អន្តរជាតិ
តារាចម្រៀង​អាមេរិក Kayne West ប្រកាស​ចូល​ប្រជែង​កៅអី​ប្រធានាធិបតី​
05, Jul 2020 , 1:59 pm        
រូបភាព
តារាចម្រៀងអាមេរិក Kayne West និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបភាព​ AFP
តារាចម្រៀងអាមេរិក Kayne West និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបភាព​ AFP
​តារាចម្រៀង​រ៉េ​ប​អាមេរិក Kayne West នៅ​ថ្ងៃទី​៤ ខែកក្កដា បានប្រកាស​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ដែល​ធ្វើ​នៅ​ខែវិច្ឆិកា​ខាងមុខ​។ Kayne West ជា​អ្នកគាំទ្រ​ម្នាក់​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប៉ុន្តែ​រូបគេ​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​រូបនេះ​ចូលរួម​ក្នុងការ​បោះឆ្នោត​ឡើយ​។

 
«​ឥឡូវនេះ យើង​ត្រូវតែ​ធ្វើ​ឲ្យ​លេច​ជា​រូបរាង​ការសន្យា​របស់​អាមេរិក​តាមរយៈ​ការជឿ​លើ​ព្រះ ប​ង្រួ​បង្រួម​ទស្សនៈ​របស់​យើង និង​ពូន​ជ្រំ​អនាគត​របស់​យើង​។​» តារាចម្រៀង​ស្បែក​ខ្មៅ​អាមេរិក Kayne West សរសេរ​បែបនេះ​នៅលើ​បណ្ដាញ​សង្គម Twitter របស់ខ្លួន​នៅ​ថ្ងៃទី​៤ ខែកក្កដា ពេល​ប្រកាស​ចូល​ប្រជែង​កៅអី​ប្រធានាធិបតី​អាមេរិក​។ 
យ៉ាងណាមិញ West មិនបាន​ប្រាប់​ឲ្យ​លម្អិត​ថា អ្វីដែល​ខ្លួន​ប្រកាស​នេះ ជា​រឿង​មែនទែន​ឡើយ ហើយក៏​មិន​បញ្ជាក់ថា បានដាក់​ពាក្យ​ជា​ផ្លូវការ​ដើម្បី​ឈរឈ្មោះ​ដែរ​។ សម្រាប់​បេក្ខជន​ឯករាជ្យ ការ​ឈរឈ្មោះ​នៅ​មិនទាន់​បិទ​នៅឡើយ​ទេ​។​ ​បើសិន​តារាចម្រៀង​រូបនេះ​ដាក់​លិខិត​មែន​នោះ រូបគេ​ត្រូវ​ប្រជែង​ជាមួយ​បេក្ខជន​បក្ស​ធំៗ​ទាំងពីរ គឺ​សាធារណរដ្ឋ និង​ប្រជាធិបតេយ្យ​។ លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​បច្ចុប្បន្ន នឹង​តំណាង​បក្ស​សាធារណរដ្ឋ ឯ​តំណាង​បក្ស​ប្រជាធិបតេយ្យ គឺ​លោក ចូ បៃ​ឌិន ប៉ុន្តែ​មិនទាន់​ទទួលបាន​ការតែងតាំង​ជា​ផ្លូវការ​ពី​បក្ស​នៅឡើយ​។​ ​ភ្លាមៗ​ក្រោយ​អ្នកចម្រៀង​រ៉េ​ប​ល្បីឈ្មោះ​រូបនេះ​ប្រកាស​ដំណឹង​ប្រជែង​កៅអី​ប្រធានាធិបតី មហាសេដ្ឋី​អាមេរិក និង​ម្ចាស់​ក្រុមហ៊ុន Tesla លោក Elon Musk ក៏​ប្រកាស​គាំទ្រ​ភ្លាម​ដែរ​។ ​គិត​ត្រឹម​ខែកក្កដា ការបោះឆ្នោត​អាមេរិក​នៅ​បួន​ខែ​ទៀត​ប៉ុណ្ណោះ​។ ប៉ុន្តែ​ការ​រាលដាល​ខ្លាំង​ជំងឺ COVID-19 ទំនងជា​បង្កបញ្ហា​ដល់​ការរៀបចំ​ការបោះឆ្នោត​លើក​នេះ ខណៈ​លោក បៃ​ឌិន មាន​សំឡេង​នាំមុខ​លោក ត្រាំ ក្នុង​ការស្ទង់មតិ​កន្ល​ង​មក​។ អាមេរិក កំពុង​គិតគូរ​រក​ផ្លូវ​ដើម្បី​ឲ្យ​ការបោះឆ្នោត​នេះ​ធ្វើឡើង​ដោយ​រលូន ក្នុងនោះ​ក៏មាន​ការបោះឆ្នោត​តាម​អ៊ីមែល​ផងដែរ​៕ ​

Tag:
 អាមេរិក​
  Kayne West
© រក្សាសិទ្ធិដោយ thmeythmey.com