COVID-19
អន្តរជាតិ
COVID-19៖ គ្មានអ្នកស្លាប់បន្ថែមនៅអាស៊ីអាគ្នេយ៍ តែករណីនៅសិង្ហបុរី ម៉ាឡេស៊ី និងថៃ បន្តកើនឡើង ក្រុមបុគ្គលិកសុខាភិបាលនៅសិង្ហបុរី។ រូបថត Reuters
× តំបន់អាស៊ីអាគ្នេយ៍គិតត្រឹមល្ងាចថ្ងៃទី៤ ខែកក្កដា នេះ មិនមានករណីស្លាប់ដោយសារ COVID-19 ឡើយ ប៉ុន្តែសិង្ហបុរី ម៉ាឡេស៊ី និងថៃ មានអ្នកកើតថ្មីបន្ថែមទៀត។ បច្ចុប្បន្ន អាស៊ីអាគ្នេយ៍មានអ្នកឆ្លងជិត១៥៩ ០០០ករណី ស្លាប់ជាង៤៥០០នាក់ និងសះស្បើយជាង៩ម៉ឺននាក់។
ឥណ្ឌូណេស៊ី ឈរលើក្នុងតារាងអ្នកឆ្លងនៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែតួលេខនៅថ្ងៃនេះ មិនប្រែប្រួលឡើយ ដោយមានអ្នកឆ្លងជាង៦ម៉ឺននាក់ ស្លាប់ជាង៣ពាន់នាក់ និងសះស្បើយជិត២៨០០០នាក់។ សិង្ហបុរី ដែលស្ថិតនៅចំណាត់ថ្នាក់លេខ២ មាន១៨៥ករណីបន្ថែមទៀត ដែលធ្វើឲ្យចំនួនសរុបឡើងដល់ជិត៤៥០០០ករណី ក្នុងនោះស្លាប់២៦នាក់ និងសះស្បើយជិត៤ម៉ឺននាក់។
ហ្វីលីពីនមានជាង៤ម៉ឺនករណី ប៉ុន្តែជាប្រទេសទីពីរក្នុងតំបន់ដែលមានអ្នកស្លាប់ច្រើនជាងគេ ពោលគឺជិត១៣០០នាក់ ក្នុងជាង១១០០០នាក់បានសះស្បើយ។ ម៉ាឡេស៊ីមាន១០ករណីទៀត ដែលធ្វើឲ្យចំនួនសរុបឡើងដល់ជិត៨៧០០នាក់ ក្នុងនោះស្លាប់១២១នាក់ និងសះស្បើយជិត៨៥០០នាក់។
ថៃ មាន៥ករណីបន្ថែម ដែលធ្វើឲ្យចំនួនសរុបឡើងដល់ជិត៣២០០នាក់ ដោយស្លាប់៥៨នាក់ និងសះស្បើយជាង៣ពាន់នាក់។ វៀតណាមមិនមានករណីស្លាប់ឡើយក្នុងចំណោម៣៥៥នាក់ករណី ហើយ១៥ករណីបន្តស្ថិតក្រោមការព្យាបាល។
មីយ៉ាន់ម៉ា មាន៣០៦ករណី ស្លាប់៦នាក់ និងសះស្បើយ២៣៧នាក់ ខណៈព្រុយណេ ទីម័រខាងកើត និងឡាវ មិនទាន់មានករណីឆ្លងបន្ថែមទៀតឡើយ។ ព្រុយណេ មាន១៤១ករណី ស្លាប់៣ ហើយក្រៅពីនោះ សុទ្ធតែសះស្បើយ។ ទីម័រខាងកើតមាន២៤ករណី និងឡាវមាន១៩ករណី ដែលសុទ្ធព្យាបាលសះស្បើយ។
កម្ពុជា មាន១៤១ករណី ដែលបច្ចុប្បន្ន១៣១ករណីករណីសះស្បើយ និង១០ករណីស្ថិតក្រោមការព្យាបាល។ ១០ករណីនោះ សុទ្ធតែជាជនជាតិខ្មែរ ដោយប្រុស៧នាក់ និងនារី១នាក់ បានវិលពីឥណ្ឌូណេស៊ី ដោយសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត និងបុរស២នាក់វិលពីម៉ាឡេស៊ីព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ៕
© រក្សាសិទ្ធិដោយ thmeythmey.com