ជាតិ
ពីនេះ ពីនោះ
រមណីយដ្ឋានផ្ទះតាម៉ុកជាគោលដៅដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរក្នុងស្រុកអន្លង់វែង
× អន្លង់វែង-ឧត្ដរមានជ័យ៖ ដ្បិតរបបខ្មែរក្រហមបានរលាយបាត់ច្រើនឆ្នាំទៅហើយក៏ពិតមែន តែការចងចាំរបស់ប្រជាពលរដ្ឋនៅតែមាន។ អន្លង់វែង ត្រូវបានគេស្គាល់ថា ជាកន្លែងកាន់កាប់ចុងក្រោយនៃចលនាខ្មែរក្រហម ហើយប្រវត្តិសាស្ដ្រជាច្រើនបាននៅដិតជាប់ក្នុងតំបន់តស៊ូចុងក្រោយនេះ។ ទីតាំងសំខាន់ៗដែលពាក់ព័ន្ធនឹងមេដឹកនាំខ្មែរក្រហម ត្រូវបានរដ្ឋាភិបាលរៀបចំជារមណីយដ្ឋានប្រវត្តិសាស្ដ្រ ដូចជារមណីយដ្ឋានផ្ទះតាម៉ុក ជាដើម។
ខាងក្រោមនេះ ជាទិដ្ឋភាពខ្លះៗនៅផ្ទះតាម៉ុក និងពើយតារួន លើខ្នងភ្នំដងរែក សូមអញ្ជើញទស្សនា
ផ្ទះតាម៉ុក (ផ្ទះក្បែរមាត់បឹង) សង់ឡើងនៅលើអតីតកូនភ្នំមួយ ដែលត្រូវបានគាស់រំលើង ដើម្បីយកថ្មមកសាងសង់ស្ពាន និងទំនប់អូរជីក។ នៅបរិវេណផ្ទះនេះមានផ្ទះ៤ខ្នង។ ផ្ទះទីមួយ ដែលសង់ឡើងនៅឆ្នាំ១៩៩៣ មានជញ្ជាំងឈើ និងដំបូលធ្វើពីស៊ីប្រូស៊ីម៉ង់ត៍។ ផ្ទះទីពីរ មានទំហំធំជាងគេ ត្រូវចំណាយពេល២ឆ្នាំ ទើបអាចបញ្ចប់ការសាងសង់នៅឆ្នាំ១៩៩៦។ ផ្ទះនេះមានកម្ពស់បីជាន់ ដែលជាន់ទីមួយគឺបន្ទប់សម្ងាត់ និងមានតែតាម៉ុកម្នាក់តែប៉ុណ្ណោះដែលអាចចេញចូលបាន។ ជាន់ទីពីរ ជាកន្លែងសម្រាប់ប្រជុំ ជាន់ទីបីជាបន្ទប់សម្រាក់របស់តាម៉ុក។ ផ្ទះទីបី ត្រូវបានប្រើប្រាស់សម្រាប់កន្លែងស្នាក់នៅរបស់សាច់ញាតិ និងអ្នកដែលមកពឹងតាម៉ុក។ រីឯផ្ទះទីបួន សង់នៅឆ្នាំ១៩៩៣ សម្រាប់បុគ្គលិក និងចុងភៅរបស់តាម៉ុកស្នាក់នៅ។
ផ្ទះទីពីរ ដែលធំជាងគេ តាម៉ុក បានបញ្ជាឱ្យកម្មករទៅកាប់ដើមទ្រាស ទាំងមូលមកធ្វើសសរផ្ទះ។ តាម៉ុក បានហាមមិនឱ្យកម្មករកាត់ចោលសូម្បីតែសំបកឈើ។ ពីដំបូង ដំបូលផ្ទះនោះត្រូវបានសាងសង់ឡើងអំពីឈើ ប៉ុន្តែដោយសារអាកាសធាតុ ឈើបានរីក និងរួមមាឌ បីខែក្រោយមកមានទឹកភ្លៀងជ្រាបចូលតាមដំបូល ទើបតាម៉ុកបញ្ជាឱ្យប្ដូរដំបូលក្បឿងវិញ។ (ខ្លឹមសារ ដកស្រង់ចេញពីសៀវភៅ «ប្រវត្តិសាស្ដ្រសហគមន៍អន្លង់វែង តំបន់កាន់កាប់ចុងក្រោយរបស់ចលនាខ្មែរក្រហម» បោះពុម្ពផ្សាយនៅឆ្នាំ ២០១៤)
គួរបញ្ជាក់ថា រមណីយដ្ឋានប្រវត្តិសាស្ដ្រចំនួន១៤ទីតាំងនៅក្នុងស្រុកអន្លង់វែង ត្រូវបានរដ្ឋាភិបាលរៀបចំសម្រាប់ការទស្សនា ក្នុងនោះរួមមាន ផ្ទះក្បែរមាត់បឹងរបស់តាម៉ុក ,ផ្នូរប៉ុល ពត ,កន្លែងកាត់ទោស ប៉ុល ពត ,ផ្ទះកណ្ដាលលើភ្នំដងរែករបស់តាម៉ុក ដែលបច្ចុប្បន្នក្លាយជាមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ,កន្លែងសម្លាប់ សុន សេន, សាលារៀន តាម៉ុក, ឃ្លាំង។ល៕
Tag:
ផ្ទះតាម៉ុក
អន្លង់វែង
ទេសចរណ៍ប្រវត្តិសាស្ដ្រ
© រក្សាសិទ្ធិដោយ thmeythmey.com