កីឡាជាតិ
ជាតិ
កីឡាការិនីតេក្វាន់ដូ ITF យ៉ុន សុគន្ធកញ្ញា ស្លាប់ក្នុងឧបទ្ទវហេតុភ្លើងឆេះផ្ទះ កីឡាការិនី_យ៉ុន_សុគន្ធកញ្ញា_លើកបង្ហាញមេដាយ_ដែលដណ្តើមបានក្នុងការប្រកួតកន្លងមក
× កីឡាការិនីតេក្វាន់ដូ ITF យ៉ុន សុគន្ធកញ្ញា ស្លាប់ក្នុងវ័យ១៨ឆ្នាំក្នុងឧបទ្ទវហេតុភ្លើងឆេះផ្ទះនៅរសៀលថ្ងៃទី៥ កក្កដា ឆ្នាំ២០២០។ កីឡាការិនីរូបនេះធ្លាប់ចូលរួមការប្រកួតជើងឯកថ្នាក់ជាតិ និងកីឡាជាតិ និងបានសាងសា្នដៃជាច្រើនជូនខេត្តកំពង់ស្ពឺ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ាល់ ជីវ័ន គ្រូបង្វឹកក្រុមយុវជនថ្នាលកីឡាតេក្វាន់ដូ ITF។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតពីស្នាដៃទាំងនោះឡើយ។
លោក ប៉ាល់ ជីវ័ន បានបញ្ជាក់ថា កញ្ញា យ៉ុន សុគន្ធកញ្ញា បានស្លាប់នៅក្នុងបន្ទប់ដោយសារថប់ផ្សែង និងកំដៅភ្លើង ក្រោយនាងព្យាយាមរកច្រកចេញ តែចេញពុំរួចដោយសារភ្លើងឆេះខ្លាំងពេក។ ឧបទ្ទវហេតុភ្លើងឆេះផ្ទះនេះ បានកើតឡើងនៅវេលាម៉ោង១រសៀលស្ថិតក្នុងភូមិភ្នំដី ឃុំច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលជាស្រុកកំណើតរបស់កីឡាការិនីរូបនេះ។
សពរបស់យុវសិស្ស យ៉ុន សុគន្ធកញ្ញា កំពុងតម្កល់ធ្វើបុណ្យនៅទីតាំងកើតហេតុខាងលើ។ បើតាមលោក ជីវ័ន នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF នឹងដឹកនាំប្រតិភូកីឡាតេក្វាន់ដូ ITF ទៅគោរពវិញ្ញាណក្ខន្ធ និងយកថវិកាមួយចំនួនរបស់ថ្នាក់ដឹកនាំទៅចូលបុណ្យសពរបស់កីឡាការិនីរូបនេះ៕
Tag:
តេក្វាន់ដូ ITF
យ៉ុន សុគន្ធកញ្ញា
© រក្សាសិទ្ធិដោយ thmeythmey.com