កីឡាជាតិ
ជាតិ
ក្រោយ​ផ្អាក​៤​ខែ លី​គ​កំពូល ចាប់ផ្តើម​ឡើងវិញ​នៅថ្ងៃនេះ ដោយមាន​៣​គូ​
04, Jul 2020 , 10:36 am        
រូបភាព
ដោយ:
​ក្រោយ​ផ្អាក​អស់​រយៈពេល​ជាច្រើន​ខែ​ដោយសារ​ជំងឺ​កូ​វីដ​-១៩​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​បាន​ត្រឡប់​មកវិញហើយ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​៤ ខែកក្កដា ឆ្នាំ​២០២០ មានការ​ប្រកួត​ចំនួន​៣​គូ ដែល​រៀបចំ​នៅ​ទីលាន​ផ្សេងៗ​គ្នា​។ ទោះបី​ក្រសួងសុខាភិបាល​អនុញ្ញាត​ឲ្យ​បើក​ការប្រកួត​វិញ តែ​ពុំ​អនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ​ចូល​ទស្សនា​ផ្ទាល់​នោះទេ​។

 
​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ត្រូវ​បន្ត​ការប្រកួត​សប្តាហ៍​ទី​៦​នៅ​ថ្ងៃ​សៅរ៍​នេះ ក្រោយ​ផ្អាក​ដំណើរការ​អស់​រយៈពេល​ជិត​៤​ខែ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ ការអនុញ្ញាត​ឲ្យ​រៀបចំ​ការប្រកួត​ឡើងវិញ​នេះ ដោយសារ​ស្ថានភាព​នៃ​ការឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​ហាក់​មាន​ភាព​ធូរស្រាល​។ ប៉ុន្តែ​ការរៀបចំ​ស្ថិតក្រោម​ការ​រឹតត្បិត​លើ​ផ្នែក​សុវត្ថិភាព ពោលគឺ​ពុំ​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ឡើយ ហើយ​ការប្រកួត​អនុញ្ញាត​ឲ្យ​មាន​មនុស្ស​ក្រោម​១០០​នាក់​។ 
 
​មួយវិញទៀត​ក្រសួង​តម្រូវ​ឲ្យ​ក្លិប​ជា​ម្ចាស់ផ្ទះ​នីមួយៗ​រៀបចំ​ទឹក សាប៊ូ អាល់កុល និង​ជែ​ល​សម្រាប់​លាងដៃ និង​ពិនិត្យ​កម្តៅ​មុន​អនុញ្ញាត​ឲ្យ​កីឡាករ គ្រូបង្វឹក និង​មន្ត្រី​ចូល​បរិវេណ​ទីលាន​។ ក្នុងករណី​មាន​កីឡាករ គ្រូបង្វឹក ឬ​មន្ត្រី​រូប​ណា​មាន​អា​ការៈគួរ​ឲ្យ​សង្ស័យ ក្លិប​ទាំងនោះ​ត្រូវ​រាយការណ៍​មកកាន់​ស្ថាប័ន​ជំនាញ ដើម្បី​ធ្វើតេស្ត​ស្វែងរក​ជំងឺ​កូ​វីដ​-១៩​។  
 
​សម្រាប់​ការរៀបចំ​ការប្រកួត​ឡើងវិញ​នេះ គណៈកម្មាធិការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា បាន​កែប្រែ​រូបមន្ត​ប្រកួត​មួយចំនួន ដោយ​ធ្វើឡើង​តែមួយ​ជើង​ប៉ុណ្ណោះ​។ ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ចំនួន​៦​ក្រុម​ក្នុង​ជើង​ទី​១​នឹង​ឡើងទៅ​ប្រកួត​វគ្គ​បន្ត​ដើម្បី​ប្រជែង​ដណ្តើម​ជើងឯក​តែម្តង​។ 
 
​សម្រាប់​ការប្រកួត​បើកឆាក​នៅ​ថ្ងៃ​សៅរ៍ ទី​៤ ខែកក្កដា ឆ្នាំ​២០២០​នេះ មានការ​ប្រកួត​ចំនួន​៣​គូ​ក្នុងនោះ ក្រុម​បឹងកេត​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខ្លួន​ទទួល​ក្រុម​មកពី​ខេត្តសៀមរាប​សូល​ទី​ឡូ​អង្គរ ស្របពេល​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​តទល់​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​កីឡដ្ឋាន​សាលា​បាល់ទាត់​ជាតិ​បាទី ខណៈ​អគ្គស្នងការ​នគរបាល​ជាតិ​ប៉ះ​គីរីវង់​សុខ​សែន​ជ័យ​នៅ​កីឡដ្ឋាន​គីរីវង់​។ ការប្រកួត​ទាំង​៣​ធ្វើឡើង​នៅវេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ដូចគ្នា​៕  
 
 

Tag:
 បាល់ទាត់​
  Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com