ជាតិ
បទសម្ភាសន៍
លោក អ៊ួ ដា​រិ​ទ្ធ ចម្លង​រូបថត ស​-​ខ្មៅ ទៅជា​សិល្បៈ​ស្រមោល​ដ៏​ល្អ​ប្លែក​
04, Jul 2020 , 6:59 pm        
រូបភាព
​ភ្នំពេញ​៖ លោក អ៊ួ ដា​រិ​ទ្ធ ច្នៃ​រូបថត​ស​ខ្មៅ ឱ្យទៅជា​ទម្រង់​សិល្បៈ​ស្រមោល​ដ៏​ល្អ​ស្អាត និង​អាច​កំណត់​អត្តសញ្ញាណ​រូប​បាន​យ៉ាងច្បាស់  ដែលជា​សិល្បៈ​ប្លែក​ពី​គេ សម្រាប់​តាំង​លម្អ​ផ្ទះ​។ អំពូល​ភ្លើង បន្ទះ​លោហៈ និង​ក្រដាស​ស្អិត​ជាដើម ជា​ធាតុ​ផ្សំ​សំខាន់ ដែល​បុរស​ធ្វើការ​ក្នុង​វិស័យ​ភាពយន្ត ពាក់ព័ន្ធ​នឹង​បច្ចេកទេស​ភ្លើង​រូបនេះ អាច​យកទៅ​ផ្គុំ​បង្កើតជា​ស្រមោល​រូប​ព្រះឆាយាល័ក្ខណ៍ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ និង​សម្ដេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ និង​រូបភាព​ផ្សេងៗ​។​


 
​មិនមែនជា​រឿង​ចៃដន្យ​ឡើយ សម្រាប់​លោក អ៊ួ ដា​រិ​ទ្ធ ដែលជា​អ្នក​តុបតែង​ឆាក​ក្នុង​វិស័យ​ខ្សែភាពយន្ត ឬ​ហៅថា Art Director ក្នុងការ​ធ្វើឱ្យ​គំនិត​ច្នៃប្រឌិត​សិល្បៈ​ស្រមោល តាម​បច្ចេកទេស​ថ្មី​របស់ខ្លួន អាច​លេចចេញ​ជា​រូបរាង​នោះ​។  
 
​ដោយសារ​ការចាប់អារម្មណ៍ និង​ស្ងើចសរសើរ​ពី​ភាព​អស្ចារ្យ​នៃ​បច្ចេកទេស សម្ដែង​សិល្បៈ​ល្ខោន​ស្រមោល​ស្បែក ដែលជា​មរតក​ដូនតា​ខ្មែរ​បាន​បន្សល់ទុក តាំងតែ​ពី​តូច​មក ទើប​ធ្វើឱ្យ​បុរស​វ័យ​២៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម​រូបនេះ ចាប់ផ្ដើម​បង្កើត​គំនិត​ច្នៃប្រឌិត​របស់ខ្លួន និង​ក្រោយពី​បាន​មើល​រូបថត​ស្រមោល​ចម្រឹង​បង្អួច ប្រាសាទអង្គរវត្ត ដែល​ឆ្លុះ​ឱ្យឃើញ​ជា​ទ្រុងទ្រាយ​ប្រាសាទ​មាន​កំពូល​៣​និង​កំពូល​៥​។ 

 លោក អ៊ួ ដារិទ្ធ កំពុង​ធ្វើ​ការ​លើសិល្បៈស្រមោលរបស់​ខ្លួន

​គំរូ​នៃ​ស្រមោល​ចម្រឹង​បង្អួច​ប្រាសាទ គឺជា​គន្លឹះ​ដ៏​ធំ​មួយ សម្រាប់​លោក អ៊ួ ដា​រិ​ទ្ធ ក្នុងការ​ត្រួសត្រាយ​វិថី​ច្នៃប្រឌិត​ថ្មី​។ ប៉ុន្តែ​ទោះជា​យ៉ាងណា យុវជន​សម្បុរ​សមាន​សក់​ខ្លី​រាបរយ​រូបនេះ នៅតែ​ខំ​ស្រាវជ្រាវ​បន្ថែម​នូវ​គំនិត​ច្នៃប្រឌិត​សិល្បៈ​ស្រមោល ពី​បណ្ដា​ប្រទេស​ជឿនលឿន​នានា តាមរយៈ​Google និង Youtube ក៏​ដើម្បី​រំលេច​សិល្បៈ​ស្រមោល​ថ្មី​មួយ​ដែល​មិន​ចម្លង​គេ​។​
 
​អង្គុយ​ក្នុង​ហាង​កាហ្វេ​មួយកន្លែង ដែល​តុបតែង​លម្អ​ដោយ​គំនូរ​សហ​សម័យ និង​មាន​តម្កល់​សៀវភៅ​ជាច្រើន​ក្បាល ទុក​សម្រាប់​ឱ្យ​អតិថិជន​បាន​សិក្សា​ស្រាវជ្រាវ លោក អ៊ួ ដា​រិ​ទ្ធ បញ្ជាក់បន្ថែម​ដូច្នេះ​៖«​ខ្ញុំ​ចាប់ផ្ដើម​ស្រាវជ្រាវ​ពី​សិល្បៈ​ស្រមោល​នៅលើ​ពិភពលោក ថា​គេ​ដើរ​ដល់​ណា​ហើយ ជាពិសេស​ប្រទេស​ជប៉ុន និង​អ៊ីតាលី​។ ខ្ញុំ​ចាប់អារម្មណ៍​សិល្បៈ​ស្រមោល​នៅ​ប្រទេស​អ៊ីតាលី គេ​ដាក់​ភ្លើង​នៅ​ជញ្ជាំង​សារមន្ទីរ ដែល​ពន្លឺ​បាញ់​ទៅ​បន្ទះ​លោហៈ ចេញ​ជា​រូបរាង​មនុស្ស ប៉ុន្តែ​យើង​មិនអាច​សម្គាល់​បាន​ថា​ជា​បុគ្គល​ណា​ម្នាក់​ទេ​។ អ្វីដែល​ខ្ញុំ​ចង់បាន​គឺ​ការកំណត់​អត្តសញ្ញាណ​រូប​នរណាម្នាក់​ឱ្យបាន​ច្បាស់លាស់​»​។ 


 សិល្បៈល្ខោនស្រមោលស្បែក​តូច (រូប​ផ្ដល់​ឱ្យ​ដោយ​លោក មាឃ)

​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត លើ​បច្ចេកទេស​ស្រមោល ប្រមាណ​២​ឆ្នាំ ដោយ​ភាគច្រើន​ធ្វើការ​ក្នុង​គម្រោង​របស់​បរទេស លោក អ៊ួ ដា​រិ​ទ្ធ ដែល​បាន​ច្នៃ​ពេលទំនេរ​ក្នុងដំណាក់កាល​វិបត្តិ​កូ​វីដ​១៩ ទៅ​បង្កើត​គំនិត​ថ្មី​លើ​សិល្បៈ​ស្រមោល មាន​ក្ដី​ប្រាថ្នា​សង់​ស្រមោល​ឱ្យចេញ​ជា​រូប​ប្រាសាទអង្គរវត្ត សម្រាប់​ការងារ​បន្ទាប់​។ យ៉ាងណាក៏ដោយ បុរស​កូនពៅ​ក្នុងចំណោម​បងប្អូន​២​នាក់ ដែល​រៀន​ជំនាញ​វិស្វករ​រូបនេះ បើកទូលាយ​សម្រាប់​អតិថិជន ដែលមាន​បំណង​ចង់ឱ្យ​លោក​ធ្វើ​រូប​ជូន​។​
 
«​គ្រាន់តែ​ជា​បំណងប្រាថ្នា​ប៉ុណ្ណោះ ការងារ​ធំ​បន្ទាប់ គឺ​ខ្ញុំ​ចង់​បង្កើត​ស្រមោល​ឱ្យចេញ​ជា​រូប​ប្រាសាទអង្គរវត្ត តែ​ខ្ញុំ​នៅ​មិនទាន់​ដឹងថា​ធ្វើបាន ឬក៏​មិនបាន​នៅឡើយ​ទេ​។ ទោះជា​យ៉ាងណា ខ្ញុំ​នឹង​ព្យាយាម​សាកល្បង​។ ការងារ​នេះ​មានការ​លំបាក​ច្រើន គឺ​ការ​ប៉ាន់​ពី​ស្រមោល និង​ការជ្រើសរើស​អំពូល ព្រោះ​អំពូល​ខ្លះ​វា​ធ្វើឱ្យមាន​ស្រមោល​រំខាន​»​។ នេះ​ជាការ​ពន្យល់​បន្ថែម​ពី​លោក អ៊ួ ដា​រិ​ទ្ធ​។​
 
​សិល្បៈ​ស្រមោល​ដែល​លោក អ៊ួ ដា​រិ​ទ្ធ ធ្វើឡើង គឺ​ប្រើ​ភ្លើង​បញ្ចាំង​ទៅលើ​បន្ទះ​លោហៈ ដែល​បាន​រៀប​ជា​ទម្រង់​អ្វីមួយ ហើយ​បង្កើតបានជា​រូប​អត្តសញ្ញាណ​ច្បាស់លាស់​។ សិល្បៈ​នេះ​ត្រូវបាន​រៀបចំ មាន​រាង​ដូច​ទៅនឹង​ស៊ុម​រូបថត ដែល​អាច​ផ្លាស់​ទីតាំង​បាន​តាម​ចំណង់​ចំណូលចិត្ត​៕
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​បទ​សម្ភាស​រវាង​កញ្ញា ប៉ូ សា​គុន នៃ​សារព័ត៌មាន​ថ្មី ជាមួយ​លោក អ៊ួ ដា​រិ​ទ្ធ អ្នក​ច្នៃ​សិល្បៈ​ស្រមោល​បច្ចេកទេស​ថ្មី​ដូចតទៅ​៖ 
 
 
 
 
 

Tag:
 សិល្បៈ​
  ស្រមោល​
  គំនូរ​
  រូបថត​
 
© រក្សាសិទ្ធិដោយ thmeythmey.com