COVID-19
អន្តរជាតិ
លោក គីម ជុងអ៊ុន សាទរពីជោគជ័យរបស់កូរ៉េខាងជើងក្នុងការប្រយុទ្ធនឹងជំងឺ COVID-19 មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងកិច្ចប្រជុំកន្លងទៅ។ រូបភាព AFP
× មេដឹកនាំកំពូលកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានប្រកាសសាទរពីជោគជ័យត្រចះត្រចង់ក្នុងការទប់ស្កាត់ជំងឺCOVID-19 ក្នុងប្រទេស ដ្បិតរដ្ឋឯកោមួយនេះអះអាងថា ខ្លួនពុំមានករណីឆ្លងសូម្បីតែមួយករណីនៅឡើយ។
នៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយបក្សពលករកូរ៉េ នាថ្ងៃទី២ ខែកក្កដា ដែលផ្តោតលើផលប៉ះពាល់របស់ជំងឺCOVID-19 លោក គីម ជុងអ៊ុន បានកោតសរសើរពីភាពជោគជ័យរបស់កូរ៉េខាងជើងក្នុងការទប់ស្កាត់ជំងឺដែលកំពុងរាតត្បាតពាសពេញពិភពលោក។ នេះបើយោងតាមការផ្សាយរបស់ពីភ្នាក់ងារព័ត៌មានរដ្ឋ KCNA។
ក្នុងកិច្ចប្រជុំនោះ លោកគីម បានវាយតម្លៃខ្ពស់ពីការដឹកនាំរបស់គណកម្មាធិការមជ្ឈិមបក្សដែលមានចក្ខុវិស័យវែងឆ្ងាយ ក៏ដូចជាការចូលរួមចំណែករបស់ពលរដ្ឋកូរ៉េខាងជើងគ្រប់រូបដែលរួមជាធ្លុងមួយ គោរពតាមបញ្ជារបស់ក្បាលម៉ាស៊ីនដឹកនាំ។ យ៉ាងណាក្តី លោក គីម ក៏ឆ្លៀតព្រមានផងពីវិធានការបើកប្រទេសវិញយ៉ាងប្រញាប់ប្រញាល់ ដែលអាចបណ្តាលឲ្យមានផលប៉ះពាល់ដែលមិននឹកស្មានដល់ និងវិបត្តិដែលមិនអាចស្រោចស្រង់បាន។
តាំងតែពីជំងឺCOVID-19 ផ្ទុះឡើងនៅក្រុងវូហានប្រទេសចិនមក កូរ៉េខាងជើងបានចេញវិធានការរាំងខ្ទប់ការឆ្លងយ៉ាងឆាប់រហ័ស។ ជាក់ស្តែងប្រទេសនេះ បានបិទព្រំដែនជាមួយប្រទេសចិនតាំងតែពីថ្ងៃទី២២ ខែមករា បិទសាលារៀន ក៏ដូចជាដាក់មនុស្សរាប់ពាន់នាក់ឲ្យនៅដាច់ដោយឡែក។ មិនតែប៉ុណ្ណោះ បុគ្គលទាំងឡាយណាដែលចូលទឹកដីកូរ៉េខាងជើងត្រូវធ្វើចត្តាឡីស័ករហូតដល់៣០ថ្ងៃឯណោះ។
ចំណាត់ការដ៏តឹងរ៉ឹងប្រឆាំងនឹង COVID-19 របស់កូរ៉េខាងជើងនេះ ក៏បណ្តាលឲ្យប្រទេសមួយចំនួនសម្រេចបិទស្ថានទូតនៅទីក្រុងព្យុងយ៉ាងបណ្តោះអាសន្ន ដ្បិតថា វាមានការពិបាកក្នុងការនាំយកបុគ្គលិក សម្ភារៈផ្គត់ផ្គង់ និងលុយជាដើម។
យ៉ាងណាមិញ វាមានការយល់ឃើញថា កូរ៉េខាងជើងទំនងមិនរួចផុតពីការឆ្លងជំងឺ COVID-19 នេះឡើយ ដោយបន្ថែមថា ប្រព័ន្ធសុខាភិបាលរបស់កូរ៉េខាងជើងដែលយ៉ាប់យ៉ឺនស្រាប់ នឹងប្រឈមបញ្ហាធំ បើសិនជាមានការឆ្លងទ្រងទ្រាយធំ។
បន្ថែមពីនេះ របាយការណ៍របស់អ្នកជំនាញអង្គការសហប្រជាជាតិ បានព្រមានពីបញ្ហាសន្តិសុខស្បៀង ត្បិតអីវិធានការបិទព្រំដែនជាមួយប្រទេសជិតខាង បណ្តាលឲ្យគ្រោះទុរភិក្សកើតមានឡើងកាន់តែអាក្រក់ខ្លាំង ជាពិសេសនៅតាមព្រំដែន។ អ្នកការទូត និងអ្នកវិភាគជឿថា របបកូរ៉េខាងជើងអាចនឹងបន្តបិទព្រំដែនរបស់ខ្លួនរយៈពេលពេញមួយឆ្នាំ ២០២០នេះ។ មុននឹងជំងឺ COVID-19 ផ្ទុះឡើង ប្រជាជនកូរ៉េខាងជើងច្រើនជាង៤០ភាគរយរួចទៅហើយ បានប្រឈមនឹងបញ្ហាសន្តិសុខស្បៀង ដោយមួយចំនួនធំជួបបញ្ហាកង្វះអាហារូបត្ថម្ភផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com