COVID-19
អន្តរជាតិ
រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន លោក Qureshi ផ្ទុក COVID-19 តែ​លោក​បន្ត​ធ្វើការ​ពី​ផ្ទះ​
04, Jul 2020 , 8:29 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក Shah Memood Qureshi តាមរយៈ​បណ្តាញ​សង្គម Twitter កាលពី​ថ្ងៃទី​៣ ខែកក្កដា បានប្រកាសថា ខ្លួន​មាន​លទ្ធផល​វិជ្ជមាន​នៃ​ជំងឺ COVID-19 ប៉ុន្តែ​លោក​មាន​អារម្មណ៍​រឹងមាំ និង​ពោរពេញ​ទៅដោយ​ថាមពល ដែល​អាច​ឲ្យ​លោក​អាច​បន្ត​ដឹកនាំ​ការងារ​ពី​ផ្ទះ​របស់ខ្លួន នា​អំឡុង​ច​ត្តា​ឡី​ស័ក​។​

 
​លោក Qureshi ស្ថិតក្នុង​ចំណោម​អ្នកនយោបាយ​មួយចំនួន​របស់​ប៉ា​គី​ស្ថាន ដែល​ផ្ទុក COVID-19 ក្នុងនោះ​មានដូចជា ប្រធានសភា លោក Asad Qaiser, អភិបាលខេត្ត Sindh លោក Imran Ismail, មេដឹកនាំ​គណបក្ស​ប្រជាជន​ប៉ា​គី​ស្ថាន លោក Saeed Ghani និង​រដ្ឋមន្ត្រីក្រសួង​អយស្ម័យយាន លោក Sheikh Rashid ដែល​សុទ្ធតែ​បានជា​សះស្បើយ​។​
 
​កាលពី​ខែមិថុនា មេដឹកនាំ​គណបក្សប្រឆាំង PML-N លោក Shehbaz Sharif មាន​លទ្ធផល​តេស្ត​វិជ្ជមាន​។ ចំណែក​អ្នកនយោបាយ​ប៉ា​គី​ស្ថាន​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​រាលដាល​សកល​នេះ មានដូចជា លោក Syed Fazal Agha អតីត​អភិបាលខេត្ត Balochistan លោក Shaheen Raza, Gulam Murtaza Baloch, Khan Orakzai និង​Jamshedud Din Kakakhel ។​
 
​លោក Qureshi បាន​សម្តែង​ការដឹងគុណ​ចំពោះ​ព្រះ ហើយ​លោក​មាន​អារម្មណ៍​រឹង​ម៉ាំ និង​ប្រកបដោយ​ថាមពល ដែល​លោក​អាច​បន្តការងារ​របស់​ខ្លួន​ជា​រដ្ឋមន្ត្រីក្រសួង​បរទេស នា​អំឡុងពេល​រស់នៅ​ដាច់ដោយឡែក​នៅផ្ទះ​របស់​ខ្លួន​។​
 
​ប៉ា​គី​ស្ថាន ស្ថិតក្នុង​ចំណោម​ប្រទេស​អាស៊ី​ខាងត្បូង​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ដោយសារ COVID-19 ដោយ​គិត​ត្រឹម​ថ្ងៃទី​៤ ខែកក្កដា នេះ មាន​ជិត​២២៦ ០០០​ករណី ក្នុងនោះ​ស្លាប់​ជាង​៤៦០០​នាក់ និង​សះស្បើយ​ជាង​១២៥ ០០០​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com