អន្តរជាតិ
មី​យ៉ាន់​ម៉ា​៖ មនុស្ស​១៦២​នាក់​ហើយ​បាន​ស្លាប់​ក្នុង​ហេតុការណ៍​បាក់​ដី​នៅ​ទីតាំង​ជីក​រ៉ែ​ត្បូង​
03, Jul 2020 , 5:19 pm        
រូបភាព
សកម្មភាពក្រុមជួយសង្គ្រោះ កំពុងស្វែងរកសពកម្មកររកត្បូងនៅមីយ៉ាន់ម៉ា (AFP)
សកម្មភាពក្រុមជួយសង្គ្រោះ កំពុងស្វែងរកសពកម្មកររកត្បូងនៅមីយ៉ាន់ម៉ា (AFP)
ដោយ:
​មនុស្ស​យ៉ាងតិច ១៦២​នាក់ ត្រូវបាន​រាយការណ៍​ថា បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​បាក់​ដី​នៅ​ទីតាំង​រ៉ែ​ត្បូង​មួយកន្លែង​ក្នុង​ភាគ​ខាងជើង​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ខណៈ​អាជ្ញាធរ​អះអាងថា នៅមាន​សព​ច្រើន​ទៀត​រក​សព​ឃើញ​។

 
​គំនរ​សំណល់​រ៉ែ​ត្បូង​បាន​បាក់​ធ្លាក់ចូល​ទៅក្នុង​ទឹក​បឹង កាលពី​ថ្ងៃទី​២ ខែកក្កដា ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំងពេក ហើយ​បាន​កប់​កម្មករ​រក​ត្បូង​ជាច្រើន​ក្រោម​ដី​ភក់​និង​ទឹក​។ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២ ខែកក្កដា ក្រុម​សង្គ្រោះ បាន​រកឃើញ​សព​១៦២​នាក់ តែ​ប្រតិបត្តិ​ការស្វែងរក​នៅតែ​បន្ត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​ភ្នាក់ងារ​ទទួលបន្ទុក​កិច្ចការ​អាសន្ន​មី​យ៉ាន់​ម៉ា បញ្ជាក់ថា គ្រោះមហន្តរាយ​នេះ​បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅជាប់​ព្រំដែន​ចិន ក្នុង​រដ្ឋ Kachin ។ ចំណែក ប៉ូលិស​ក្នុងស្រុក​បាន​ប្រាប់ AFP ថា កម្មករ​រក​ត្បូង​មិន​ព្រមស្ដាប់​តាម​ការព្រមាន​ពី​សំណាក់​អាជ្ញាធរ មិន​ឲ្យ​ពួកគេ​ធ្វើការ​អំឡុងពេល​ភ្លៀង​ធ្លាក់​។ 
 
​ការបាក់​ដី​ក្នុង​តំបន់​រក​ត្បូង​នេះ គឺជា​រឿង​ធម្មតា ជាពិសេស​អំឡុង​រដូវ​ភ្លៀង​។ ហើយ​ករណី​បាក់​ដី​ធំ​មួយ​ដែល​បាន​កើតឡើង​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១៥ បានសម្លាប់​មនុស្ស​ជាង​១០០​នាក់​។ ហើយ​កាលពី​ឆ្នាំមុន ករណី​ដូចគ្នានេះ បាន​កប់​កម្មករ​ស្លាប់​ជាង​៥០​នាក់​។ 
 
​មី​យ៉ាន់​ម៉ា គឺជា​ប្រភព​រ៉ែ​ត្បូង​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក ហើយ​ឧស្សាហ​កម្មនេះ​ជំរុញ​មួយផ្នែកធំ​ដោយ​តម្រូវការ​របស់​ឈ្មួញ​ពី​ប្រទេស​ចិន​។ យោងតាម​របាយការណ៍​ស៊ើបអង្កេត​របស់​អង្គការ Global Witness ប្រតិបត្តិ​ការជីក​ត្បូង​នេះ គឺមាន​លក្ខណៈ​សម្ងាត់ ហើយ​ប្រតិបត្តិ​ករ​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​អតីត​មេដឹកនាំ​យោធា​មាន​ឥទ្ធិពល​ក្នុងប្រទេស​នេះ​។ 
 
​អង្គការ​ឃ្លាំមើល​នេះ ប៉ាន់​ស្មានថា ឧស្សាហកម្ម​ត្បូង​រកចំណូលបាន​ជាង​៣១​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៤ ទោះជា​លុយ​តិចតួច​ប៉ុណ្ណោះ​ចូល​ហោប៉ៅ​រដ្ឋ​។ ធនធានធម្មជាតិ​ដ៏​ច្រើនសន្ធឹក​នៃ​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​នេះ​រួមមាន ត្បូង ដើមឈើ​ធំៗ និង​មាស​ជាដើម បាន​ជួយ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​សង្គ្រាមរ៉ាំរ៉ៃ​រាប់​ទសវត្ស​ន៍ មិន​ថា​ក្រុម​យោធា និង​ក្រុម​ឧទ្ទាម​នៅ​រដ្ឋ Kachin ឡើយ​។ ការប្រយុទ្ធ​គ្នា​ដើម្បី​គ្រប់គ្រង​រ៉ែ​និង​ចំណូល​នេះ ធ្វើ​ឲ្យ​ប្រជាជន​ស៊ីវិល​រស់នៅ​មិនបាន​ក្តី​សុខ​៕  
 
 
 

Tag:
 មី​យ៉ាន់​ម៉ា​
  រ៉ែ​រក​ត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com