ជាតិ
៦​ខែ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​ជាង​៤​ពាន់​ករណី និង​ចាប់​ជនល្មើស​ជាង​៨​ពាន់​នាក់​
04, Jul 2020 , 11:42 am        
រូបភាព
គ្រឿងញៀន ដែល​ប្រមូលបាន​ពី​ករណី​បទល្មើស​គ្រឿងញៀន​ខុសច្បាប់​ជិត​៥០០​គីឡូក្រាម ត្រូវបានអាជ្ញាធរដុតបំផ្លាញ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ថ្ងៃទី​២៦ ខែមិថុនា។
គ្រឿងញៀន ដែល​ប្រមូលបាន​ពី​ករណី​បទល្មើស​គ្រឿងញៀន​ខុសច្បាប់​ជិត​៥០០​គីឡូក្រាម ត្រូវបានអាជ្ញាធរដុតបំផ្លាញ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ថ្ងៃទី​២៦ ខែមិថុនា។
​រយៈពេល​៦ ខែ​ឆ្នាំ​២០២០​កន្លងទៅ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ជាង​៤​ពាន់​ករណី និង​ឃាត់ខ្លួន​ជនល្មើស​គ្រឿងញៀន​បាន​ជាង​៨​ពាន់​នាក់​។​

 
​របាយការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បង្ហាញថា ក្នុង​ប្រតិបត្តិ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០២០ សមត្ថកិច្ច​បង្ក្រាបបាន​បទល្មើស​គ្រឿងញៀន​ចំនួន​ជាង ៤​ពាន់​ករណី កើនឡើង​ជាង​២៧​ភាគរយ ដោយ​ឃាត់​ខ្លូន​ជនល្មើស​គ្រឿងញៀន​ចំនួន​ជាង​៨​ពាន់​នាក់ កើន​ជាង​២៦​ភាគរយ បើ​បៀ​ប​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​។ 
 
​ក្នុងចំណោម​ជនល្មើស​គ្រឿងញៀន​ទាំង​៨​ពាន់​នាក់ មាន​ជនជាតិខ្មែរ​ចំនួន​៨,៣៦៩​នាក់ ជនជាតិ​វៀតណាម ៩៦​នាក់ ឡាវ ២​នាក់ ថៃ ៣​នាក់ ចិន​១៣​នាក់ មី​យ៉ាន់​ម៉ា​១​ម្នាក់ ឥណ្ឌូណេស៊ី ១​នាក់ សិង្ហ​បុរី ១​នាក់ ជប៉ុន​១​ម្នាក់ និង​នី​ហ្សេ​រី​យ៉ា​១​ម្នាក់​។​
 
​លោក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ បានបញ្ជាក់​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​កិច្ចប្រតិបត្តិការ​ឆមាស​ទី​១ និង​ដាក់ចេញ​ទិសដៅ​ការងារ​ប្រចាំឆមាស​ទី​២ ឆ្នាំ​២០២០ កាលពី​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២០​នេះ​ថា គ្រឿងញៀន គឺជា​បញ្ហា​សកល និង​ជា​បទឧក្រិដ្ឋ​ឆ្លងដែន ដូចនេះ​រដ្ឋាភិបាល​បានដាក់​ចេញ​យុ​ទ្ឋ​នា​ការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ទូទាំងប្រទេស ដើម្បី​លុបបំបាត់​គ្រឿងញៀន​។ លោក​បន្តថា យុ​ទ្ឋ​នា​ការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​គ្រឿងញៀន​នេះ គឺជា​ចលនា​ជាតិ ដែល​ត្រូវ​ចូលរួម​ពី​គ្រប់ភាគី ជាពិសេស​ពលរដ្ឋ​នៅក្នុង​សហគមន៍ ត្រូវ​សហការ​ណ៍​ជាមួយ​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​
 
​សូមបញ្ជាក់ថា នៅ​ឆ្នាំ​២០១៩ ការបង្ក្រាប​គ្រឿងញៀន​ទូទាំងប្រទេស បាន​ចំនួន​ជាង​៩​ពាន់​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាង​២​ម៉ឺន​នាក់ ក្នុងនោះ​មាន​ជនបរទេស​៤៤៧​នាក់ រឹបអូស​គ្រឿ​ញៀន​បាន​ជាង​៧៥០​គីឡូ​ក្រោម​៕
 

Tag:
 គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com