក់របស់សមាគមមីក្រូហិរញ្ញវត្ថុ។
ក្រៅបុរសខាងលើនេះ សមាគមមីក្រូហិរញ្ញវត្ថុ ក៏បានសាកសួរបុគ្គលម្នាក់ទៀត ឈ្មោះ វ៉ាន់ ឌីឈុំ (នៅក្នុងនាទី ០០:២៤) ដែលមានអាយុ២៤ឆ្នាំ ជាកម្មករចំណាកស្រុកធ្វើការសំណង់នៅប្រទេសថៃដែរ។ ក្រុមគ្រួសារ វ៉ាន់ ឌីឈុំ បានជំពាក់បំណុលសរុបចំនួន ១១ម៉ឺនបាត(ជាង៣៥០០ដុល្លារ) ដែលក្នុងនោះ កម្ចីពីអ្នកចងការប្រាក់(ក្រៅប្រព័ន្ធ) ចំនួន៩ម៉ឺនបាត(ជិត៣០០០ដុល្លារ) និងកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួនតែ២ម៉ឺនបាត(ជាង៦០០ដុល្លារ)ប៉ុណ្ណោះ ដោយប្រើប្រាស់ឈ្មោះម្តាយជាតំណាងកម្ចីប្រាក់។ គ្រួសារ វ៉ាន់ ឌីឈុំ បានកម្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាប្រភេទកម្ចីក្រុម ដែលមិនមានការដាក់ទ្រព្យ ឬប្លង់ធានាអ្វីឡើយ ។ ក្នុងកិច្ចសម្ភាសជាមួយសមាគមមីក្រូហិរញ្ញវត្ថុ បុគ្គល វ៉ាន់ ឌីឈុំ បានបញ្ជាក់ថា ជីវភាពគ្រួសារខ្លួន មានភាពល្អប្រសើរជាងមុន ក្រោយចំណាកស្រុក។
សមាគមមីក្រូហិរញ្ញវត្ថុ បានសង្កត់ធ្ងន់ដូច្នេះថា៖«ការចោទប្រកាន់ថា បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នាំឱ្យមានការចំណាកស្រុក គឺជារឿងមិនត្រឹមត្រូវ និងមិនអាចទទួលយកបាន ហើយក៏ឆ្លុះបញ្ជាំងថា អ្នកសម្ភាស មិនទាន់យល់ដឹងថាអ្វីទៅជាសេវាហិរញ្ញវត្ថុ ផ្លូវការស្របច្បាប់ និងអ្វីទៅជាសេវាហិរញ្ញវត្ថុក្រៅផ្លូវការ គ្មានច្បាប់អនុញ្ញាត ដែលមានអត្រាការប្រាក់ខ្ពស់ ហើយគ្មានយន្តការការពារអតិថិជន»។
អ្នកភូមិទាំងពីរនាក់ សុទ្ធតែបញ្ជាក់ថា ពិតជាបានចូលរួមសម្ភាសក្នុងខ្សែវីដេអូរបស់អង្គការលីកាដូ ហើយព័ត៌មានដែលអ្នកទាំងពីរនាក់ផ្តល់ឱ្យសមាគម ក៏ត្រូវបានយកទៅផ្ទៀងផ្ទាត់បន្ថែមជាមួយមេភូមិ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផងដែរ។ នេះជាការអះអាងរបស់សមាគមមីក្រូហិរញ្ញវត្ថុ។
ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី បានបញ្ជាក់ថា ស្ថាប័នលោកនឹងដាក់របាយការណ៍លម្អិត ដែលរកឃើញភាពមិនប្រក្រតីនៃរបាយការណ៍លីកាដូនេះ ទៅអ្នកពាក់ព័ន្ធនានា ដូចជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ធនាគារ អង្គការអន្តរជាតិ និងរដ្ឋាភិបាល តាមរយៈធនាគារជាតិនៃកម្ពុជា ជាដើម។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមបណ្ដាញសង្គមតេឡេក្រាម លោក កាំង តុង បានបញ្ជាក់ដូច្នេះថា៖«កន្លងមកខាងអង្គការលីកាដូ ចេះតែចោទប្រកាន់ វាយប្រហារលើវិស័យមីក្រូហិរញ្ញវត្ថុ ទាំងមិនមានតថភាពជាក់ស្ដែង។ អ៊ីចឹងយើងសង្ឃឹមថារបាយការណ៍លម្អិតរបស់យើងនេះ វានឹងបង្ហាញទៅកាន់សាធារណជន ក៏ដូចជាអ្នកពាក់ព័ន្ធផ្សេងៗឱ្យបានយល់ពីរឿងពិត ថាតើអ្វីដែលគាត់(លីកាដូ) សរសេរ ហើយច្បិចយកមកបន្តិចបន្តួចហ្នឹង ហើយវាខុសទៅទៀត។ តែយើងក៏មិនមានចំណាត់ការផ្លូវច្បាប់អីនៅឡើយទេ ព្រោះវាមិនមែនជាជម្រើសសម្រាប់យើងនៅឡើយទេ ក្នុងដំណាក់កាលនេះ»។
កាលពីថ្ងៃទី៥ ឧសភា អង្គការលីកាដូ បានចេញរបាយការណ៍មួយ ដែលអមដោយវីដេអូខ្លី មានចំណងជើងថា «
ការនាំឱ្យមានចំណាកស្រុក៖ បទពិសោធន៍នៃភូមិមួយអំពីបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការចំណាកស្រុកឆ្លងដែន» (
https://bit.ly/3iod2Vm)។ តាមរយៈការធ្វើបទសម្ភាសន៍ជាមួយសមាជិកគ្រួសារដែលស្នាក់នៅផ្ទះចំនួន៣០គ្រួសារ អ្នកស្រាវជ្រាវរបស់អង្គការលីកាដូ បានរកឃើញថា ការជាប់ជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្រើនលើសលុប នាំឱ្យមានការធ្វើចំណាកស្រុកចេញពីភូមិ ។ លីកាដូ បានអះអាងថា ការពិតដែលបំណុលមីក្រូហិរញ្ញវត្ថុនាំឱ្យមានចំណាកស្រុកនៅកម្ពុជា ត្រូវបានកត់សម្គាល់ជាច្រើនឆ្នាំមកហើយ ដោយអង្គការចំណាកស្រុកអន្តរជាតិ (IOM) និងអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងបទឧក្រិដ្ឋនៅកម្ពុជា (UNODC) ។
អ្នកនាង ណាលី ពីឡូក នាយិកាអង្គការលីកាដូ បានបញ្ជាក់ថា គ្រួសារជាច្រើនបានចាកចេញពីផ្ទះ និងប្រទេសកំណើតរបស់ពួកគាត់ ដើម្បីរកប្រាក់សងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ អ្នកនាងបានអះអាងដូច្នេះថា៖ «ពេលនេះ អតីតពលករចំណាកស្រុករាប់សែននាក់ មិនអាចធ្វើការនៅក្នុងប្រទេសថៃទៀតបានទេ ដោយសារបញ្ហាវីរុសកូវីដ១៩ ដូច្នេះអង្គការលីកាដូសង្ឃឹមថា រាជរដ្ឋាភិបាល និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចជួយអ្នកខ្ចីប្រាក់ទាំងនេះដោយផ្អាកការសងបំណុល និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនម្ចាស់ទ្រព្យវិញ» ។
តែយ៉ាងណា សមាគមមីក្រូហិរញ្ញវត្ថុ បានអះអាងតបថា អង្គការលីកាដូជារឿយៗ បានចេញផ្សាយការសិក្សាទាក់ទងនឹងវិស័យមីក្រូហិរញ្ញវត្ថុ ដែលមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពរួម ដោយផ្តោតតែលើផ្នែកអវិជ្ជមាន ហើយការសិក្សានេះទៀតសោត ក៏មិនអាចផ្ទៀងផ្ទាត់ឡើងវិញបាន ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៩មក។ «ផ្អែកលើហេតុផលនេះ និងតាមអ្វីដែលយើងបានរកឃើញផ្ទាល់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានមន្ទិលសង្ស័យចំពោះសុចរិតភាព និងគោលបំណងពិតប្រាកដរបស់អង្គការលីកាដូ អំពីការសិក្សាផ្សេងៗកន្លងមកដែលទាក់ទងនឹងវិស័យមីក្រូហិរញ្ញវត្ថុ»។ នេះជាការបញ្ជាក់របស់សមាគមមីក្រូហិរញ្ញវត្ថុ។
គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៃសមាជិករបស់សមាគម បានបញ្ចេញប្រាក់កម្ចីដល់ប្រជាជនកម្ពុជា ជាង២,១លាននាក់ ដែលមានទំហំឥណទានសរុប ជាង៣០ទ្រីលានរៀល (៧,៤ប៊ីលានដុល្លា) ខណៈអតិថិជនបញ្ញើសរុបមានជាង២,៨លាននាក់ និងមានប្រាក់បញ្ញើសរុប ជាង១៥ទ្រីលានរៀល (៣,៧ប៊ីលានដុល្លា) ៕