ជាតិ
កាលពី​ឆ្នាំ​២០១៩ បទល្មើស​ដែល​យាយី​ដល់​សត្វ​ផ្សោត មាន​២៦៥​ករណី​
05, Jul 2020 , 2:41 pm        
រូបភាព
​ដោយ​៖ ខន ណា​រី​
 
​ផ្សោត ជា​សត្វ​ប្រភេទ​ថនិកសត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ដោយ​ចំនួន​មានការ​ថយចុះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំៗ​។ បច្ចុប្បន្ន ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ​មាន​ចំនួន​តែ ៨០ ក្បាល​ប៉ុណ្ណោះ​។ នេះ​បើតាម​លោក ទ្រី សុភ​ក្តិ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តក្រចេះ​។​

 
​នា​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្តក្រចេះ​» នៅ​ព្រឹក​ថ្ងៃទី ៣០ ខែមិថុនា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ បាន​គូសបញ្ជាក់ថា បទល្មើស​លើស​ត្វ​ផ្សោត​កាលពី​ឆ្នាំ​២០១៩ មាន​ចំនួន ២៦៥ ករណី ដោយ​៧៥​ភាគរយ​បន្ត​កើតមាន​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ដោយសារ​រដ្ឋបាលខេត្ត​បានដាក់​ផែនការ​យ៉ាង​តឹងតែង​ទើប​ពេលបច្ចុប្បន្ន​មានការ​ធូរស្បើយ​ច្រើន​។ 
 
​បើតាម លោក ទ្រី សុភ​ក្តិ សត្វ​ផ្សោត​ដែល​ស្លាប់​ទូទៅ មាន​ទម្ងន់​ជាង ១០០​គីឡូ និង​ប្រវែង ២​ម៉ែត្រ ទៅ ២,៥​ម៉ែត្រ​។  ផ្សោត​ដែល​ស្លាប់ មាន​មួយចំនួន​អាយុ​តិចពេក រីឯ​ខ្លះទៀត​មាន​វ័យ​ចំណាស់​។​
 
​បើតាម​អង្គការ WWF  យ៉ាងហោចណាស់​មាន​សត្វ​ផ្សោត​ចំនួន ៦​ក្បាល គិត​ជា​មធ្យម​គឺ ២,១ ភាគរយ សា្ល​ប់ ក្នុង​មួយឆ្នាំៗ ហើយ​ភាគច្រើន​គឺ​ដោយសារ​តែមាន​អាយុកាល​វែង និង​សកម្មភាព​របស់​មនុស្ស​»​។ ផ្សោត ត្រូវបាន​គេ​ចាត់ទុកជា​សត្វ​ដែល​ងាយ​នឹង​ផុត​ពូជ​បំផុត និង​ប្រឈម​ក្នុងការ​គំរាមកំហែង​។ 
 
​សត្វ​ផ្សោត​ទូទាំង​សាកល​មាន​ចំនួន ៧​ប្រភេទ ក្នុងនោះ ៤ ប្រភេទ​រស់នៅក្នុង​ទីជម្រក​ទឹកសាប និង ៣ ប្រភេទ​មាន​ទីជម្រក​នៅ​សមុទ្រ​ទឹកប្រៃ​។ នេះ​បើតាម​របាយការណ៍​រប​ស់​អង្គការ WWF ៕
 

Tag:
 ​ផ្សោត​
 ​ក្រចេះ​
© រក្សាសិទ្ធិដោយ thmeythmey.com