អន្តរជាតិ
មនុស្ស​ជាង​២០​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​រថភ្លើង​បុក​រថយន្ត​នៅ​ប៉ា​គី​ស្ថាន​
04, Jul 2020 , 4:03 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: ថ្មីៗ
​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ បាន​បុក​រថយន្ត​ដែល​ផ្ទុក​អ្នក​ធម្ម​យាត្រា សាសនា​សីឃ (Sikh) នៅ​ភាគ​ខាងកើត​ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃ​សុក្រ ដែល​បណ្តាល​ឲ្យ​មនុស្ស​ជាង​២០​នាក់​ស្លាប់ ហើយ​យ៉ាងហោចណាស់​អ្នកដំណើរ​ធម្ម​យាត្រា​លើ​រថយន្ត​៨​នាក់​រងរបួស​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ Al Jazeera​។​

 
​គ្រោះថ្នាក់​បានកើត​ឡើង​នៅ​ស្រុក Sheikhupura ខេត្ត Punjab ដោយ​ក្រុម​ធម្ម​យាត្រា​សាសនា​សីឃ ធ្វើដំណើរ​តាម​រថយន្ត​ត្រឡប់ទៅផ្ទះ​របស់ខ្លួន ក្រោយ​ចូលរួម​ពិធី​សក្ការបូជា​មួយ​នៅ​តំបន់ Nankana Sahib ស្រុក Sheikhupura​។​
 
​លោក Asghar Joya មន្ត្រី​ម្នា​ក់នៅ​សាលាស្រុក Sheikupura បាន​អះអាងថា អ្នកបើកបរ​រថយន្ត​បាន​ព្យាយាម​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង ខណៈ​រថភ្លើង​ស្ថិតនៅ​ប្រកៀក ហើយ​ល្បឿន​ដ៏​លឿន​របស់​រថភ្លើង បាន​បុក​រថយន្ត​នោះ​យ៉ាង​ពេញទំហឹង​។ ទោះបីជា​យ៉ាងណាក៏ដោយ អាជ្ញាធរ​នៅតែ​បន្ត​បើក​ការស៊ើបអង្កេត​ករណីនេះ​។​
 
​មនុស្ស​២២​នាក់ បាន​ស្លាប់ ក្នុងនោះ​មាន​ស្ត្រី​៧​នាក់ រីឯ​អ្នករបួស​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ Lahore ដែល​ក្នុងនោះ​មាន​២​នាក់​ស្ថិតក្នុង​គ្រោះថ្នាក់​ដល់​ជីវិត​ដ៏​ធ្ងន់ធ្ងរ​។​
 
​លោក​ប្រធានាធិបតី Arif Ali និង​លោកនាយក​រដ្ឋមន្ត្រី Imran Khan សុទ្ធតែ​ចេញ​សេចក្តីថ្លែងការណ៍​សោកស្តាយ​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង ហើយ​បញ្ជា​ទៅ​អាជ្ញាធរ​មូលដ្ឋាន​យកចិត្តទុកដាក់​ព្យាបាល​អ្នករបួស​ដែល​នៅ​មន្ទីរពេទ្យ​។​
​គ្រោះថ្នាក់​រថភ្លើង​បានកើត​ឡើងជា​ញឹកញាប់​នៅ​ប៉ា​គី​ស្ថាន ដោយសារតែ​អ្នកបើកបរ​ធ្វេសប្រហែស និង​មើលស្រាល​ស្ថានការណ៍​។ កាលពី​ខែកុម្ភៈ មនុស្ស​១៩​នាក់​ស្លាប់ និង​២៨​នាក់​របួស​ផងដែរ​នា​គ្រោះថ្នាក់​រវាង​រថភ្លើង និង​រថយន្ត​នៅ​ភាគខាងត្បូង​ប្រទេស​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com