CAMSOC ឯកភាព​ជ្រើសរើស Logo និង Mascot តែ​បាវចនា​ស្ថិតក្នុង​ការជជែក​លើ​ពាក្យពេចន៍​
កីឡាជាតិ
ជាតិ
CAMSOC ឯកភាព​ជ្រើសរើស Logo និង Mascot តែ​បាវចនា​ស្ថិតក្នុង​ការជជែក​លើ​ពាក្យពេចន៍​
05, Jul 2020 , 7:59 pm        
រូបភាព
រូប​ Mascot និង Logo របស់ SEA Games 2023 ដែល CAMSOC សម្រេចជ្រើសរើស
រូប​ Mascot និង Logo របស់ SEA Games 2023 ដែល CAMSOC សម្រេចជ្រើសរើស
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​របស់​កម្ពុជា​(CAMSOC)​បាន​ឯកភាពគ្នា​លើ​ការជ្រើសរើស​ស្លាក​សញ្ញា​(Logo) និង​រូបតំណាង​(Mascot)​របស់ SEA Games 2023​។ ប៉ុន្តែ​គណៈកម្មាធិការ​នេះ មិនទាន់​ឯកភាព​លើ​ការប្រើប្រាស់​ពាក្យពេចន៍​ជា​ភាសា​អង់គ្លេស​ក្នុង​បាវចនា​ស៊ី​ហ្គេម​នៅឡើយ​ទេ​

 
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​របស់​កម្ពុជា​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២០ បានរៀបចំ​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆមាស​ទី​១​និង​លើក​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ឆមាស​ទី​២​។ កិច្ចប្រជុំ​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​វត្តមាន​របស់​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​តាម​ក្រសួង​មួយចំនួន និង​អភិបាល​រាជធានី​ខេត្ត​ជាច្រើនរូប​។ 
 
​ក្រៅពី​បង្ហាញ​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​ឆមាស​ទី​១ និង​ដាក់​ផែនការ​យុទ្ធសាស្ត្រ​អនុវត្ត​បន្ត​សម្រាប់​ឆមាស​ទី​២ គណៈកម្មការ CAMSOC បាន​លើកយក​បញ្ហា​ការជ្រើសរើស​និមិត្តសញ្ញា រូប​តុក្កតា​តំណាង និង​បាវចនា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ មក​ពិភាក្សាគ្នា​ក្នុង​អង្គប្រជុំ​ខាងលើ​ផងដែរ​។ 
 
​បើតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មការ CAMSOC ក្រោយ​ពិភាក្សា​ជជែក​ដេញដោល​អស់​រយៈពេល​ជាច្រើន​ម៉ោង អង្គ​ប្រជុំបាន​ឯកភាពគ្នា​លើ​ការជ្រើសរើស​និមិត្តសញ្ញា និង​រូប​តុក្កតា​តំណាង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ប៉ុន្តែ​អង្គប្រជុំ​មិនទាន់​ឯកភាពគ្នា​លើ​ការប្រើប្រាស់​ពាក្យពេចន៍​ជា​ភាសា​អង់គ្លេស​ក្នុង​បាវចនា​។  
 

 លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC
«​ការវាយតម្លៃ​ចុងក្រោយ​របស់​អង្គប្រជុំ​ពាក់ព័ន្ធ​នឹង​ការសម្រេច​ទៅលើ​បាវចនា​(Moto) ស្លាក​សញ្ញា​(Logo) និង​រូបតំណាង​ស៊ី​ហ្គេម​(Mascot)​។ បញ្ហា​ទាំងបី​នេះ​បានសម្រេច​ជាគោលការណ៍​ហើយ គ្រាន់តែ​មានការ​កែប្រែ​តិចតួច​ទៅលើ​ពាក្យពេចន៍​របស់​បាវចនា រីឯ Logo និង Mascot បាន​ឯកភាព​ទាំងស្រុង​»​។ លោក វ៉ា​ត់ ចំរើន លើកឡើង​ដូច្នេះ​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​។ 
 
​បាវចនា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​របស់​កម្ពុជា​គឺ​«​កីឡា​រស់ក្នុង​សន្តិភាព​»​ដែលមាន​ន័យ​ជា​ភាសា​អង់គ្លេស​ថា​«Sport Into Peace»​។ ពាក្យ Sport Into Peace នេះ បាន​បង្កើត​ឲ្យ​មាន​ការមិន​ឯកភាព និង​ជជែក​ដេញដោល​គ្នា​ក្នុង​អង្គប្រជុំ ដោយ​អ្នកខ្លះ​យល់ថា ពាក្យ​នេះ​មិនត្រូវ​តាម​វេយ្យាករណ៍​អង់គ្លេស ឯ​អ្នកខ្លះ​ឯកភាព​ឲ្យ​ប្រើពាក្យ​នេះ ព្រោះ​គិតថា វា​ជា Slogan​។ 


 បាវចនាស៊ីហ្គេម ដែលកំពុងស្ថិតក្នុងការពិភាក្សាលើភាសាអង់គ្លេស
​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​, លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍​, លោក ខៀវ កា​ញ៉ា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោក សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​ស្ថិត​ក្នុងចំណោម​អ្នក​មិន​ឯកភាព​បាន​លើក​ពាក្យ​រៀងៗ​ខ្លួន​ដើម្បី​ជំនួស​ឲ្យ​ពាក្យ​អង់គ្លេស​ខាងលើ​។ ពាក្យ​ទាំងនោះ​រួមមាន Sport For Peace, Sport Live In Peace, Sport In Peace និង Sport Grow Peace ជាដើម​។ 


 
Logo ដែល​គណៈកម្មការ CAMSOC សម្រេច​ជ្រើសរើស​ធ្វើជា​និមិត្តសញ្ញា​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ គឺមាន​រូប​ប្រាសាទអង្គរវត្ត​ពណ៌​មាស​នៅ​ផ្នែក​ខាងលើ ហើយ​មាន​រូប​កង​តំណាង​ឲ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នៅ​ខាងក្រោម​រូប​ប្រាសាទអង្គរវត្ត​។ នៅក្រោម​កង​ពណ៌​មាន​នោះ​មាន​សត្វ​នាគ​ចំនួន​៤(​ពណ៌​បៃតង​, ក្រហម​, ខៀវ​, លឿង​) ដែល​កន្ទុយ​របស់​វា​ព័ន្ធ​ចូលគ្នា  ហើយ​នៅក្រោម​នាគ​ទាំង​៤​មាន​សរសេរ​ពាក្យ The 32nd SEA Games Cambodia 2023 រំលេច​ដោយ​ពណ៌​មាស​។ 


 
«​និមិត្តរូប​នៃ Logo មាន​ធាតុ​បី​បញ្ចូល​គ្នា គឺ​អង្គរវត្ត ដែល​តំណាង​ឲ្យ​កម្ពុជា អរិយធម៌​ខ្មែរ និង​ភាពរុងរឿង​របស់​កម្ពុ​ជា រីឯ​រូប​នាគ​ទាំង​៤​គឺ​តំណាង​តួអង្គ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ព្រះរាជាណាចក្រ​កសិកម្ម និង​បង្ហាញ​ពី​ភាពរឹងមាំ ភាពក្លាហាន និង​ថាមពល​របស់​ជាតិ​យើង​ក្នុងការ​កសាង​អា​រិ​យ​ធម៌​អង្គរ និង​បង្ហាញ​ពី​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។ មួយទៀត​នៅ​កណ្តាល​យើង​ឃើញ​មាន Logo របស់​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ដែលជា​និមិត្តរូប​នៃ​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ ដែល​មិនអាច​ខ្វះ​បាន​ក្នុង​ធាតុ​របស់ Logo»​។ នេះ​ជាការ​ពន្យល់​អត្ថន័យ​នៃ Logo របស់លោក វ៉ា​ត់ ចំរើន​។ 


 
​ដោយឡែក រូប​តុក្កតា​តំណាង​(Mascot)​ស៊ី​ហ្គេម គឺមាន​រូប​សុភា​ទន្សាយ​ញី​ឈ្មោល​ចំនួន​ពីរ​ក្បាល​។ ក្នុងនោះ​សុភា​ទន្សាយ​ញី​ដែលមាន​ឈ្មោះ រំដួល ស្លៀកខោ​ពណ៌​ក្រហម​ចង​ក្រវាត់​ក្រមា ខណៈ​ដៃ​លើក​សំពះ​ដោយមាន​ចងខ្សែ​នៅ​ដើមដៃ​ទាំងសងខាង​។ ចំណែក​នៅលើ​ក្បាលមាន​ចង​ក្រណាត់​ពណ៌​ក្រហម រ​លេច​ដោយ​ទង់ជាតិ​កម្ពុជា​នៅ​ចំ​កណ្តាល​។ រីឯ​សុភា​ឈ្មោល​មានឈ្មោះ បុរី ស្លៀកខោ​ពណ៌​ខៀវ​ចង​ក្រវាត់​ក្រមា​នៅ​ចង្កេះ ដៃ​ខាងស្តាំ​កាន់​ភ្លើង​គប់ និង​មាន​ចង​ក្រណាត់​ពណ៌​ខៀវ​នៅលើ​ក្បាល ដែល​រំលេច​ដោយ​ទង់ជាតិ​កម្ពុជា​នៅ​ចំ​កណ្តាល​។   
 
​នៅក្នុង​អង្គប្រជុំ​ដែល​ដឹកនាំ​ដោយ​សម្តេច ទៀ បាញ់ នោះដែរ គណៈកម្មការ CAMSOC ដែល​ទទួលបន្ទុក​រៀប​ចំ​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២​ផង​នោះ បានអនុម័ត​លើ​កាលបរិច្ឆេទ​នៃ​ការរៀបចំ ASEAN Para Games ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៣៕  
 

Tag:
 CAMSOC
  វ៉ា​ត់ ចំរើន​
  SEA Games 2023
© រក្សាសិទ្ធិដោយ thmeythmey.com