អន្តរជាតិ
ចិន៖ កត្តាធំ បង្កឲ្យសមុទ្រចិនខាងត្បូងអស្ថិរភាព គឺការបង្អួតសាច់ដុំយោធារបស់ប្រទេសក្រៅតំបន់ អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian
× រដ្ឋាភិបាលក្រុងប៉េកាំង បានថ្លែងប្រតិកម្មមួយឆ្លើយតបនឹងការរិះគន់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនពាក់ព័ន្ធនឹងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។ ក្រុងប៉េកាំង អះអាងថាសកម្មភាពរបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូង មិនខុសច្បាប់ ហើយក៏មិនបានបង្កអស្ថិរភាពដល់តំបន់ផងដែរ ។
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃទី៣ ខែកក្កដាកន្លងទៅ អ្នកសារព័ត៌មានចោទសួរអ្នកនាំពាក្យ របស់ក្រសួងការបរទេសចិនថា តើ ចិន យល់ឃើញបែបណាចំពោះការថ្លែងការណ៍របស់ក្រសួងការពារជាតិអាមេរិក ក៏ដូចជាវៀតណាម និងហ្វីលីពីន ដែលបានលើកឡើងថា សមយុទ្ធយោធារបស់ចិនក្នុងសមុទ្រចិនខាងត្បូង អាចបង្កឲ្យមានភាពតានតឹងនៅក្នុងតំបន់នោះ។
«សមយុទ្ធយោធាក្នុងដែនសមុទ្ររបស់ចិន បានធ្វើឡើងក្នុងដែនអធិបតេយ្យ និងតំបន់ក្បែររបស់ចិននោះទេ។ មូលដ្ឋានដែលបង្កឲ្យមានអស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង គឺបណ្តាលមកពីសកម្មភាពយោធាទ្រង់ទ្រាយធំ និងការព្យាយាមបង្អួតសាច់ដុំយោធារបស់បណ្តាប្រទេសក្រៅតំបន់ ដែលមានចម្ងាយរាប់ពាន់ម៉ៃពីតំបន់នោះទេ។» នេះ គឺជាចម្លើយដ៏ខ្លីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian នៅនឹងវេទិកាដដែលនោះ។
បើតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃ២ កក្កដា របស់ក្រសួងការពារជាតិអាមេរិក ចិន កំពុងតែធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅក្បែរតំបន់ប្រជុំកោះប៉ារ៉ាស្សែល នៃសមុទ្រចិនខាងត្បូង ដែលចាប់ផ្តើមពីថ្ងៃទី១ដល់ថ្ងៃទី៥ កក្កដា។ សម្រាប់ក្រសួងការពារជាតិអាមេរិក សកម្មភាពយោធារបស់ចិនបែបនេះ គឺជាការបង្កឲ្យមានអស្ថិរភាពក្នុងតំបន់ដែលមានវិវាទស្រាប់សមុទ្រចិនខាងត្បូង និងថែមទាំងផ្ទុយទៅនឹងស្មារតីឯកភាពគ្នារវាងចិន និអាស៊ានទៀតផង។
ក្នុងសេចក្តីថ្លែងការណ៍ដដែល ក្រសួងការពារជាតិអាមេរិក ក៏បានអះអាងក្នុងការបន្តតាមដានស្ថានភាព ដោយរំពឹងថា ចិន នឹងកាត់បន្ថយសកម្មភាពយោធូបនីយកម្ម និងការគំរាមកំហែងទៅលើបណ្តាប្រទេសជិតខាងក្នុងសមុទ្រចិនខាងត្បូង និងទទូចឲ្យភាគីពាក់ព័ន្ធអត់ធ្មត់ និងចៀសវាងការធ្វើសកម្មភាពយោធា ដែលអាចបង្កឲ្យជម្លោះក្នុងសមុទ្រចិនខាងត្បូងផងដែរ៕
Tag:
ចិន
អាមេរិក
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com