អន្តរជាតិ
ជប៉ុន៖ យ៉ាងហោចណាស់១៦នាក់ បាត់បង់ជីវិត ក្រោយភ្លៀងធ្លាក់ខ្លាំងបង្កជាការបាក់ដី និងជំនន់ រូបភាព AFP
× មនុស្សយ៉ាងហោចណាស់១៦នាក់ បានស្លាប់ក្រោយភ្លៀងធ្លាក់ខ្លាំងបង្កទៅជាការបាក់ដី និងទឹកជំនន់នៅភាគពាយព្យនៃកោះហុងស៊ូ។ នេះបើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងនៅថ្ងៃទី៥ ខែកក្កដា។ ក្រុមជួយសង្គ្រោះ កំពុងរុករកអ្នកបាត់ខ្លួននៅតាមអាគារដែលបាក់បែក។
ភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោងនៅតំបន់គូម៉ាមូតូដែលនៅភាគពាយព្យកោះហុងស៊ូ បានបង្កទៅជាទឹកជំនន់ដែលបានកម្ទេចផ្ទះជាច្រើនខ្នង រថយន្តជាច្រើនគ្រឿងក៏បានហូរតាមទឹក ខណៈស្ពានមួយចំនួនបានដួលរលំផងដែរ។ ទីក្រុង និងសហគមន៍ជាច្រើនក្នុងតំបន់ ត្រូវបានកាត់ផ្ដាច់ដោយប្រព័ន្ធធ្វើដំណើរនានា មិនអាចធ្វើទៅបាន។
មនុស្សច្រើនជាងពីរម៉ឺននាក់ ត្រូវបានបញ្ជាឲ្យភៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព ហើយអាជ្ញាធរក៏បានទទូចឲ្យប្រជាជនលាងដៃឲ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពដើម្បីបញ្ចៀសការឆ្លងជំងឺ COVID-19 ។ រដ្ឋមន្ត្រីគ្រប់គ្រងមហន្តរាយជប៉ុន Ryota Takeda បានប្រាប់អ្នកកាសែតពេលចុះត្រួតពិនិត្យស្ថានការណ៍ក្នុងទីក្រុងហ៊ីតុយ៉ូស៊ី ថា រដ្ឋាភិបាលនឹងធ្វើគ្រប់យ៉ាងដើម្បីបញ្ចៀសការឆ្លង និងជួយសម្រួលការរស់នៅរបស់អ្នកភៀសខ្លួន។
ទូរទស្សន៍ជប៉ុន NHK ផ្សាយថា មកទល់ពេលនេះ មនុស្សយ៉ាងតិច១៦នាក់ បានបាត់បង់ជីវិត។ មនុស្ស២០នាក់ស្ថិតក្នុងសភាពមិនបេះដូងមិនដើរ ដែលជាស្ថានភាពមួយត្រូវបានប្រើមុនពេលពួកគេត្រូវបានប្រកាសថាស្លាប់។ ១៤នាក់ក្នុងចំណោមអ្នកស្លាប់១៦នាក់នេះ ជាអ្នករស់នៅក្នុងមណ្ឌលថែទាំមួយដែលត្រូវបានទឹកលិចក្រោយការបាក់ច្រាំងទន្លេមួយនៅថ្ងៃទី៥ ខែកក្កដា។
ខណៈភ្លៀងបានធូរស្បើយនៅព្រឹកថ្ងៃដដែល ការធ្វើដំណើរនៅតែមិនទាន់អាចធ្វើបាន ឬជួបបញ្ហរាំងស្ទះ ខណៈដែលស្ពានជាច្រើនកន្លែងរងការបំផ្លាញ ហើយផ្លូវជាច្រើនខ្សែត្រូវកាត់ផ្ដាច់ដោយសារទឹកជំនន់ និងបំណាក់ដី។ ក្រុមជួយសង្គ្រោះមានទាំងស៊ីវិល និងយោធាស្វ័យការពារផងនោះ ត្រូវបានទូក ឬឧទ្ធម្ភាគចក្រដើម្បីទៅដល់គោលដៅសង្គ្រោះ។ អ្វីដែលគួរឲ្យបារម្ភនោះ ភ្លៀងនឹងធ្លាក់កាន់តែខ្លាំងនៅល្ងាចថ្ងៃដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com