ជាតិ
ទោះបច្ចុប្បន្ន របរតម្បាញសូត្រមិនសូវបានចំណូលខ្ពស់ តែអ្នកស្រី គង់ សុខនី មិនបោះបង់ចោលឡើយ
×
ដោយ៖ ខន ណារី
ព្រោះការស្រលាញ់ និងចង់អភិរក្សមុខរបរតម្បាញសូត្រខ្មែរ អ្នកស្រី គង់ សុខនី ចាប់ផ្ដើមរៀនតម្បាញបន្តពីជីដូន និងម្ដាយរបស់ខ្លួនតាំងពីអាយុ១១ឆ្នាំមក។ បើទោះបីត្រូវចំណាយពេលយូរបន្តិច ក្នុងការត្បាញ ប៉ុន្តែអ្នកស្រីមិនគិតចង់បោះបង់មុខរបរនេះឡើយ ព្រោះតែការស្រលាញ់ និងចង់អភិរក្សមុខរបរបែបប្រពៃណីនេះ។
ស្ថិតក្នុងចំណោមស្ត្រីជាច្រើនក្នុងសហគមន៍ «ស្ត្រីមេម៉ាយ និងក្មេងកំព្រា» មានទីតាំងនៅភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល អ្នកស្រី សុខនី វ័យ ៤០ឆ្នាំ បានប្រាប់ ThmeyThmey25 ថាក្នុងរយៈពេល ១ ខែ អ្នកស្រីអាចត្បាញសូត្របានចំនួន ៣ ក្បិន ហើយក្នុង ១ ក្បិនទទួលបានប្រាក់ ៦០ដុល្លារ (ជាតម្លៃដែលសហគមន៍ផ្ដល់ឲ្យ) ហើយក្នុងមួយខែអ្នកស្រីអាចទទួលបានប្រាក់ចំណូលខ្ពស់បំផុតត្រឹម ២០០ដុល្លារ។ វិបត្តិកូវីដ-១៩ ធ្វើឲ្យអ្នកស្រីបាត់បង់ចំណូលដោយសារសហគមន៍ផ្អាកមួយរយៈ។
អ្នកស្រីសុខនីកំពុងតម្បាញ
អ្នកស្រីបានបន្តថា៖«មុននឹងចូលក្នុងសហគមន៍អ្នកស្រីបានប្រកបរបរត្បាញសូត្រនៅផ្ទះចំនួន៧ឆ្នាំ ប៉ុន្តែដោយសារមិនសូវមានទីផ្សារ ទើបអ្នកស្រីសម្រេចចិត្តចូលក្នុងសហគមន៍តម្បាញស្ត្រីមេម៉ាយ និងក្មេងកំព្រាហើយបើទោះបីប្រាក់ចំណូលដែលទទួលបានមិនសូវច្រើនក៏ពិតមែន តែអ្នកស្រីមិនដែលគិតចង់បោះបង់នោះទេ»។ បន្ថែមលើនោះ អ្នកស្រីបានបង្ហាញពីបញ្ហាប្រឈមដែលបានជួបប្រទះ ដោយសារការងារតម្បាញត្រូវប្រើពេលយូរ ទាមទារអោយមានការអត់ធ្មត់ខ្ពស់ជាដើម។
សិប្បកម្មតម្បាញសូត្រខ្មែរជាមុខរបរបែបប្រពៃណី ជាមុខរបរពេញនិយមសម្រាប់ប្រជាជាជនខ្មែរពីដើម ប៉ុន្តែបច្ចុប្បន្នគេសង្កេតឃើញថាមុខរបរបែបប្រពៃណីនេះមានការធ្លាក់ចុះ ដោយសល់តិចតួចប៉ុណ្ណោះនៅតាមតំបន់មួយចំនួន ហើយក៏បានក្លាយជាការគំរាមគំហែងគួរឲ្យព្រួយបារម្ភអាចប្រឈមទៅនឹងការបាត់បង់ បើសិនមិនមានវិធានការជាក់លាក់ណាមួយនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com