COVID-19
អន្តរជាតិ
លោក ម៉ា​ក្រុង តែងតាំង​លោក Castex ដែលមាន​ស្នាដៃ​ប្រយុទ្ធប្រឆាំង COVID-19 ជា​នាយករដ្ឋមន្ត្រី​ថ្មី​
04, Jul 2020 , 12:09 pm        
រូបភាព
នាយករដ្ឋមន្រ្តីបារាំងទើបត្រូវបានតែងតាំងថ្មី ហ្សង់ កាស្ដេក ។ រូបភាព AFP
នាយករដ្ឋមន្រ្តីបារាំងទើបត្រូវបានតែងតាំងថ្មី ហ្សង់ កាស្ដេក ។ រូបភាព AFP
​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង នៅ​ថ្ងៃទី​៣ ខែកក្កដា បាន​តែង​លោក ហ្ស​ង់ កា​ស្តេ​ក (Jean Castex) ជា​នាយករដ្ឋមន្ត្រី​ថ្មី​ជំនួស​លោក អេ​ឌូ​អា ហ្វី​លី​ព ដែល​សុំលាលែង​ជាមួយនឹង​គណៈរដ្ឋមន្ត្រី​ទាំងមូល​។ លោក កា​ស្តេ​ក ជា​មន្ត្រីជាន់ខ្ពស់​ម្នាក់​ដែល​មិនសូវមាន​អ្នក​ស្គាល់​ឡើយ តែ​លោក​មាន​ស្នាដៃ​ក្នុងការ​ដាក់ចេញ​វិធាន​ការបើក​ប្រទេស​ឡើងវិញ​ក្រោយ​ការ​រាលដាល​ជំងឺ COVID-19 ។

 
«​ប្រធានាធិបតី​សាធារណរដ្ឋ តែងតាំង​លោក ហ្ស​ង់ កា​ស្ដេ​ក ជា​នាយករដ្ឋមន្ត្រី និង​ចាត់តាំង​ឲ្យ​បង្កើត​រដ្ឋាភិបាល​។​» នេះ​ជាការ​ប្រកាស​របស់​វិមាន Elysee នៅ​ថ្ងៃទី​៣ ខែកក្កដា ប៉ុន្មាន​ម៉ោង​ក្រោយ​ការលាលែង​របស់លោក អេ​ឌូ​អា ហ្វី​លី​ព ។ ការលាលែង​របស់លោក ហ្វី​លី​ព ធ្វើឡើង​បន្ទាប់ពី​បក្ស​លោក​ប្រធានាធិបតី អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង រង​បរាជ័យ​ក្នុងការ​បោះឆ្នោត​ថ្នាក់ ដែល​បង្ខំ​ឲ្យ​លោក​ត្រូវ​ដើរ​លើផ្លូវ​ថ្មី​ជាមួយ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​។​
 
​លោក កា​ស្តេ​ក មិន​ត្រូវបាន​ស្គាល់​ជាទូទៅ​ឡើយ​មុន​ការ​លេច​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​បារាំង​។ ប៉ុន្តែ​លោក​ត្រូវបាន​ទទួលស្គាល់​ចំពោះ​ស្នាដៃ​របស់លោក​ក្នុងការ​ដាក់ចេញ​គោលនយោបាយ​ដើម្បី​ឲ្យ​បារាំង​ដើរចេញ​បន្តិច​ម្ដងៗ​ពី​ការបិទ​ប្រទេស​ក្រោយ​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ COVID-19 ។ វិធានការ​របស់​បារាំង​ក្នុង​ការបើក​ប្រទេស​ឡើងវិញ​នេះ ទទួលបាន​ការសរសើ​រ​ពី​អ្នកជំនាញ​ដែល​អាច​ចៀស​ផុតពី​រល​ក​ទី​ពីរ​។  
 
​នាយករដ្ឋមន្ត្រី​ដែលមាន​ប្រភពពី​ក្រុម​ស្ដាំនិយម​ថ្មី និង​បច្ចុប្បន្ន​ជា​អភិបាលក្រុង Prades មិនមែនជា​មនុស្ស​ថ្មី​ឡើយ​ក្នុង​នយោបាយ​បារាំង​។ លោក កា​ស្តេ​ក ធ្លាប់ជា​អតីត​មនុស្ស​ជំនិត​ប្រធានាធិបតី នី​កូ​ឡាស់ សា​កូ​ហ្ស៊ី និង​ធ្លាប់​បម្រើការ​នៅ​ក្រសួងសុខាភិបាល និង​ការងារ​ផងដែរ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​ក្នុង​កិច្ច​សម្ភាស​លើកដំបូង​ជាមួយ​ទូរទស្សន៍ TF1 លោក កា​ស្តេ​ក និយាយថា លោក​កាន់តំណែង​នាយករដ្ឋមន្ត្រី​នេះ មិនមែន​ដើម្បី​ចេញមុខ​មាត់​ឡើយ តែ​ដើម្បី​បញ្ចេញ​លទ្ធផល​។ លោក​នឹង​បញ្ចេញ​ផែនការ​នយោបាយ​នៅ​សប្ដាហ៍​ក្រោយ អម​ជាមួយនឹង​សមាសភាព​រដ្ឋាភិបាល​ផងដែរ ស្រប​ពេ​ដែល​លោក ម៉ា​ក្រុង ចង់បាន​រដ្ឋាភិបាល​ថ្មី​សម្រាប់​ការដឹកនាំ​បារាំង​នៅ​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នៃ​អាណត្តិ​របស់លោក​។ 
 
​ងាក​ទៅ​លោក ហ្វី​លី​ព បន្តិច រដ្ឋអាជ្ញា​បារាំង និយាយថា តុលាការ​បារាំង​នឹង​បើក​ការស៊ើបអង្កេត​លើ​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ និង​អតីតរដ្ឋមន្ត្រី​ពីររូប​ទៀត​ទាក់ទង​ការធ្វេសប្រហែស​លើ​ការឆ្លើយតប​ជំងឺ COVID-19 ។ រដ្ឋអាជ្ញា​ជាន់ខ្ពស់ Francois Molins បញ្ជាក់ថា តុលាការ​ច្បាប់​សាធារណរដ្ឋ​ដែល​ទទួលបន្ទុក​សំណុំរឿង​មិន​ប្រក្រតី​របស់​មន្ត្រី នឹង​ចាត់ការ​រឿងនេះ​៕
 
 
 

Tag:
 អេ​ម៉ា​នុយ​អែល​
  ម៉ា​ក្រុង​
  COVID-19
  Jean Castex
© រក្សាសិទ្ធិដោយ thmeythmey.com