អន្តរជាតិ
ប្តីប្រពន្ធជាអភិបាល និងប្រធានក្រុមប្រឹក្សាស្រុកមួយនៅឥណ្ឌូណេស៊ី ត្រូវចាប់ខ្លួនពីបទពុករលួយ រូបភាព Jakarta Globe
× អង្គភាពលុបបំបាត់អំពើពុករលួយឥណ្ឌូណេស៊ី បានចាប់ខ្លួនអភិបាលស្រុក East Kutai និងប្រពន្ធរបស់លោក ដែលជាប្រធានក្រុមប្រឹក្សាស្រុកទីនោះ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។ នេះ ជាចំណាត់ការមិនរើសមុខលើមន្ត្រីពុករលួយរបស់រដ្ឋាភិបាលលោកប្រធានាធិបតី ចូកូ វីដូដូ ដែលបានប្តេជ្ញាកសាងរដ្ឋាភិបាលជាទុកចិត្តរបស់ប្រជាជន។
តាមអះអាងរបស់អ្នកនាំពាក្យអង្គភាពលុបបំបាត់អំពើពុករលួយឥណ្ឌូណេស៊ី លោក Ali Fikri ការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ថ្នាក់មូលដ្ឋានដែលជាប្តីប្រពន្ធទាំងពីររូបនេះ ជាមួយនឹងបទចោទប្រព្រឹត្តអំពើពុករលួយតាមរយៈការកេងចំណេញ និងបន្លំក្នុងការកិច្ចលទ្ធកម្មទំនិញ និងសេវាកម្ម ដែលជានីតិវិធីមួយក្នុងការចំំណាយរបស់រដ្ឋាភិបាល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Globe នៅថ្ងៃ៣ កក្កដា។
តាមប្រភពព័ត៌មានដដែល ក្រៅពីមេដឹកនាំថ្នាក់តំបន់ទាំងពីរ អង្គភាពប្រឆាំងពុករលួយឥណ្ឌូណេស៊ី ក៏បានចាប់ខ្លួនអ្នកពាក់ព័ន្ធប្រាំនាក់ផ្សេងទៀត រួមជាមួយនឹងប្រាក់មួយចំនួន ហើយអ្នកទាំងនេះ កំពុងស្ថិតក្នុងនីតិវិធីសួរចម្លើយ ហើយលទ្ធផលលម្អិត អង្គប្រឆាំងអំពើរលួយ នឹងប្រកាសជាសាធារណៈនៅពេលបញ្ចប់ជាផ្លូវការ ។
គួរកត់សម្គាល់ផងដែរ បញ្ហានៃការកាន់អំណាចកំពូលនៅថ្នាក់តំបន់ទាំងពីរនេះ ផ្តើមផ្ទុះចេញឡើងបន្ទាប់ពីភរិយារបស់លោកអភិបាលស្រុក នៃខេត្តកាលីម៉ាន់តាន់ខាងកើតរូបនេះ ត្រូវបានបោះឆ្នោតជាប្រធានក្រុមប្រឹក្សាស្រុកនៅឆ្នាំមុន ក្នុងមូលដ្ឋានតែមួយ។ ពោលគឺស្វាមីជាក្រុមក្នុងអង្គភាពអ្នកប្រតិបត្តិ ខណៈភរិយា ជាក្រុមអង្គភាពអ្នកបញ្ញត្តិ។
កន្លងមក លោកប្រធានាធិបតីចូកូ វីដូដូ បានទទួលស្គាល់ថាបញ្ហាអំពើពុករលួយក្នុងជួររដ្ឋាភិបាល គឺជាឧបសគ្គមួយក្នុងការអភិវឌ្ឍប្រទេស។ ក៏ប៉ុន្តែលោកប្រធានាធិបតី ក្នុងអាណត្តិដឹកនាំរបស់លោក ក៏បានប្តេជ្ញាចិត្ត មិនបញ្ឈប់ចំណាត់ការប្រឆាំងអំពើពុកលួយឡើយ ដើម្បីធ្វើឲ្យសេវាសាធារណៈកាន់តែល្អប្រសើរ ហើយប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋាភិបាល ក៏កាន់តែមានប្រសិទ្ធភាពផង៕
Tag:
ឥណ្ឌូណេស៊ី
ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com