ភ្នំពេញ៖ កម្ពុជា ធ្វើតេស្តរកជំងឺកូវីដ-១៩(COVID-19) លើជនជាតិបរទេសដែលមកកម្ពុជា បានចំនួន១៤,៥២៥នាក់ ។ អ្នកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើង ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៣កក្កដា ឆ្នាំ២០២០ ថា ក្នុងចំណោមជនជាតិបរទេសដែលបានធ្វើតេស្តរកជំងឺកូវីដ-១៩ច្រើនជាងគេ គឺជាជនជាតិចិន មានរហូតដល់ជិត១,២ម៉ឺននាក់។
ជនជាតិចិនដែលធ្វើតេស្តរកជំងឺកូវីដ-១៩ វិទ្យាស្ថានប៉ាស្ទ័រនោះ ភាគច្រើនគឺជាអ្នកជំនួញ ដែលមកពីទីក្រុងប៉េកាំង, សៀវហៃ, កា្វងចូវ និងក្វាងទុង។ នេះជាការលើកឡើងរបស់អ្នកស្រី យក់ សម្បត្តិ ដែលបានបន្ថែមថា ក្រៅពីជនជាតិចិន គឺមានជនបរទេសដែលមកពីចំនួនជាង៣០ប្រទេសទៀត ចូលក្នុងទឹកដីកម្ពុជា បានធ្វើរកកូវីដ-១៩។
ក្នុងនោះមានជនជាតិម៉ាឡេស៊ីចំនួន៤៣០នាក់, អាមេរិក មាន១៤២នាក់, ឥណ្ឌូនេស៊ី មាន៩៥នាក់, តៃវ៉ាន់ មាន៦៦នាក់, ជប៉ុន មាន៦៥នាក់, ឥណ្ឌា មាន៦៣នាក់, បារាំង មាន៣១នាក់, អូស្ត្រាលី មាន១៧នាក់, កាណាដា មាន១៣នាក់, សឹង្ហបុរី មាន១១នាក់, អ៊ីតាលី មាន៩នាក់, ភីលីពីន មាន៨នាក់, អេស្បាញ់ មាន៨នាក់, ហូឡង់ មាន៧នាក់, ញូសេឡែន មាន៧នាក់, អាល្លឺម៉ង់ មាន៦នាក់, អ៊ីស្រា្តអែល មាន៦នាក់...។ ចំនួនជនបរទេសដែលបានធ្វើបានតេស្តរកកូវីដ-១៩នេះ គឺគិតត្រឹម ថ្ងៃទី៣កក្កដា ឆ្នាំ២០២០។
ក្រៅពីជនជាតិបរទេសដែលបានរៀបរាប់ខាងលើនោះ កម្ពុជាក៏បានធ្វើតេស្តលើពលរដ្ឋខ្មែរ បានជាង១៦,០០០នាក់ផងដែរ។ ក្នុងនោះ មានពលករមកពីប្រទេសជាង១ម៉ឺននាក់ បានធ្វើរកជំងឺនេះ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៣កក្កដា នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៤១នាក់។ ក្នុងនោះមាន១៣១នាក់ បានជាសះស្បើយ និង១០នាក់ទៀតកំពុងសម្រាកនៅមន្ទីរពេទ្យ៕