ជាតិ
អភិបាលស្រុកបន្ទាយស្រីមានគម្រោងឱ្យពលរដ្ឋប្រកួតដាំផ្កានិងរៀបចំផ្ទះស្អាតគំរូ
× សៀមរាប៖ រដ្ឋបាលស្រុកបន្ទាយស្រី កំពុងលើកទឹកចិត្ត និងជំរុញឱ្យពលរដ្ឋដាំផ្កា រៀបចំផ្ទះឱ្យមានសោភ័ណ និងអនាម័យ ដែលនេះជាផ្នែកមួយនៃយុទ្ធនាការ «២០២០ បន្ទាយស្រីស្អាត»។ អភិបាលស្រុក លោក ឃឹម ហ្វីណង់ យល់ថា ដើម្បីឱ្យបន្ទាយស្រីទាំងមូលស្អាតទៅបាន គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋ ពិសេសរៀបចំផ្ទះសម្បែងឱ្យអនាម័យ និងមានសោភ័ណ ជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរ។
ការជំរុញឱ្យមានចលនារៀបចំដាំផ្កាតាមផ្ទះ គឺជាការលើកកម្ពស់បរិស្ថាន អនាម័យ នៃយុទ្ធនាការ ២០២០ បន្ទាយស្រីស្អាត។ រដ្ឋបាលស្រុកបន្ទាយស្រីបំផុសឱ្យពលរដ្ឋដាំផ្កាលម្អតាមផ្ទះ ដើម្បីបង្កើនភាពទាក់ទាញ។
រូបភាព៖ រដ្ឋបាលស្រុកបន្ទាយស្រី
អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា ហេតុផលដែលលោកយកផ្កាជាចំណុចគោល ដោយសារផ្កាងាយស្រួលរក ងាយដាំ និងឆាប់ទទួលផល ខុសពីដើមឈើដែលត្រូវការពេលយូរឆ្នាំទើបឃើញលទ្ធផល។ លោកពន្យល់បន្ថែម៖« ការរើសផ្កាជាប្រធានបទធំៗក្នុងយុទ្ធនាការ២០២០បន្ទាយស្រីស្អាត ដោយសារផ្កាមានភាពទាក់ទាញខ្លាំងក្នុងវិស័យទេសចរណ៍ ពិសេសអេកូទេសចរណ៍ដែលការឱ្យតម្លៃលើធម្មជាតិ បរិស្ថាន សម្រាប់ស្រុកបន្ទាយស្រីនេះ។ សាកស្រមៃពេលគេជិះកង់កាត់តាមផ្ទះ អ្នកណាក៏មានរបងដាំផ្កា ខ្ញុំជឿថា ពលរដ្ឋ និងទេសចរសប្បាយចិត្ត បង្ហាញពីភាពមានរបៀបរៀបរយ ខ្ញុំជឿថាវានឹងក្លាយជាចំណុចខ្លាំងមួយដែលផ្តល់ឧត្តមភាពនៃការប្រកួតប្រជែងនៃវិស័យទេសចរណ៍បន្ទាយស្រី ព្រោះមកដល់ពេលនេះមិនទាន់មានស្រុកណាមានភាពលេចធ្លោផ្នែកដាំផ្កាទេ ខ្ញុំជំរុញឱ្យអ្នកស្រុកបន្ទាយស្រីដាំផ្កាទាំងអស់គ្នា»។
រូបភាព៖ រដ្ឋបាលស្រុកបន្ទាយស្រី
តាមការបញ្ជាក់ពីលោក ឃឹម ហ្វីណង់ រដ្ឋបាលស្រុកជំរុញឱ្យពលរដ្ឋដាំផ្កាដែលមានស្រាប់ក្នុងភូមិ ដើម្បីរក្សាអត្ដសញ្ញាណ និងងាយស្រួលឱ្យពលរដ្ឋចូលរួមក្នុងយុទ្ធនាការខាងលើនេះ។ ទៅអនាគត រដ្ឋបាលស្រុកបន្ទាយស្រី ចង់ឱ្យមានចលនាប្រកួតប្រជែងផ្ទះស្អាត ផ្ទះគំរូ និងផ្តល់ប្រាក់រង្វាន់ដល់ម្ចាស់ផ្ទះណាដែលរៀបចំដាំផ្កា និងផ្ទះបានស្អាតជាងគេ។ តាមលោក ឃឹម ហ្វីណង់ ជំហានដំបូងលោកជ្រើសរើសភូមិព្រះដាកឱ្យក្លាយជាភូមិគំរូ ហើយលោកសង្ឃឹមថា អនាគតបន្ទាយស្រីនឹងឈានដល់ការចែកពូជផ្កា និងអាចរៀបចំកន្លែងសម្រាប់អ្នកស្រឡាញ់ផ្កា៕
រូបភាព៖ រដ្ឋបាលស្រុកបន្ទាយស្រី
រូបភាព៖ រដ្ឋបាលស្រុកបន្ទាយស្រី
រូបភាព៖ រដ្ឋបាលស្រុកបន្ទាយស្រី
រូបភាព៖ រដ្ឋបាលស្រុកបន្ទាយស្រី
Tag:
បន្ទាយស្រី
២០២០បន្ទាយស្រីស្អាត
ឃឹម ហ្វីណង់
© រក្សាសិទ្ធិដោយ thmeythmey.com